ជាតិ
បទសម្ភាសន៍
វីដេអូ
អតីតដំរីនៅអង្គរកំពុងរីករាយនឹងជីវិតបែបធម្មជាតិក្នុងព្រៃក្បែរជើងភ្នំគូលែន
× សៀមរាប៖ តើលោកអ្នកនៅចាំសត្វដំរីនៅតំបន់អង្គរដែរឬទេ? អស់រយៈពេល១ឆ្នាំមកហើយ ដែលវាបានចាកចេញពីតំបន់ប្រាសាទ ដែលធ្លាប់តែដឹកជញ្ជូនភ្ញៀវទេសចរពីប្រាសាទមួយទៅប្រាសាទមួយ តែឥឡូវនេះវាបានទៅរស់នៅក្នុងព្រៃមួយកន្លែងក្បែរជើងភ្នំគូលែន ជាទីកន្លែងដែលម្ចាស់របស់វាដាក់ឱ្យចូលនិវត្តន៍។ វាកំពុងរស់នៅដោយសប្បាយរីករាយបែបធម្មជាតិ ជាជីវិតដែលសត្វព្រៃគ្រប់ប្រភេទតែងប្រាថ្នា។
ព័ត៌មានពិស្ដារ សូមទស្សនាវីដេអូនៃកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT) សហស្ថាបនិកនៃគម្រោង Kulen Elephant Forest ដូចតទៅ
ក្រុមដំរីអង្គរ បានប្ដូរឈ្មោះមកជា Kulen Elephant Forest បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សម្រេចឱ្យស្ថាប័ននេះបញ្ចប់អាជីវកម្មប្រើសត្វដំរីសម្រាប់ដឹកជញ្ជូនទេសចរនៅតំបន់ប្រាសាទ។ សត្វដំរីញីចំនួន ១១ក្បាល បានផ្លាស់ទីលំនៅពីជម្រកនៅខាងកើតភ្នំបាខែង ទៅកាន់ភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលមានចំងាយប្រមាណ៤៥គីឡូមែត្រពីទីរួមខេត្តសៀមរាប នាចុងឆ្នាំ២០១៩ និងដំរីឈ្មោល២ក្បាលទៀត ទើបបញ្ចូនទៅលំនៅថ្មីនាចុងខែ សីហា ឆ្នាំ២០២០។
លោក ដាវីដ សហស្ថាបនិកនៃគម្រោង Kulen Elephant Forest បាននិយាយថា គោលបំណងសំខាន់របស់ស្ថាប័នលោកនៅពេលនេះ គឺធ្វើយ៉ាងណាឱ្យដំរីទាំង១៣ក្បាល ចូលនិវត្តន៍បានស្រួល និងរស់នៅដោយមានការថែទាំល្អប្រសើរ។ លោកបន្ថែមថា នៅកន្លែងថ្មីនេះដំរីអាចដើរហើរក្នុងព្រៃធម្មជាតិដែលមានទឹកអូរហូរកាត់ដ៏ត្រកាលប្រមាណ១០ហិកតា ហើយទៅអនាគតសត្វដំរីអាចចល័តទីក្នុងរង្វង់ព្រៃសហគមន៍ភូមិបុស្សធំ ដែលគ្របដណ្ដប់លើផ្ទៃដី២០០ហិកតា ដែលគម្រោង Kulen Elephant Forest សហការជាមួយសហគមន៍ ក៏ដូចជាមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សហស្ថាបនិក Kulen Elephant Forest ដែលជាកូនកាត់បារាំង (ម្ដាយជនជាតិខ្មែរ) លោក ដាវីដ បានប្ដេជ្ញាថា លោកនឹងមើលថែសត្វដំរីទាំង១៣ក្បាលដោយយកចិត្តទុកដាក់បំផុត។ ដំរីទាំង១៣ក្បាល មានអាយុចន្លោះពីជាង៣០ឆ្នាំ ទៅជាង៦០ឆ្នាំ ហើយដំរីដែលអាយុច្រើនជាងគេ វាមានសភាពខ្សោយកម្លាំង និងមានជំងឺច្រើន ដូចជាបញ្ហាពោះវៀនជាដើម។ លោក ដាវីដ ប្រាប់ថា នៅកន្លែងលោកមានដំរីចាស់របៀបនេះតែមួយក្បាលប៉ុណ្ណោះដែលក្រុមការងារកំពុងមើលថែទាំខ្លាំង។ យ៉ាងណា សហស្ថាបនិក Kulen Elephant Forest បញ្ជាក់ថា លោកក៏បានត្រៀមសម្រាប់ការមើលថែដំរីដទៃទៀត ដែលនឹងចាស់ៗនាពេលខាងមុខ។
Kulen Elephant Forest បានក្លាយជាគោលដៅទេសចរណ៍បែបធម្មជាតិថ្មីនៅក្នុងខេត្តសៀមរាប ដោយភ្ញៀវទេសចរដើរទស្សនាសត្វដំរីនៅក្នុងព្រៃ មើលដំរីលេងទឹក និងស៊ីចំណី។ លោក ដាវីដ ពន្យល់ថា ចំណូលពីការទិញកញ្ចប់ទស្សនានេះ គឺលោកយកមកសម្រាប់ការថែទាំនិងអភិរក្សសត្វដំរីចាស់ៗ។ ក្រៅពីនេះ Kulen Elephant Forest ក៏មានបំណងរៀបចំកន្លែងនេះ ជាកន្លែងបង្កាត់ពូជសត្វដំរីស្រុកមួយផងដែរ ដែលបង្កើនចំនួនដំរីស្រុក ដែលមានចំនួនតិចនាពេលបច្ចុប្បន្ន។ លើសពីនេះ ស្ថាប័ននេះក៏បានគិតគូរពីការគម្រោងសង់គ្លីនិកដំរី ដែលមានបំពាក់ឡាបូពិនិត្យអរម៉ូន និងពិនិត្យព្យាបាលជំងីដំរីផងដែរ៕
Tag:
ដំរីអង្គរ
គូលែន
Kulen Elephant forest
© រក្សាសិទ្ធិដោយ thmeythmey.com