ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងតំណាងអង្គការយូនីសេហ្វ បានចែកចាយបណ្ណផ្សព្វផ្សាយស្តីការបង្ការជំងឺកូវីដ១៩ ជិះតាមរ៉ឺម៉កកង់៣នៅតាមមូលដ្ឋានសង្កាត់នានា ដើម្បីផ្តើមយុទ្ធនាការផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩។
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញដែលមានវត្តមាននៅក្នុងពិធីបើកយុទ្ធនាការនេះ បញ្ជាក់ប្រាប់អង្គពិធីថា នេះមិនមែនជាសកម្មភាពលើកដំបូងរបស់សាលារាជធានីក្នុងការងារបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីឡើយ។ លោកបន្តថា កិច្ចសហការរួមគ្នាជាមួយអង្គការយូនីសេហ្វក្នុងកិច្ចការនេះ ក៏មិនមែនជាលើកទីមួយដែរ ចាប់តាំងពីមានករណីនាំចូលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នៅពេលដែល កម្ពុជាហាក់ទទួលបានជោគជ័យច្រើននៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ដោយសារតែមានករណីឆ្លងតិចនោះ លោកអភិបាលរងមើលឃើញពីចំណុចល្អចំនួន៣ដែលកម្ពុជាបានធ្វើ។
លោក នួន ផារ័ត្ន បានពន្យល់យ៉ាងដូច្នេះថា៖«ទីមួយ ក៏ព្រោះប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយ៉ាងត្រឹមត្រូវនូវបច្ចេកទេស និងនយោបាយ។ ទីពីរ មន្ត្រី អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់បានប្រឹងប្រែងចូលរួមអនុវត្ត និងទី៣ គឺការចូលរួមរបស់ពលរដ្ឋ ការយល់ដឹងរបស់ពលរដ្ឋ។ បញ្ហាកូវីដ ជារឿងទាំងអស់គ្នា។ មិនមែនរឿងរបស់ប្រុសស្រី ក្មេងចាស់។ បើមានម្នាក់ឆ្លង គឺឆ្លងចូលផ្ទះ ហើយវាអាចឆ្លងចូលសហគមន៍…»។
លោក នួន ផារ័ត្ន ក៏បានលើកឡើងប្រៀបធៀបគ្នាផងដែរអំពីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ នៅអឺរ៉ុបដែលមានប្រទេសមួយចំនួនបានបិទប្រទេសឡើងវិញ និងប្រទេសនៅក្នុងតំបន់ដូចជា ឥណ្ឌូណេស៊ី ភូមា ម៉ាឡេស៊ី ជាដើម ដែលមានករណីឆ្លងរាប់ម៉ឺនករណី និងករណីស្លាប់ជាច្រើនរយ និងច្រើនពាន់នាក់នោះ។ លោកអភិបាលរងសាលារាជធានីរំឭកឡើងវិញថា ករណីរកឃើញជំងឺកូវីដ១៩ ចំនួន ២៩៦ករណីនៅកម្ពុជា ដែលក្នុងនោះ ជាង១៨០នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សុទ្ធតែជាករណីនាំចូលប៉ុណ្ណោះ។
«មកដល់ពេលនេះ នៅលើពិភពលោកមានករណីឆ្លងសរុបជិត ៥០លាននាក់ និងករណីស្លាប់ ១លាន២សែននាក់។ ពិភពលោក ដែលក្នុងនោះមានកម្ពុជាយើងដែរ កំពុងតែនៅក្នុងសង្គ្រាមប្រឆាំងជំងឺកូវីដ-១៩។ សូមយើងម្នាក់ៗចូលរួមដើម្បីខ្លួនឯង។ យើងអាចទប់ស្កាត់កូវីដបាន យើងនឹងរក្សាអាជីវកម្មបាន។ ការប្រឹងប្រែងរបស់យើងចប់ គឺនៅពេលដែលកូវីដចប់ដែរ។»។ នេះជាការដាស់តឿនរបស់លោកអភិបាលរង នួន ផារ័ត្ន នៅចំពោះមុខអ្នកចូលរួម ជាពិសេសអ្នករត់រ៉ឺម៉កកង់៣ ដែលត្រូវបិទផ្ទាំងអប់រំជាច្រើននៅលើយាន្តរបស់ពួកគេ។
លោក ហ៊ាង ផាត ដែលជាអ្នកឯកទេសកម្មវិធីអភិវឌ្ឍតំបន់ទីក្រុងនៃអង្គការយូនីសេហ្វ បានគាំទ្រការយល់ឃើញរបស់លោក នួន ផារ័ត្ន ដែលលើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងពលរដ្ឋទាំងអស់បន្តរួមគ្នាអនុវត្តវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។
តំណាងអង្គការយូនីសេហ្វបានបញ្ជាក់ប្រាប់អង្គពិធីបន្ថែមថា ការទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗដោយខ្លួនឯង ដោយមិនអាចមានអ្នកណាធ្វើជំនួសបាន។
នៅក្នុងពិធីផ្តើមយុទ្ធនាការផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ក៏មានការចូលរួមរបស់លោក មាន ចាន់យ៉ាដា ដែលជាអភិបាលរងសាលារាជធានីភ្នំពេញ និងជាតំណាងលោកអភិបាលនៃសាលារាជធានី។
ថ្លែងទៅកាន់អ្នកចូលរួម លោក មាន ចាន់យ៉ាដា បានលើកឡើងថា ការទប់ស្កាត់ការបាននូវឆ្លងរាលដាលនៃជំងឺកូវីដនៅកម្ពុជា ផ្អែកលើកត្តា៤យ៉ាងគឺ៖ ការឃើញករណីបានលឿន ការបញ្ជូនព្យាបាលបានលឿន ការធ្វើចត្តាឡីស័កបានបានលឿន និងប្រព័ន្ធរាយការណ៍លឿន។ អភិបាលរងសាលារាជធានីរូបនេះ ក៏បានថ្លែងអំណរគុណម្ចាស់រ៉ឺម៉កកង់បីដែលជាតួអង្គអនុវត្តការផ្សព្វផ្សាយជាប្រចាំនៅតាមសង្កាត់ទាំង១០៥នៅក្នុងរាជធានីផងដែរ៕