ជាតិ
កសិករ​ជាង ១​ម៉ឺន​៧​ពាន់​នាក់ នៅ​ខេត្តពោធិ៍សាត់​ទទួលបាន​ពូជស្រូវ និង​ស្បៀង​
07, Nov 2020 , 10:59 pm        
រូបភាព
រូបភាព ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាព ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រដ្ឋាភិបាល បានចាប់ផ្ដើម​ចុះ​ចែក​ពូជស្រូវ និង​ស្បៀង​ដល់​ប្រជាកសិករ​ចំនួន ១៧,៣០៦​គ្រួសារ នៅ​ខេត្តពោធិ៍សាត់ ដើម្បី​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ ក្រោយ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។ ពិធី​ចែក​ពូជស្រូវ​នេះ ប្រព្រឹត្តទៅ​នៅ​ទីតាំង​ចំនួន ២ នៅក្នុង​ខេត្តពោធិ៍សាត់ ដោយមាន​ការចូលរួម​ពី​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ឲ្យ​សម្ដេច ហ៊ុន សែន​។​

 
​ពិធី​ចែក​គ្រាប់​ពូជស្រូវ និង​ស្បៀង​ដល់​ប្រជាពលរដ្ឋ​នា​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​៧ វិច្ឆិកា​នេះ បានរៀបចំ​នៅ​ទីតាំង​ចំនួន ២ គឺ​ពហុ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់ និង​វិទ្យាល័យ​អូរ​តាប៉ាង សរុប​ចំនួន ១៧, ៣០៦​គ្រួសារ​។ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​វត្តមាន​សម្ដេច ហ៊ុន សែន បាន​លើកឡើងថា​៖ «​ការចុះ​ចែក​គ្រាប់​ពូជស្រូវ និង​ស្បៀង​ដល់​កសិករ​នៅពេលនេះ គឺ​ដើម្បី​ស្ដារឡើងវិញ​នូវ​ផលប៉ះពាល់​ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់​»​។ បើតាម​លោក ហ៊ុន ម៉ា​ណែ​ត រដ្ឋាភិបាល នឹង​បន្ត​ចុះ​ចែក​គ្រាប់ពូជ​ស្រូវ​ដល់​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ខេត្ត​មួយចំនួនទៀត ដែល​ជួប​គ្រោះទឹកជំនន់​នាពេល​កន្លងមក​។ 
 


​ប្រជាកសិករ​នៅ​ខេត្តពោធិ៍សាត់ ដែល​ជួប​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុង​មួយ​គ្រួសារ ទទួលបាន​ស្រូវពូជ ១០០​គីឡូក្រាម​, មី ១​កេស​, អង្ករ ២៥​គីឡូក្រាម​, ត្រីខ ចំនួន ១​យួរ​, ទឹកត្រី ចំនួន​១​យួរ​, ទឹកស៊ីអ៊ីវ ចំនួន ១​យួរ​, ទឹក​សុទ្ធ ចំនួន ១​កេស​, ឃី​ត ចំនួន ១​កញ្ចប់ និង​ថវិកា ចំនួន​៥​ម៉ឺន​រៀល​។​
 
​សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ២៩,១៧៣​គ្រួសារ​ក្នុង​ខេត្តពោធិ៍សាត់ ក្នុងនោះ​មាន​ពលរដ្ឋ​ចំនួន ៦​នាក់​ស្លាប់ ដោយសារ​លង់ទឹក​។ បន្ថែម​លើ​នេះ ទឹកជំនន់​ក៏​បណ្ដាល​ឲ្យ​សត្វពាហនៈ​ចំនួន ១៧,៧៤៦​ក្បាល បាន​ងាប់ និង​ប៉ះពាល់​ដំណាំ​រួមផ្សំ​ចំនួន ១០,១០៧​ហិកតា រួមទាំង​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន ៣៦ ០៦៩ ហិកតា​៕ 
 


 

Tag:
 កសិកម្ម​
  ពូជស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com