អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អបអរ​ជ័យជម្នះ​លោក បៃ​ឌិន​
08, Nov 2020 , 2:54 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ  វីដូដូ ចាប់ដៃលោក ចូ បៃឌិន កាលនៅជាអនុប្រធានាធិបតីអាមេរិក។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ចាប់ដៃលោក ចូ បៃឌិន កាលនៅជាអនុប្រធានាធិបតីអាមេរិក។ រូបភាព AFP
​មេដឹកនាំ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បាន​អបរ​អរ​លោក ចូ បៃ​ឌិន ដែល​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ លោក បៃ​ឌិន ផ្ដួល​ប្រធានាធិបតី​បច្ចុប្បន្ន ដូ​ណា​ល់ ត្រាំ ទោះ​ការរាប់​សន្លឹកឆ្នោត​មិនទាន់​ចប់​ក្ដី​។ មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងពីរ ទន្ទឹង​ធ្វើការ​ជាមួយ​មេដឹកនាំ​ថ្មី​របស់​អាមេរិក​។​

 
«​ការអបអរ​ដ៏​កក់ក្ដៅ​បំផុត​របស់ខ្ញុំ​ចំពោះ​លោក ចូ បៃ​ឌិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស សម្រាប់​ជ័យជម្នះ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​។ ចំនួន​អ្នក​ទៅ​បោះឆ្នោត​ដ៏​ច្រើន បង្ហាញ​ពី​ក្ដី​សង្ឃឹមលើ​ប្រជាធិបតេយ្យ​។​» នេះ​ជា​សំណេរ​របស់លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លើ​បណ្ដាញ​សង្គម Twitter ប៉ុន្មាន​ម៉ោង​ក្រោយ​លោក បៃ​ឌិន ត្រូវបាន​ប្រកាសថា បានទទួល​ចំនួន​ប្រតិភូ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​។​
 
​មេដឹកនាំ​ឥណ្ឌូណេស៊ី​រូបនេះ បញ្ជាក់ថា លោក​នឹង​ធ្វើការ​ឲ្យ​ជិតស្និទ្ធ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ឥណ្ឌូណេស៊ី​-​អាមេរិក ហើយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​ផ្នែក​សេដ្ឋកិច្ច ប្រជា​ធិ​តេ​យ្យ ពហុភាគី​និយម​សម្រាប់​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំងពីរ​។​
 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន ក៏បាន​អបអរសាទរ​លោក បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ដែរ​។ បើតាម​ទូរទស្សន៍​សិង្ហ​បុរី CNA លោក យ៉ា​ស៊ីន លើកឡើងថា ម៉ាឡេស៊ី បាន​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​អាមេរិក​យ៉ាង​ដិតដល់ ដែល​ក្នុងនោះ​ប្រជាជន​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​លោក បៃ​ឌិន ឲ្យ​ធ្វើជា​ប្រធានាធិបតី​ដោយ​ពួកគេ​មើលឃើញ​ការដឹកនាំ និង​ទស្សនវិស័យ​របស់លោក បៃ​ឌិន ផ្ទាល់​។​
 
«​ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដ៏​លឿន ម៉ាឡេស៊ី​ផ្ដល់​សារសំខាន់​ខ្ពង់ខ្ពស់​លើ​ទំនាក់ទំនង​ជាមួយ​អាមេរិក​។​» លោក យ៉ា​ស៊ីន បញ្ជាក់​បែបនេះ ជាមួយនឹង​ក្ដី​រំពឹង​ក្នុង​ការជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ 
 
​មេដឹកនាំ​បក្សប្រឆាំង​ម៉ាឡេស៊ី អាន់​វ៉ា អ៊ីប្រាហ៊ីម ក៏​ចេញ​សារ​អបអរ​លោក បៃ​ឌិន ដែរ​។ បើតាម​លោក អាន់​វ៉ា ជ័យជម្នះ​លោក បៃ​ឌិន បង្ហាញថា ពលរដ្ឋ​អាមេរិក​ជ្រើសរើស​ការរួបរួម​ជាជាង​ការរើសអើង និង​រដ្ឋាភិបាល​ដែលមាន​ការប្ដេជ្ញាចិត្ត​ចំពោះ​សិទ្ធិមនុស្ស ការការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​៕

Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com