COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ ស្នើឪពុកម្តាយ ៩០០នាក់ ដែលប្រាស្រ័យទាក់ទងនឹងប្រមុខការទូតហុងគ្រី ផ្អាកនាំកូនទៅរៀន១៤ថ្ងៃសិន
× រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានស្នើដល់ឪពុកម្តាយ ៩០០នាក់ ដែលមានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយនឹងលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលត្រូវបានគេរកឃើញជំងឺកូវីដ-១៩នោះ សូមផ្អាកបញ្ជូនកូនទៅគ្រឹះស្ថានសិក្សាចំនួន១៤ថ្ងៃ។
តាមរយៈសេចក្តីណែនាំរបស់ក្រសួងអប់រំស្តីពី៖«វិធានការសម្រាប់មាតាបិតា អាណាព្យាបាល ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី» នារសៀលថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២០ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការស្នើសុំនេះ គឺដើម្បីឱ្យឪពុកម្តាយទាំងនោះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅលំនៅដ្ឋានរៀងៗខ្លួន ដោយតម្រូវឱ្យកូនរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក។ ទន្ទឹមនឹងគ្នានេះ ឪពុកម្តាយត្រូវផ្តល់ព័ត៌មានជាប្រចាំទៅកាន់គ្រឹះស្ថានសិក្សារបស់កូនៗ ដើម្បីឱ្យគ្រឹះស្ថានសិក្សាទាំងនោះ មានវិធានការបន្តក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
«បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការតាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។ នេះការលើកឡើងរបស់រដ្ឋមន្ត្រីអប់រំរូបនេះ ដោយតម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងនោះ បូកសរុប និងធ្វើបច្ចុប្បន្នភាពរបាយការណ៍ ហើយផ្ញើជូនទៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងក្រសួងអប់រំ ជាទៀងទាត់។
គិតត្រឹមថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ បានរកគ្រឹះស្ថានសិក្សាឯកជនចំនួន៦ ដែលពាក់ព័ន្ធនឹងគណ:ប្រតិភូនៃប្រទេសហុកគ្រីនោះ មកកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ កន្លងមក។
ក្រសួងអប់រំក៏អំពាវនាវ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល។
អ្នកពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង ទាំងអស់បន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរសព្ទ០១២៣៣៥៩៩៩៕
© រក្សាសិទ្ធិដោយ thmeythmey.com