ជាតិ
ពីនេះ ពីនោះ
រូបត្លុក
បើ​លោក ត្រាំ ចាញ់ឆ្នោត លែងមាន Fake News?
09, Nov 2020 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និង​សំណាង លែង​បាន​ជួបគ្នា​អស់​រយៈពេល​ប្រហែលជា​២​ខែ​មកហើយ​។ មិនបាន​ជួបគ្នា មិនមែន​ដោយសារ ក្លើ​ទាំងពីរ​គ្នា​រវល់​តាមដាន​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នោះទេ តាមពិត ពួកគេ​រវល់​នឹង​រកលុយ​ចិញ្ចឹម​ក្រពះ​ដូច​គេ​ដូច​ឯង​ដែរ​ហ្នឹង​។ បើ​វិភាគ​រហូត ហើយ​អត់​ទៅរក​លុយ​មក​ចាយ​ខ្លះ តើ​បាន​ប្រាក់​មក​ណា​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ខ្លួនឯង​។ លុយ​ក៏​រក វិភាគ​ក៏​វិភាគ​ខ្លះ​ដែរ​ទៅ​ដើម្បី​លម្ហែ​ខួរក្បាល​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ ពោល គឺ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ធិបតី​សហរដ្ឋអាមេរិក​ជិត​មួយ​សប្តាហ៍​មក សុធីរ និង​សំណាង ជជែក​គ្នា​ជុំវិញ​រឿង​ហ្នឹង​បន្តិច​ដើម្បី​កំដរ​ការ​ក្រេប​កាហ្វេ​ឲ្យ​វា​មានន័យ​បន្ថែមទៀត​។

 
​សុធីរ​៖ តើ​លទ្ធផល​ចុងក្រោយ​នៅ​អាមេរិក​វា​ទៅជា​យ៉ាងម៉េច​ហើយ អា សំណាង​? 

​សំណាង​៖ មិនទាន់​ដាច់ស្រេច​នៅឡើយ​ទេ​។ តែ​លោក បៃ​ឌិន បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទៅហើយ ក្រោយពី​លោក​ទទួលបាន​ការគាំទ្រ​ដោយ​អង្គ​បោះឆ្នោត​ជាង​២៧០​សំឡេង ជា​ចំនួន​សំឡេង​កំណត់​ការ​ឈ្នះ​តំណែង​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​។ 
 
​សុធីរ​៖ ចុះ​លោក​ប្រធានាធិបតី ត្រាំ មានបាន​ថ្លែង​សារ​ស្តីពី​ការចុះ​ចាញ់ហើយ​ឬ​នៅ​? 
 
​សំណាង​៖ មិនទាន់មាន​ទេ​។ ផ្ទុយទៅវិញ​លោក ត្រាំ កំពុង​ឲ្យ​ក្រុមអ្នកច្បាប់​របស់លោក​ប្តឹង​ជំទាស់​ទៅនឹង​លទ្ធផល​បោះឆ្នោត​ដែល​លោក​គិតថា វា​មិន​ប្រក្រតី​។ អ៊ីចឹង លទ្ធផល​ផ្លូវការ អាច​នៅ​អូសបន្លាយ​យូរ​បន្តិច​ដែរ​មើលទៅ​!
 
​សុធីរ​៖ បើ​លោក ត្រាំ មិនទាន់​ប្រកាស​ចុះចាញ់​ផង ហេតុអ្វី​បានជា​សារព័ត៌មាន​ធំៗ​នៅលើ​ពិភពលោក​ប្រកាស​ពី​ជ័យជម្នះ​របស់លោក បៃ​ឌិន​? និង​ម្យ៉ាងទៀត ហេតុអ្វី​បានជា​មេដឹកនាំ​ធំៗ​លើ​ពិភពលោក​មួយចំនួន​ផ្ញើ​សារ​អបអរសាទរ​លោក បៃ​ឌិន​? 
 
​សំណាង​៖ នេះហើយ គឺជា​សម្ពាធ​ដែល​កំពុង​ទម្លាក់​មកលើ​លោក ត្រាំ ដោយផ្ទាល់​ផង និង​ដោយ​ប្រយោល​ផង​។ បើតាម​ការសង្កេត លោក ត្រាំ គ្មាន​ជម្រើស​ណា​ក្រៅពី​ទទួល​ការបរាជ័យ​ឡើយ​។ 
 
​សុធីរ​៖ អា សំណាង​! អញ​នៅ​ចាំបាន​ថា ពាក្យ​ថា ព័ត៌មាន​ក្លែងក្លាយ (Fake News) ត្រូវបាន​បង្កើតឡើង​ដោយ​លោក​ប្រធានាធិបតី ត្រាំ ដែល​កាល​លោក​ជាប់ឆ្នោត​ភ្លាម​(២០១៦) លោក​ច្រើន​និយាយថា ព័ត៌មាន​នេះ ឬ​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ (Fake News) បើទោះបី​ព័ត៌មាន​នោះ ពេលខ្លះ ពិត​ក្នុង​កម្រិត​ណាមួយ​ក៏ដោយចុះ​។ ចុះបើ​លោក ត្រាំ ចាញ់ឆ្នោត​នៅពេលនេះ​(២០២០) តើ​ពាក្យ Fake News បាត់​ទៅវិញ​ដែរឬទេ​?  
 
​សំណាង​៖ ពាក្យ​នេះ វា​បាន​កើតឡើង​រួចទៅហើយ​។ ដូច្នេះ វា​មិនអាច​បាត់ទៅ​វិញ​ឡើយ បើទោះបី​អ្នកបង្កើត​ពាក្យ​នេះ បាត់បង់​តំណែង​ទៅវិញ​ក៏ដោយ​។ តែ​ទោះជា​យ៉ាងណា ពិភពលោក​ទាំងមូល​គួរ​រួមគ្នា​កាត់បន្ថយ ឬ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ឲ្យ​ខាងតែបាន​។ រឿង​មួយទៀត​ដែល​អញចង់​ប្រាប់​ឯង​ដែរនោះ គឺថា ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​ដែល​លោក ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ​ឈ្នះឆ្នោត​លើ​លោកស្រី ហ៊ី​ឡា​រី ក្លី​ន​តុ​ន ក៏​ព្រោះតែ​មួយផ្នែក​ដោយសារ​រូបភាព​លោក ត្រាំ គឺជា​មហាសេដ្ឋី​(​អ្នកជំនួញ​)​មាន​លុយ​ច្រើន​ពាន់​លាន​ដុល្លារ​។ អ្នកបោះឆ្នោត​កាលនោះ​នាំគ្នា​គិត​មួយផ្នែក​ថា លោក ត្រាំ ពិតជា​អាច​ដោះស្រាយ​រឿង​ស្មុគស្មាញ​របស់​សហរដ្ឋអាមេរិក​បាន ជាពិសេស រឿង​សេដ្ឋកិច្ច​។ តែ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០​នេះ បង្ហាញថា រូបភាព​ទ្រព្យសម្បតិ្ត​របស់លោក ត្រាំ មិនមែនជា​កត្តា​កំណត់​វាសនា​សន្លឹកឆ្នោត​បានឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com