ជាតិ
បទសម្ភាសន៍
ពលរដ្ឋ​ប្រមាណ​២​ពាន់​នាក់​គ្រោង​ចូលរួម​រើស​សំរាម​អបអរ​ទិវា​បុណ្យ​ទន្លេសាប​រដូវ​ទឹកសម្រក​
09, Nov 2020 , 9:29 am        
រូបភាព
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី
​សៀមរាប​៖ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប គ្រោង​រៀបចំ​ពិធី​អបអរ​ទិវា​បុណ្យ​ទន្លេសាប​រដូវ​ទឹកសម្រក​ឆ្នាំ​ទី​៣ នៅតាម​សហគមន៍​បឹង​ទន្លេសាប ដែល​ទិវា​នេះ​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់​។ ទិវា​នេះ ធ្វើឡើង​ដើម្បី​បំផុស​ឱ្យ​សហគមន៍​យល់ដឹង​កាន់តែខ្លាំង​លើ​បញ្ហា​អនាម័យ ពិសេស​ចេះ​គ្រប់គ្រង​សំរាម និង​ផលប៉ះពាល់​ដល់​ការរស់នៅ ក៏ដូចជា​ការបំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ ដែល​បណ្ដាលមកពី​ការ​ចោល​សំរាម​ក្នុង​ទឹក​បឹង​ទន្លេសាប​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ទស្សនា​បទ​សម្ភាស​ជា​វីដេអូ រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី នឹង​លម្អិត​ពី​កម្មវិធី​ទាំងមូល​នៃ​ការ​ប្រារព្ធ​ទិវា​ខាងលើ​ដូចតទៅ​

 
 
​ទិវា​បុណ្យ​ទន្លេសាប​រដូវ​ទឹកសម្រក​នៅ​ឆ្នាំនេះ គឺ​ធ្វើ​ដំណាលគ្នា​ជាមួយ​ទិវា​អនាម័យ​ជាតិ ២៣ វិច្ឆិកា ដែល​ផ្តោតជាសំខាន់​លើ​បញ្ហា​អនាម័យ ក្រោម​ប្រធានបទ «​យើង​ស្អាត សហគមន៍​យើង​ស្អាត ទ​ន្ល​សាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​»​។ កម្មវិធី​នៅ​ឆ្នាំនេះ នឹងធ្វើ​នៅតាម​សហគមន៍​ជាប់​បឹង​ទន្លេសាប គឺ​ចាប់ពី​កំពង់​ឃ្លាំង (​ស្រុក​សូទ្រនិគម​) កំពង់​ភ្លុក (​ស្រុក​ប្រាសាទបាគង​) ចុង​ឃ្នៀ​ស ស្ទឹង​សៀមរាប (​ក្រុង​សៀមរាប​) និង​តំបន់​មេ​ជ្រៃ (​ស្រុក​ពួក​)​។ សហគមន៍​នីមួយៗ នឹង​រៀបចំ​អបអរ​ពិធី​ដោយឡែក​ពីគ្នា និង​មាន​ប្រជាពលរដ្ឋ អាជ្ញាធរ​ចូលរួម​រើស​សំរាម ដោយ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​នា​អំឡុង​ជំងឺ​កូ​វីដ​១៩​នេះ​។​
 
​ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី លោក ស៊ា សុផល ឱ្យដឹងថា កម្មវិធី​ធំ​នៅ​ឆ្នាំនេះ​ធ្វើឡើង​នៅ​ឃុំ​កំពង់​ឃ្លាំង ដោយសារ​ទីនោះ​មាន​សហគមន៍​ធំជាងគេ បន្ទាប់មក​នឹង​ធ្វើជា​បន្តបន្ទាប់​រហូត​ដល់​តំបន់​មេ​ជ្រៃ​។ លោក​បន្តថា នេះ​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​អង្គការ​លោក​ដែល​សហការ​ជាមួយ​អាជ្ញាធរខេត្ត បំណង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​បញ្ហា​សំរាម ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​នានា​ក្នុងការ​គ្រប់គ្រង​សំរាម​។​
 
​លើសពីនេះ បើតាម​ការបញ្ជាក់​ពី​លោក ស៊ា សុផល ក្នុង​បំណង​ដូចគ្នានេះដែរ អង្គការ​របស់លោក​បាន​បង្កើត​គម្រោង​ដាច់ដោយឡែក​មួយទៀត​ឈ្មោះថា Rice for Plastic​។  គឺជា​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​នៅ​តំបន់​បឹង​ទន្លេសាប​។  ក្រុមយុវជន​ស្ម័គ្រ​ចិត្តនឹង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ស្ថិតនៅ​តំបន់​គោលដៅ ណែនាំ​ពួកគេ​ឱ្យ​ទុកដាក់​សំរាម​ក្នុងកា​រ៉ុង​ប្លា​ស្ទិ​ក​ដែល​អង្គ​ការរៀបចំ ប្រសិន​ណា​ពិនិត្យឃើញថា គ្រួសារ​ណា​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ដាក់​ក្នុងកា​រ៉ុង​បាន​ត្រឹមត្រូវ ពួកគេ​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ជា​អង្ករ ៥​គីឡូក្រាម​។ តាម​ការបញ្ជាក់​ពី​លោក ស៊ា សុផល គ្រួសារ​នីមួយៗ នឹង​ទទួលបាន​អង្ករ ៥​គីឡូក្រាម​ទៀត​ជា​រៀងរាល់ខែ​បន្ថែមទៀត ប្រសិនបើ​ពួកគេ​ប្រមូល​សំរាម​បរិស្ថាន (​សំរាម​ក្រៅពី​ការប្រើប្រាស់​ក្នុងផ្ទះ ដែល​អណ្ដែត​លើទឹក​) និង​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល ប្រសិនបើ​គ្រួសារ​ណា​ចេះ​កែច្នៃ​សម្ភារ​វេច​ខ្ជ​ប់​ប្លា​ស្ទិ​ក ដូចជា​ស្បៃ​មោង​ជាដើម​៕
 
 

Tag:
 ទិវា​បុណ្យ​ទន្លេសាប​
  ទន្លេសាប​
  អនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com