អន្តរជាតិ
បោះឆ្នោត​មី​យ៉ាន់​ម៉ា​៖ ការ​វាស់​ប្រជាប្រិយភាព​ការដឹកនាំ​របស់លោក​ស្រី ស៊ូ​ជី ៥​ឆ្នាំកន្លងមក​
07, Nov 2020 , 10:29 pm        
រូបភាព
​មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ការបោះឆ្នោត​សភា​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ស្អែក​នេះ​។ នេះ​ជាការ​បោះឆ្នោត​លើក​ទី​ពីរ​ដែល​រៀបចំ​ក្រោយ​ការ​ផុតរលត់​ទៅ​របប​ដឹកនាំ​យោធា ដែល​នៅតែមាន​ឥទ្ធិពល​ខ្លាំង​លើ​ឆាកនយោបាយ​។ បក្ស​ប្រជាធិបតេយ្យ​សេរី (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី រំពឹងថា នឹង​បន្ត​ឈ្នះឆ្នោត​សំឡេង​ភាគច្រើន​ក្នុង​សភា​ដើម្បី​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​។ ការបោះឆ្នោត​លើក​នេះ ក៏​ជា​ការស្ទង់មតិ​លើ​ការដឹកនាំ​របស់លោក​ស្រី ស៊ូ​ជី នៅ​៥​ឆ្នាំកន្លងមក​។​

 
​ប្រជាជន​មី​យ៉ាន់​ម៉ា​ច្រើនជាង​៣៧​លាន​នាក់ មាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា​។ បក្សនយោបាយ​៩០ ចូលរួម​ក្នុងការ​បោះឆ្នោត​ដើម្បី​ដណ្ដើម​កៅអី​សភាជាតិ​ទាំងពីរ​ថ្នាក់ និង​សភា​តំបន់​។ បក្សសម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ក្រោម​ការដឹកនាំ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​មើលឃើញថា នឹង​ឈ្នះ​ការបោះឆ្នោត​ជា​លើក​ទី​ពីរ ក្រោយ​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​កាលពី​ឆ្នាំ​២០១៥ ម្ដង​ហើយ​។ 
 
​ខណៈ​បក្ស​កាន់អំណាច ទំនងជា​មិនអាច​ទទួលបាន​កៅអី​សភា​ច្រើន​ដូច​ឆ្នាំ​២០១៥ លោកស្រី ស៊ូ​ជី ដែល​មិនអាច​អង្គុយ​កៅអី​ប្រធានាធិបតី​បាន និង​ដឹកនាំ​ប្រទេស​តាមរយ​តំណែង​ទីប្រឹក្សា​រដ្ឋ នៅតែ​ជា​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ដដែល​។ មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​រឹងមាំ ពិសេស​ក្នុងចំណោម​ជនជាតិ​ភូមា​ភាគច្រើន នឹង​ជួយ​បក្ស NLD ក្នុងការ​បោះឆ្នោត​លើក​នេះ​។ ចំណែក​កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក៏​រង​ការ​រិះគន់ថា ធ្វើទុក្ខបុកម្នេញ​អ្នក​រិះគន់​ខ្លាំងក្លា​ដែរ​។​
 
​លើសពីនោះ រដ្ឋាភិបាល​របស់លោក​ស្រី ស៊ូ​ជី ក៏​បាត់បង់​ទំនុកចិត្ត​ពី​ក្រុម​ជនភាគតិច ព្រោះ​មិនអាច​ទប់ស្កាត់​យោធា​ពី​ការធ្វើ​ប្រតិបត្តិការ​ទល់នឹង​ក្រុម​ជនភាគតិច​ប្រដាប់អាវុធ​បាន​។ កន្លងទៅ បក្ស​ជនជាតិភាគតិច ក៏​ផ្ដល់​ការគាំទ្រ​ខ្លាំង​ដល់​បក្ស​លោកស្រី ស៊ូ​ជី ក្នុង​សភា​ដែរ​។ 
 
​គូប្រជែង​ធំ​របស់​បក្ស NLD គឺ​បក្ស​សាមគ្គី​និង​អភិវឌ្ឍ​សហភាព​ដែល​គាំទ្រ​ដោយ​យោធា​។ បក្សប្រឆាំង​ដ៏​ធំ​នេះ មាន​ធនធាន​ច្រើន និង​មានការ​រៀបចំ​បានល្អ ព្រោះ​មាន​មេដឹកនាំ​យោធា​នៅ​ពី​ក្រោយខ្នង​។ ទោះ​មិនអាច​ដណ្ដើម​កៅអី​សភា​ដើម្បី​ដឹកនាំ​ប្រទេស បក្ស​នេះ​ក៏​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លើង​មិន​ឲ្យ​បក្ស NLD ចេះ​សេះ​លែងដៃ​ដែរ​។​
 
​សូមបញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា និយាយ​ដោយឡែក​សភា​ថ្នាក់ជាតិ​ទាំងពីរ​ថ្នាក់ កៅអី​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​៧៥​ភាគរយ​នៃ​កៅអី​សរុប​ប៉ុណ្ណោះ ដោយ​២៥​ភាគរយ​ទៀត ត្រូវ​ទុក​ឲ្យ​យោធា​តាម​ការកំណត់​របស់រ​ដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​២០០៨​។ កាលពី​ឆ្នាំ​២០១៥ បក្ស NLD ឈ្នះឆ្នោត​ដោយ​សំឡេង​លើសលុប​៕
 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com