ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹង​យកពន្ធ​លើ​សេវា​ឌីជីថល ក្រុមហ៊ុន​Amazon, Alibaba, Facebook, Google ដែល​មិន​ចុះបញ្ជី​
09, Nov 2020 , 5:59 pm        
រូបភាព
លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​(​រូប​ទី​៥​រាប់​ពីឆ្វេង​) កំពុង​ឈរ​ជាមួយ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​សហការី ក្នុង​ដំណើរ​ទស្សនៈកិច្ច​ស្វែងយល់​អំពី​«​សមិទ្ធផល​នៃ​កំណែទម្រង់​វិស័យ​ពន្ធដារ​»​កាលពី​ថ្ងៃទី​៤​វិច្ឆិកា​។ រូបថត​៖ ក្រសួង​ប្រៃសណីយ៍​
លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​(​រូប​ទី​៥​រាប់​ពីឆ្វេង​) កំពុង​ឈរ​ជាមួយ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​សហការី ក្នុង​ដំណើរ​ទស្សនៈកិច្ច​ស្វែងយល់​អំពី​«​សមិទ្ធផល​នៃ​កំណែទម្រង់​វិស័យ​ពន្ធដារ​»​កាលពី​ថ្ងៃទី​៤​វិច្ឆិកា​។ រូបថត​៖ ក្រសួង​ប្រៃសណីយ៍​
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​(Digital)​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។ លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ បាន​រៀបរាប់ថា ក្រុមហ៊ុន​បរទេស​ដែល​លក់​សេវាកម្ម​ឌីជីថល​នៅ​ទីផ្សារ​កម្ពុជា​ដោយ​គ្មាន​ការចុះបញ្ជី​នោះ រួមមាន ក្រុមហ៊ុន​Netflix, Amazon, Alibaba, Facebook និង Google ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។

 
​លោក ជា វ៉ាន់​ដេ​ត បាន​អះអាង​ចំពោះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ស្វែងយល់​អំពី​«​សមិទ្ធផល​នៃ​កំណែទម្រង់​វិស័យ​ពន្ធដារ​» នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃទី​៤​វិច្ឆិកា ឆ្នាំ​២០២០ ថា ក្រសួង​ប្រៃសណីយ៍ នឹង​បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ឱ្យបាន​កាន់តែ​ជិតស្និទ្ធ ដើម្បី​បង្កើន​ប្រាក់ចំណូល​ពន្ធ​ជូន​រដ្ឋ​។  ជាពិសេស​គឺ​ផ្តោត​ការប្រមូល​ពន្ធ​លើ​ក្រុមហ៊ុន​ផ្តល់​សេវា​ឌីជីថល និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​រកចំណូលបាន​ពី​អ្នកប្រើប្រាស់​នៅ​កម្ពុជា​។ 
 
​លើសពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​រូបនេះ ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​ពី​ការគំរាមកំហែង​នានា ដើម្បី​ធានា​លំហ​អ៊ី​ន​ធឺ​ណែ​ត​(Internet) ឱ្យមាន​សុវត្ថិភាព និង​សន្តិសុខ ព្រមទាំង​ផ្តល់​ការគាំទ្រ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន​បន្ថែម ដល់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ផងដែរ​។​
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ លោក គង់ វិបុល គាំទ្រ​ចំពោះ​ការសហការ​ប្រតិបត្តិកា​រ​មួយ​នេះ ដើម្បី​បង្កើត​ចំណូល​ជូន​ជាតិ​។ លោក​គង់ វិបុល ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ប្រៃសណីយ៍​ក្នុងការ​រៀបចំ​ឱ្យមាន​បណ្តុំ​ទិន្នន័យ​(Big Data) ដោយ​ធ្វើ​សមាហរណកម្ម​ទិន្នន័យ​ថ្នាក់ជាតិ​គ្រប់​វិស័យ​បញ្ចូល​គ្នា និង​ចែករំលែក​ទិន្នន័យ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​លើ​ការយកពន្ធ​នេះ​ទេ​។​
 
​សូមជម្រាបថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០ ដែល​កម្ពុជា​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​-​អាករ បាន​ជិត​២,២២៦​លាន​ដុល្លារ​អាមេរិក ស្មើ​ជាង​៧៨​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ ចំណូល​នេះ កើន​ជិត​៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។ ប៉ុន្តែ​មានការ​ធា្ល​ក់នៅ​ក្នុង​ខែកញ្ញា​ចំនួន​១៨.៧៥​ភាគរយ ដោយ​អគ្គនាយក​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​ចូលជាតិ បាន​ត្រឹម​២៧៤.២០​ពាន់​លាន​រៀល (​ប្រមាណ​១៨៦.២២​លាន​ដុល្លារ​) ប៉ុណ្ណោះ​៕ 

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com