COVID-19
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់ជំនួយ​ជិត​២៣០​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​COVID-19
07, Nov 2020 , 4:29 pm        
រូបភាព
 លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​។​
លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​។​
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​២៥,៣​ពាន់​យ៉េន​(​ប្រមាណ​២២៩,៧​លាន​ដុល្លារ​អាមេរិក​)​ដល់ កម្ពុជា សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ ជាពិសេស គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទិ​៦​វិច្ឆិកា ឆ្នាំ​២០២០​។​

 
​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ក្នុងចំណោម​ថវិកា​ទាំង​ជិត​២៣០​លាន​ដុល្លារ​នេះ មាន​២,៧​លាន​ដុល្លារ ជា​ជំនួយឥតសំណង សម្រាប់​គាំទ្រ​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​ផ្តល់ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទិញ​សម្ភារ​។ កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​របស់​អង្គភាព​ខាងលើ តាមរយៈ​ការផ្តល់​សម្ភារ យានយន្ត​សម្រាប់​ការពារ​សន្តិសុខ​ដើម្បី​ទុក​ការពារ​គណៈប្រតិភូ និង​ម៉ាស៊ីន​ត្រួតពិនិត្យ​កាំរស្មីអ៊ិច​សម្រាប់​ប្រើប្រាស់​នៅតាម​ព្រំដែន​គោក​។ 
 
​ដោយឡែក ថវិកា​ចំនួន​២២៧​លាន​ដុល្លារ​ទៀត ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ឱ្យ​កម្ពុជា​នោះ គឺជា​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។ តាមរយៈ​សហ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(IMF) ឥណទាន​នេះ នឹង​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រក្សា​លំនឹងភាព​សកម្មភាព​នៃ​សេដ្ឋកិច្ច​និង​សង្គម និង​ការពារ​កិច្ច​គាំពារ​សង្គម​។  
 
​សម្រាប់​ឥណទាន​នេះ​គឺ​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៤៥​លាន​ដុល្លារ កន្លងមក ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប​។ បើតាម​ស្ថាន​ទូច​ជប៉ុន​ប្រចាំ​កម្ពុជា​៕ 
 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com