ជាតិ
សង្គមជាតិ
COVID-១៩៖ រដ្ឋាភិបាលសម្រេចបិទKTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរវិញ ក្រោយបើកដំណើរការ៤ខែ
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៨ វិច្ឆិកា។
ការសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស សាជាថ្មីនេះ គឺក្រោយរដ្ឋាភិបាលបានបើកឱ្យដំណើរការដោយគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល អស់រយៈពេលជាង៤ខែកន្លងមក។
តាមរយៈលិខិតខាងលើដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈអភិបាលរាជធានី-ខេត្ត ការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ គឺអនុវត្តចាប់ពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្នើឱ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com