COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា បោះឆ្នោត​សភា​ក្នុង​បរិបទ COVID-19, បក្ស​លោកស្រី ស៊ូ​ជី រំពឹង​ឈ្នះ​មួយ​អាណត្តិ​ទៀត​
08, Nov 2020 , 11:59 am        
រូបភាព
ស្រ្តីមីយ៉ាន់ម៉ា ទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសភា។ រូបភាព AFP
ស្រ្តីមីយ៉ាន់ម៉ា ទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសភា។ រូបភាព AFP
​មី​យ៉ាម៉ា នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា កំពុង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។ បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី រំពឹងថា នឹង​ឈ្នះ​សំឡេង​ភាគច្រើន​ដើម្បី​បន្ត​ដឹកនាំ​ប្រទេសមួយ​អាណត្តិ​ទៀត ប៉ុន្តែ​សំឡេង​ភាគច្រើន​នេះ ទំនង​មិន​ច្រើន​ដូច​លទ្ធផល​ឆ្នាំ​២០១៥ ឡើយ​។​

 
​ប្រជាជន​មី​យ៉ាន់​ម៉ា នាំគ្នា​ឈរ​តម្រង់​ជួរ​តាំងពី​ព្រលឹម​ស្រាងៗ​នៅ​ការិយាល័យ​បោះឆ្នោត​របស់​ពួកគេ មុន​ការបោះឆ្នោត​ផ្លូវការ​ចាប់ផ្ដើម​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា និង​បិទ​វិញ​នៅ​ម៉ោង​៤​ល្ងាច​។ វិធានការ​ការពារ​ជំងឺ COVID-19 ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង ដោយ​អ្នកបោះឆ្នោត​នាំគ្នា​ម៉ាស់ និង​របាំងមុខ ឯ​មន្ត្រី​រៀបចំ​ការបោះឆ្នោត ពាក់អាវ​ការពារ ម៉ាស់ ស្រោមដៃ និង​មាន​ការបាញ់​អាល់កុល​លើ​ដៃ​សម្លាប់​មេរោគ​សម្រាប់​អ្នក​ទៅ​បោះឆ្នោត​ផងដែរ​។ 
 
​អ្នកមាន​សិទ្ធិ​បោះឆ្នោត​មាន​ប្រមាណ​៣៨​លាន​នាក់ ឯ​បក្សនយោបាយ​ជិត​៩០ ឈរឈ្មោះ​ដើម្បី​ដណ្ដើម​កៅអី​សភា​ថ្នាក់ខ្ពស់​ចំនួន​១៦១ កៅអី​សភា​ជាន់​ទាប​៣១៥ កៅអី​សភា​តំបន់​និង​រដ្ឋ​៦១២ និង​តំណែង​រដ្ឋមន្ត្រី​កិច្ចការ​ជនជាតិភាគតិច​២៩​កន្លែង​ផង​។ ដើម្បី​ដឹកនាំ​ប្រទេស​បាន បក្សនយោបាយ​ទាំងអស់ ត្រូវ​ឈ្នះ​កៅអី​សភា​សហព័ន្ធ (​សភា​ថ្នាក់ទាប​បូក​សភា​ថ្នាក់ខ្ពស់​) ចំនួន​៣២២​។ គណបក្ស ឬ​សម្ព័ន្ធភាព​ដែល​ឈ្នះ​កៅអី​គ្រប់គ្រាន់ ទើប​អាច​ស្នើ​បេក្ខជន​ប្រធានាធិបតី​បាន​។​
 
​បក្ស​កាន់អំណាច​សព្វថ្ងៃ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវបាន​មើលឃើញថា នឹង​ឈ្នះ​ការបោះឆ្នោត​ជាថ្មី​។ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​មិន​អាចធ្វើ​ប្រធានាធិបតី​បាន និង​ដឹកនាំ​នយោបាយ​តាម​តំណែង​ទីប្រឹក្សា​រដ្ឋ នៅតែ​ជា​ឥស្សរជន​នយោបាយ​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដដែល បើទោះជា​៥​ឆ្នាំ​កន្លងទៅ រង​ការរិះគន់​ច្រើន​បរទេស ពិសេស​ការមិន​យកចិត្តទុកដាក់​លើ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​
 
​សម្រាប់​ការបោះឆ្នោត​លើក​នេះ បក្ស​កាន់អំណាច ទំនងជា​មិនអាច​ទទួលបាន​កៅអី​សភា​ច្រើន​ដូច​ឆ្នាំ​២០១៥ ។ ក្រៅពី​រឿង​រ៉ូ​ហ៊ីង​យ៉ា រដ្ឋាភិបាល​របស់លោក​ស្រី ស៊ូ​ជី ក៏​បាត់បង់​ទំនុកចិត្ត​ពី​ក្រុម​ជនភាគតិច ព្រោះ​មិនអាច​ទប់ស្កាត់​យោធា​ពី​ការធ្វើ​ប្រតិបត្តិការ​ទល់នឹង​ក្រុម​ជនភាគតិច​ប្រដាប់អាវុធ​បាន​។ កន្លងទៅ បក្ស​ជនជាតិភាគតិច ក៏​ផ្ដល់​ការគាំទ្រ​ខ្លាំង​ដល់​បក្ស​លោកស្រី ស៊ូ​ជី ក្នុង​សភា​ដែរ​។ 
 
​គូប្រជែង​ធំ​របស់​បក្ស NLD គឺ​បក្ស​សាមគ្គី​និង​អភិវឌ្ឍ​សហភាព​ដែល​គាំទ្រ​ដោយ​យោធា​។ បក្សប្រឆាំង​ដ៏​ធំ​នេះ មាន​ធនធាន​ច្រើន និង​មានការ​រៀបចំ​បានល្អ ព្រោះ​មាន​មេដឹកនាំ​យោធា​នៅ​ពី​ក្រោយខ្នង​។ ទោះ​មិនអាច​ដណ្ដើម​កៅអី​សភា​ដើម្បី​ដឹកនាំ​ប្រទេស បក្ស​នេះ​ក៏​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លើង​មិន​ឲ្យ​បក្ស NLD ចេះ​សេះ​លែងដៃ​ដែរ​៕
 
 

Tag:
 បោះឆ្នោត​មី​យ៉ាន់​ម៉ា​
  COVID-19
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com