អន្តរជាតិ
លោក បៃ​ឌិន​៖ យើង​នឹង​ឈ្នះ​ការប្រកួត​នេះ
07, Nov 2020 , 3:59 pm        
រូបភាព
បេក្ខជនប្រធានាធិបតីអាមេរិក ចូ បៃឌិន ថ្លែងសារពីរដ្ឋ Delaware ។
បេក្ខជនប្រធានាធិបតីអាមេរិក ចូ បៃឌិន ថ្លែងសារពីរដ្ឋ Delaware ។
​ការរាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ​សំខាន់ៗ​ចំនួន​៤ កំពុង​ធ្វើឡើង​នៅឡើយ បី​ថ្ងៃក្រោយ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន មាន​ទំនុកចិត្ត​ថា លោក​នឹង​ឈ្នះ​ការបោះឆ្នោត​នេះ នៅពេលដែល​លោក ដូ​ណា​ល់ ត្រាំ ត្រៀម​ប្ដឹង​ទៅកាន់​តុលាការ​កំពូល​នោះ​។ ជាមួយនឹង​ក្ដីសង្ឃឹម​កាន់តែ​ខិត​មកដល់ លោក បៃ​ឌិន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​រួបរួមគ្នា​។​

 
​លោក ចូ បៃ​ឌិន បាន​ថ្លែង​សុន្ទរកថា​មួយ​នៅ​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា (​ម៉ោង​អាមេរិក​) ពី​រដ្ឋ​កំណើត Delaware ខណៈ​លោក​កំពុង​នាំមុខ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​។ លោក បៃ​ឌិន ដែលជា​អនុ​ប្រធានាធិបតី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​សុ​ទិ​ដ្ឋ​និយម​ច្រើន​ក្នុងការ​ទទួលបាន​ជោគជ័យ​។ 
 
​ការរាប់​សន្លឹកឆ្នោត​កំពុង​ធ្វើឡើង​នៅ​រដ្ឋ​សំខាន់ៗ​ចុងក្រោយ​ដូចជា Pennsylvania, Georgia, Nevada និង North Carolina ជាដើម ហើយ​លទ្ធផល​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP បង្ហាញថា លោក បៃ​ឌិន នាំមុខ​លោក ត្រាំ ។ បេក្ខជន​មកពី​បក្ស​ប្រជាធិបតេយ្យ​ដែលមាន​ចំនួន​ប្រតិភូ​២៦៤​នាក់​ក្នុង​ដៃ​ស្រាប់​នោះ ត្រូវការ​ជ័យជម្នះ​ណាមួយ​ក៏បាន​ក្នុងចំណោម​រដ្ឋ​ទាំង​បួន​ខាងលើ ព្រោះ​បេក្ខជន​ពីរ​ត្រូវបាន​ចំនួន​ប្រតិភូ​២៧០ ប៉ុណ្ណោះ ដើម្បី​ឈ្នះ​។​
 
​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន លោក បៃ​ឌិន នៅតែ​ជឿថា លោក​នឹង​ឈ្នះ​ដោយ​សំឡេង​ភាគច្រើន ប៉ុន្តែ​លោក​ក៏​នៅ​មិនទាន់​ប្រកាស​ជោគជ័យ​ដដែល ដោយ​រង់ចាំ​លទ្ធផល​ផ្លូវការ​សិន​។ លើសពីនោះ លោ​កក​រ៏​រំពឹងថា អាច​ឈ្នះ​ចំនួន​ប្រតិភូ​លើស​៣០០​នាក់​ផងដែរ​។  
 
«​តួលេខ​ប្រាប់​យើង​ច្បាស់​និង​គួរ​ឲ្យ​ជឿ គឺ​យើង​នឹង​ឈ្នះ​ការប្រកួត​នេះ​។​» លោក បៃ​ឌិន បញ្ជាក់​បែបនេះ ហើយ​បន្ថែមថា លោក​ឈ្នះ​លោក ត្រាំ ច្រើនជាង​បួន​លាន​សំឡេង ហើយ​គម្លាត​ក៏​កាន់តែ​រីក​ធំ​ជា​លំដាប់​ដែរ​។ 
 
​ការរាប់​សន្លឹកឆ្នោត បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​ក្រោយ​ការបោះឆ្នោត ដោយ​លោក ត្រាំ ចង់​ឲ្យ​បញ្ឈប់​ការរាប់​សន្លឹកឆ្នោត​ដែល​មកដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​។ សន្លឹកឆ្នោត​ទាំងនោះ ជា​សន្លឹកឆ្នោត​ដែល​បោះ​មុន​ថ្ងៃទី​៣ វិច្ឆិកា និង​សន្លឹកឆ្នោត​បោះ​តាម​ប្រៃសណីយ៍ ហើយ​ដែល​គេ​ជឿថា ជា​សន្លឹកឆ្នោត​គាំទ្រ​លោក បៃ​ឌិន ។ បណ្ដឹង​របស់​បក្ស​សាធារណរដ្ឋ​ដែល​ស្នើ​ឲ្យ​បញ្ឈប់​ភ្លាមៗ​ការរាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ Pennsylvania ត្រូវបាន​តុលាការ​កំពូល​ទាត់ចោល​៕
 
 

Tag:
 ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com