ជាតិ
នាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត និង​អ្នក​ទាក់ទង​ប្រមុខ​ការទូត​ហុង​គ្រី ជាង​៩០០​នាក់​ទៀត ធ្វើតេស្តរ​កកូ​វីដ​-១៩​លើក​ទី​២
09, Nov 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​៩ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩(COVID-19) ជា​លើក​ទី​២ របស់​សម្តេចនាយក​ម​ន្ត្រី​ហ៊ុន សែន និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​នានា  រួមទាំង​មនុស្ស​ជាង​៩០០​នាក់​ទៀត ដែល​បាន​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ។ លោក Peter Szijjarto ត្រូវបាន​គេ​រកឃើញ មាន​កូ​វីដ​-១៩ នៅពេល​ទៅដល់​ប្រទេស​ថៃ​។​


​សម្រាប់​ការធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩​ជា​លើក​ទី​២ នេះ មាន​សម្តេច ហ៊ុន សែន ,​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ,  លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក រួមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​តាម​ស្ថាប័ន​នានា​, ក្រុម​អង្គរក្ស និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជាដើម​។ 
 
​ការ​ប្រមូលយក​សំណាក​លើក​ទី​២ ពី​អ្នកមាន​ប្រាស្រ័យ​ទំនាក់ទំនង​ដោយផ្ទាល់ និង​ប្រយោល ទាំង​ជាង​៩០០​នាក់ (​រួមទាំង​សម្តេច ហ៊ុន សែន​) ជាមួយនឹង​លោក​Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ដែល​គេ​រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩  គឺ​ដើម្បី​បង្ការ​ពី​ការចម្លង​ជំងឺ​នេះ នៅក្នុង​សហគមន៍​។​
 
​ក្នុងករណី​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ក្រុម​អង្គរក្ស និង​ក្រុម​អ្នកសារព័ត៌មាន រួមទាំង​អ្នក​ជាប់​ពាក់ព័ន្ធ ធ្វើតេស្ត​រក​COVID-19​លើក​ទី​២​នេះ បង្ហាញ​លទ្ធផល​អវិជ្ជមាន​ដ៏​ដោយ ក៏​តម្រូវឱ្យ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួន​ចំនួន​១៤​ថ្ងៃ ដោយ​រង់ចាំ​លទ្ធផល​ធ្វើតេស្តរ​កកូ​វីដ​-១៩​លើក​៣ និង​លើក​ទី​៤ ចេញ​ជា​ផ្លូវការ​សិន​។ 
 
​នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល នឹង​ប្រមូល​សំណាក​លើក​ទី​២ ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​សហការី​នានា នៅ​១៣​ស្ថាប័ន​/​អង្គភាព​ផ្សេងៗ​ពីគ្នា​។ ក្នុងនោះ មាននៅ​ក្រសួងការបរទេស និង​សហ​ប្រតិការ​អន្តរជាតិ​, នៅ​រដ្ឋសភា​, វិមាន​សន្តិភាព​,  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​ព័ត៌មាន​, ក្រសួងទេសចរណ៍​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ធនាគារជាតិ​។​
 
​សូមជម្រាបថា សម្រាប់​ការធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ចំពោះ​សម្តេច ហ៊ុន សែន , រដ្ឋមន្ត្រី​នៃ​ក្រសួង​នានា  រួមទាំង​អ្នកមាន​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​គណៈប្រតិភូ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ទាំង​៩០០​នាក់​ទៀត គឺអាច​ប្រព្រឹត្តឡើង​នៅ​លើក​ទី​៣ នា​ថ្ងៃ​១៤​វិច្ឆិកា និង​លើក​ទី​៤ នា​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com