ភ្នំពេញ៖ គ្រឹះស្ថានសិក្សាឯកជនចំនួន៨ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា រកឃើញថា មានប្រាស្រ័យទាក់ទងនឹងគណ:ប្រតិភូលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលមានជំងឺកូវីដ-១៩។ នេះតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ដោយអះអាងថា ក្រៅពីមានសាលាឯកជនទាំង៨នេះ ក៏មានក្លឹបហាត់កីឡាការ៉ាតេដូ១កន្លែង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១កន្លែង ក៏មានជាប់ព័ន្ធពាន់នឹងគណៈប្រតិភូហុងគ្រីផងដែរ។
តាមរយៈសារសំណេររបស់លោក រស់ សុវាចា បានផ្តល់ឱ្យសារព័ត៌មានថ្មីៗតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម(Telegram) នាព្រឹកថ្ងៃទី៨ វិច្ឆិកានេះ សាលារៀនឯកជន ក្លឹបហាត់កីឡាការ៉ាតេ និងមន្ទីរអប់រំខេត្ត ដែលមានជាប់ព័ន្ធពាន់នឹងគណៈប្រតិភូហុងគ្រីទាំងនោះ គឺបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមដោយបន្តការសិក្សាតាមអនឡាញ(Online)ក្នុងរយ:ពេល១៤ថ្ងៃ។
លោក រស់ សុវាចា បានរៀបរាប់យ៉ាងលម្អិតពីសាលារៀនឯកជន ក្លឹបហាត់កីឡាការ៉ាតេ និងមន្ទីរអប់រំខេត្តដែលមានប្រាស្រ័យទំនាក់ទំនងជាមួយនឹងគណៈប្រតិភូហុងគ្រី កាលពីថ្ងៃទី៣វិច្ឆិកា កន្លងមក នីមួយៗ ថាក្លឹបហាត់ការ៉ាតេដូ១កន្លែងដែលក្រសួងអប់រំរកឃើញនេះ គឺមានគ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។ រីឯមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១កន្លែងវិញ គឺមានបុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣នាក់ បានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូហុងគ្រី។
ដោយឡែក គ្រឹះស្ថានសិក្សាឯកទាំង៨កន្លែងនោះវិញ មានគ្រឹះស្ថានសិក្សាទី១៖ មានបុគ្គលិក១រូប, គ្រឹះស្ថានសិក្សាទី២៖ មានសិស្ស២រូបដែលមានឪពុកម្តាយ ដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
គ្រឹះស្ថានសិក្សាទី៣៖ មានសិស្ស២រូបដែលមានឪពុកម្តាយ, គ្រឹះស្ថានសិក្សាទី៤៖ មានសិស្ស២រូបដែលមានឪពុកម្តាយ, គ្រឹះស្ថានសិក្សាទី៥៖ មានសិស្ស២រូបដែលមានឪពុកម្តាយ បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានទី៦៖ មានសិស្ស២រូបមានឪពុកម្តាយ ដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់នឹងគណ:ប្រតិភូនៃប្រទេសហុងគ្រី។
សម្រាប់គ្រឹះស្ថានសិក្សាទី៧៖ គឺមានសិស្ស១រូប ដែលមានឪពុកម្តាយប៉ះពាល់ជាមួយគណ:ប្រតិភូហុងគ្រី និងគ្រឹះស្ថានសិក្សាទី៨៖ មានសិស្ស២រូប ដែលមានឪពុកម្តាយ ប៉ះពាល់ជាមួយគណ:ប្រតិភូហុងគ្រី។
កាលពីថ្ងៃទី៦វិច្ឆិកា ម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មានឪពុកម្តាយ ឬអាណាព្យាបាលសិក្សាប្រមាណ៩០០នាក់ បានមានប្រាស័យទំនាក់ទំនងជាមួយនឹងគណៈប្រតិភូនៃប្រទេសហុងគ្រី។
ជាមួយគ្នានេះ ក្រសួងអប់រំបានអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២ ៣៣៥ ៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕