ពីនេះ ពីនោះ
សុខភាព
តើ​ទារក​ក្នុង​ផ្ទៃ ដកដង្ហើម​កើត​ដែរ​ទេ​?
10, Nov 2020 , 6:59 am        
រូបភាព
​ទារក​ក្នុង​ផ្ទៃ​ត្រូវបាន​ចិញ្ចឹម​ដោយ​ជីវជាតិ អុកស៊ីសែន និង​អ្វីៗ​ផ្សេងទៀត​សម្រាប់​ការលូតលាស់​ជាប់​រហូត​។ ថ្វីបើ​ទារក​កំពុងតែ​ទទួលបាន​អុកស៊ីសែន​ខណៈពេល​កំពុង​តែ​នៅក្នុង​ផ្ទៃ​ក៏ដោយ ក៏​គេ​មិនអាច​ដកដង្ហើម​បាន​ដូច​យើង​ដែរ​។ សម្រាប់​សួត​របស់​ទារក​វិញ​ចាប់ផ្តើម​លូតលាស់​បាន​លុះត្រាតែ​គេ​អាយុ​បាន ១២​សប្តាហ៍​។ ក្នុងពេល​នេះដែរ ក្លែប​សួត​ខាងស្តាំ​និង​ឆ្វេង​ចាប់ផ្តើម​លូតលាស់ និង​មានការ​កន្ត្រាក់​តិចតួច​ដែរ​។ ថ្វីបើ​ការ​កន្ត្រាក់​នេះ​មិនអាច​ឲ្យ​ទារក​ដកដង្ហើម​បាន​ក៏ដោយ​ក៏​វា​អាចជួយ​ឲ្យ​លូតលាស់​ដល់​សាច់ដុំ​ទ្រូង​បានដែរ​។​

 
​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ពរ​ពោះ​បាន ១៥​សប្តាហ៍​ពេញលេញ អ្នក​អាច​នឹង​សម្គាល់​ដឹង​ចលនា​នៃ​ការដកដង្ហើម​របស់​កូន​ហើយ​។ រឿងនេះ​មិនមែន​មានន័យថា ទារក​កំពុងតែ​ទទួលបាន​អុកស៊ីសែន​ពី​សួត​របស់​ពួកគេ​ទេ ប៉ុ​ន្តេ​អុកស៊ីសែន​ដែល​គេ​ទទួលបាន​គឺ​ចេញពី​ម្តាយ​ទៅវិញ​ទេ​តាមរយៈ​ទងសុក​។​
 
​ចលនា​នៃ​ការដកដង្ហើម​អាច​នឹងត្រូវ​ការ​ពេល​យូរ​ព្រោះថា សាច់ដុំ​សួត​ត្រូវការ​លំ​ហាត់ប្រាណ ដើម្បី​ត្រៀមលក្ខណៈ​រួចជាស្រេច​មួយ​សម្រាប់ធ្វើ​កា​រ​ពេញ​មួយជីវិត​ក្រោយពី​កើត​។ នៅពេល​ស្ថិតក្នុង​ផ្ទៃ​ម្តាយ ថង់​ទងសួត​របស់​ទារក​គឺ​ពោរពេញ​ទៅដោយ​ទឹក​ដែល​វា​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​សម្រាប់​ទារក​ទទួលបាន​សាច់ដុំ​ទ្រូង​រឹងមាំ​។ ពេល​ឈានដល់​ត្រីមាស​ទី​២ ចលនា​នៃ​ការដកដង្ហើម​នឹង​កើនឡើង ហើយ​ទារក​ក៏​កំពុងតែ​បង្កើត​សាច់ដុំ​សួត​ផងដែរ​។ នៅ​ត្រីមាស​ទី​៣ ការដកដង្ហើម​នឹង​ក្លាយទៅជា​មុខងារ​ដ៏​សំខាន់បំផុត ហើយក៏​ជាការ​ហាត់ប្រាណ​ដ៏​សំខាន់​សម្រាប់​គេ​ដែរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ទារក​ក្នុង​ផ្ទៃ​មិនអាច​ដកដង្ហើម​បានទេ​ដរាបណា​គេ​មិនទាន់​ចេញពី​ក្នុង​ពោះ​ម្តាយ​។ ប៉ុន្តែ​ការដកដង្ហើម​របស់គេ​កំពុងតែ​រៀន​ធ្វើ​ខណៈពេល​កំពុងតែ​នៅក្នុង​ពោះ​។ ទារក​នឹង​ចេះ​ដកដង្ហើម​ដំបូង​គេ​បំផុត​នៅពេល​គេ​កើតចេញពី​ពោះ​ម្តាយ​បាន​ភ្លាម​។ ខណៈពេលដែល​ទារក​ភាគច្រើន​យំ​ដោយ​ខ្លួនឯង និង​ខ្លះទៀត​ត្រូវការ​គ្រូពេទ្យ​ជួយ​ឲ្យ​គេ​យំ​។ នៅពេលដែល​ទងសុក​ត្រូវបាន​កាត់ ពេលនោះ​ហើយ​ដែល​ទារក​ចាប់ផ្តើម​ប្រើ​សួត​របស់គេ​ដើម្បី​ដកដង្ហើម​ដោយ​ខ្លួនឯង​។ នៅពេល​ទារក​រៀន​ដកដង្ហើម ចេញ​ឬ​ចូល នឹង​ជួយ​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​សួត​របស់គេ​ផង​។ ករណីបែបនេះ​ក៏​អនុញ្ញាតិ​ឲ្យ​មាន​លំហូរ​ឈាម​ទៅកាន់​សួត និង​សរសៃឈាម​ដឹក​អុកស៊ីសែន​ចិញ្ចឹម​រាងកាយ​បាន​ទាំងមូល​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com