ពីនេះ ពីនោះ
ក្រៅតែពី​រសជាតិ​ផ្អែម​ឆ្ងាញ់ «​ស្វាយ​» ក៏​ជា​ឱសថ​ក្នុងការ​ព្យាបាល​ផងដែរ​
08, Nov 2020 , 9:29 am        
រូបភាព
​ស្វាយ​ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ ដែល​ប្រជាជន​យើង​ពេញនិយម​ដាំ​ដុះ នៅតាម​ផ្ទះ ឫ​ដាំ​ជា​ចម្ការ ។ ក្រៅពី​ដាំ​យក​ផ្លែ ស្វាយ មានមុខ​ងារ​ក្នុងការ​ព្យាបាល លើ​ការពិបាក​រំលាយ​អាហារ ទល់លាមក និង បញ្ហា​លើ​ស្បែក​ផងដែរ ។​


​ស្លឹក​ខ្ចី និង​ផ្លែ​ខ្ចី ប្រើ​ជា​អន្លក់ និង ងូត​ព្យាបាល​ខាន់លឿង ។ ចំពោះ​ផ្លែ​ទុំ ហូប​សម្រាប់​ព្យាបាល​ទល់លាមក ពិបាក​រំលាយ​អាហារ ដែល​បណ្ដាលមកពី​រោគ​សរសៃប្រសាទ ឫ​ក្រពះ​ខ្សោយ ធ្វើ​ឲ្យ​ស្រស់ស្រាយ​ដល់​ខួរក្បាល សម្រួល​ដល់​អាការ​ក្អួត ត្រជាក់​សាច់ ជំនួយ​កម្លាំង ។ រីឯ​ជ័រ​របស់​ផ្លែ​វិញ លាប​ព្យាបាល​កមរមាស់ ។ ចំណែក​សំបក​ដើម​ប្រើប្រាស់​ក្នុងការ​ព្យាបាល ឈាមរដូវ​ធ្លាក់​ច្រើន​ខុស​ប្រក្រតី  ឬ​ស​ដូង​បាត ឈាម​តាម​លាមក ក្អក​ធ្លាក់ឈាម បត់ជើងធំ​មាន​ឈាម ។ ហើយ​សំបក​ស្វាយ ផ្សំ​លាយ ស្លឹក និង​សំបក​ព្រីង ចំបក​បារាំង ឆុង​ផឹក​សម្រាប់​ទប់​ឈាម ពី​សរីរាង្គ​ក្នុង ។

សំបក​ដើម​ដាំ​ហូប ព្យាបាល​ក្អួត រាក ។ រំងាស់​ខាប់ សម្រាប់​បៀម​បំបាត់​ឈឺធ្មេញ ឫ​ជ្រលក់​សំឡី បិត​លើ​កន្លែង​រលាកភ្លើង ។ ជ័រ​ពី​សំបក​ដើម លាយ​ប្រេងដូង លាប​ព្យាបាល​កមរមាស់ និង រោគ​ប៉ា​រ៉ា​សិត​លើ​ស្បែក​ផ្សែងៗ ។ ស្លឹក​ស្វាយ​វិញ ដាំ​ហូប​ព្យាបាល​ត្អើក រោគ​ក្នុង​បំពង់ក ស្រេកទឹក​ខុស​ប្រក្រតី ក្អក ធ្លាក់ឈាម ឬ​ស​ដូង​បាត​មាន​ឈាម រាក ឈឺក្រពះ របួស ដំបៅ រាក​មួល លាយ​ទឹកឃ្មុំ ផឹក​ព្យាបាល ស្អក​ក ។ ស្លឹក​ស្វាយ​ស្ងួត​កិន​ជា​ម្សៅ ព្យាបាល ទឹកនោមផ្អែម ។ ស្លឹក​ស្វាយ​នៅ​ខ្ចីៗ ឆុង​ទឹក​ផឹក​ព្យាបាល​រោគ​ស្ងួត រុំ​ា​រៃ ក្អក ហឺត ។ ផ្កាស្វាយ​ហាល​ស្ងួត កិន​ជា​ម្រៅ​ព្យាបាល​រាក​មួល​រុំ​ា​រៃ ធ្លាក់ស របួស ដំបៅ អាហារ​មិន​រំលាយ និង​រោគ​ធ្លាក់ឈាម​ផ្សេងៗ ។ ឯ​សាច់​ក្នុង​គ្រាប់ស្វាយ​វិញ មាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ដូច​ផ្កា​ផងដែរ និង​ប្រើ​ជា ថ្នាំ​ទំលាក់​ព្រូន ជាពិសេស​ព្រូន​ចង្កេះ ។​
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ ទំព័រ 137
 

Tag:
 ឱសថ​
  ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com