ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! គន្លឹះ​លាង​សម្អាត​ស្បែ​កមុខ ដោយ​មិនបាច់​ប្រើ​សាប៊ូ​
08, Nov 2020 , 6:59 am        
រូបភាព
​ដើម្បី​លាង​សម្អាត​មុខ​តាមរបៀប​ធម្មជាតិ គឺ​មានន័យថា​អ្នក​កំពុង​ចៀសវាង​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​មុខ​ដែល​ផ្ទុក​សារធាតុ​គីមី​។  ដូច្នេះ​ថា​តើ​ក្រៅពី​សាប៊ូ ឬ​ហ្វូ​ម​លាង​សម្អាត​មុខ​ដែលមាន​ផ្ទុក​សារធាតុ​គីមី អ្នក​អាច​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​អ្វី​ដើម្បី​សម្អាត​និង​រក្សា​សំណើម​ស្បែ​កមុខ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​រូបមន្ត​ធម្មជាតិ​លាង​សម្អាត​ស្បែ​កមុខ ៖

 
១. ទឹកដោះគោ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកដោះគោឆៅ ឬ​ស្រស់​លើ​ស្បែ​កមុខ ហើយ​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ជាមួយ​ទឹកដោះគោ​ស្រស់ ២ ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​ដែល​សម្អាត​ស្អាត ហើយ​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី មុននឹង​លាង​សម្អាត​ចេញ​។​
 
២. ស្ករស​
 
​លាយ​ស្ករស​ម៉ដ្ឋ​ជាមួយ​ប្រេង​អូ​លីវ ឬ​ប្រេងដូង ឬ​ទឹក​ធម្មតា​ក៏​បានឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​ស្បែក​មុខមុន​ពេល​លាង​សម្អាត​ចេញ​។​
 
៣. ល្ហុង​
 
​ជាដំបូង​ត្រូវ​លាយ​សាច់​ល្ហុង​ទុំ​ម៉ដ្ឋ​ជាមួយ​ទឹកឃ្មុំ​ធម្មជាតិ​សិន សឹម​ប្រើប្រាស់​ជា​ម៉ា​សលាប​លើ​ស្បែ​កមុខ​។ រងចាំ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​។​
 
៤. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចាក់​ប្រេងដូង​លើ​បាតដៃ​និង​ញី​បន្តិច​សិន​ដើម្បី​កម្ដៅ រួច​លាប​ម៉ាស្សា​ដុស​ថ្នមៗ​លើ​ស្បែ​កមុខ​ក្នុង​ចលនា​បែប​រង្វង់​សម្រាប់​រយៈពេល ១ នាទី​។ ត្រាំ​ក្រណាត់​ស្អាត​មួយ​ក្នុង​ទឹក​ក្ដៅ បន្ទាប់មក​ពូត​ទឹក​ចេញ​មុននឹង​យកមក​ជូត​សម្អាត​មុខ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com