ពីនេះ ពីនោះ
«​សុខភាព​ដី​,​គុណភាព​ដី​,​សមត្ថភាព​ដី និង​ផលិតភាព​ដី​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
10, Nov 2020 , 7:29 am        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នា​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ បានអនុម័ត និង​ពន្យល់​ពាក្យ​«​សុខភាព​ដី​,​គុណភាព​ដី​,​សមត្ថភាព​ដី និង​ផលិតភាព​ដី​»​។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ពន្យល់​ពាក្យ​ទាំងអស់នេះ​ដូចខាងក្រោម​។​
 
«​សុខភាព​ដី​» សរសេរ​ជា​ភាសា​អង់គ្លេស​ថា Soil health ហើយ​សរសេរ​ជា​ភាសា​បារាំង​ថា santé des sols ដែល​មានន័យថា សមត្ថភាព​របស់​ដី​ដើម្បី​បំពេញ​មុខងារ​ជា​ប្រព័ន្ធ​មានជីវិត​។​
«​គុណភាព​ដី​» សរសេរ​ជា​ភាសា​អង់គ្លេស​ថា  Soil quality សរសេរ​ជា​ភាសា​បារាំង​ថា qualité des sols ដែល​មានន័យថា​សមត្ថ​ភាព​ដី​ក្នុងការ​បំពេញ​មុខងារ​នានា​ដែលមាន​សារៈសំខាន់​ដល់​មនុស្ស សត្វ និង​បរិស្ថាន​។ គុណភាព​ដី​មិន​កំណត់​តែ​ចំពោះ​ដី​កសិកម្ម​ទេ ថ្វីបើ​ការងារ​គុណភាព​ដី​ភាគច្រើន​ត្រូវបានធ្វើ​ក្នុង​ប្រព័ន្ធ​កសិកម្ម​ក៏ដោយ​។​
 
«​សមត្ថភាព​ដី​»​សរសេរ​ជា​ភាសា​អង់គ្លេស land capability ហើយ​សរសេរ​ជា​ភាសា​បារាំង​ថា capacité des terres ដែល​មានន័យថា សក្តានុពល​នៃ​ដី​សម្រាប់​កសិកម្ម​ដែល​គេ​ប៉ាន់ប្រមាណ​ឡើង​ដោយ​សំអាង​ទៅលើ​កត្តាបរិស្ថាន​រូប​សុទ្ធសាធ ដូចជា​ទិន្នន័យ​ក្សេត្រសាស្ត្រ អាកាសធាតុ ព្រៃឈើ និង​ដី ដើម្បី​ប្រើប្រាស់​វា​ឲ្យ​មាន​និរន្តរភាព​។​
 
«​ផលិតភាព​ដី​»​សរសេរ​ជា​ភាសា​អង់គ្លេស soil productivity ហើយ​សរសេរ​ជា​ភាសា​បារាំង​ថា​
productivité des sols ដែល​មានន័យថា សមត្ថភាព​របស់​ដីស​ម្រា​ប់​ដាំ​ដំណាំ ឬ​រុក្ខជាតិ ដើម្បី​បាន​ទិន្នន័យ​ជាក់លាក់​ដោយ​ប្រើ​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់​មួយ​។ ម្យ៉ាងវិញទៀត​នៅក្នុង​មជ្ឈដ្ឋាន​ធម្មតា ផលិតភាព​ដី​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​ដុះ​លូតលាស់​របស់​រុក្ខជាតិ​ព្រៃ ឬ​បរិ​មាណនៃ​រូបធាតុសរីរាង្គ​ដែល​កើត​មាននៅ​ទីនោះ​៕ 
 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com