ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង ស្នើ​ឲ្យ​រដ្ឋាភិបាល ផ្តល់​សុពលភាព​លិខិត​ឆ្លង​ដែន​វិញ​
09, Nov 2020 , 9:59 pm        
រូបភាព
អ្នកស្រី មូរ សុខហួរ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងទាំង១២រូប ដែលរដ្ឋាភិបាលលុបសុពលភាពលិខិតឆ្លងដែន (រូបពី AFP)
អ្នកស្រី មូរ សុខហួរ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងទាំង១២រូប ដែលរដ្ឋាភិបាលលុបសុពលភាពលិខិតឆ្លងដែន (រូបពី AFP)
​អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ការយក​សំណើ​ទៅ​ដា​ក់នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ (​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​) ដើម្បី​សុំ​មក​ក្រសួងមហាផ្ទៃ​កម្ពុជា ឲ្យ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន ដល់​ថ្នាក់ដឹកនាំ​របស់ខ្លួន​១២​រូប​ឡើងវិញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។



​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញពី​ក្រៅប្រទេស​មក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​រម្លឹកថា ថ្នាក់ដឹកនាំ​របស់ខ្លួន​១២​រូប ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា បញ្ចប់​សុពលភាព​លិខិតឆ្លងដែន តាមរយៈ​លិខិត​ចុះ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ផ្ញើ​ទៅកាន់​ស្ថានទូត​នានា ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​ទាំង​១២​រូប​នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​ក្រសួងការបរទេស បញ្ចប់​សុ​ភព​ភាព​នោះ គឺជា​ប្រភេទ​លិខិតឆ្លងដែន​ធម្មតា (Ordinary Passport)​។ អ្នក​ទាំង​១២​រូបនោះ គឺ អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់​ដេ​ត  លោក គង់ សភា លោក វ៉ាន់ ណា​រិ​ទ្ធ លោក ដាង ចំរើន លោក ញឹម គិ​ម​ញុ​ល លោក ហេង ដា​ណា​រ៉ូ លោក អ៊ី​សា ឧស្មាន និង លោក ម៉ន ផល្លា​។​
 
​ថ្មីៗ​នេះ តុលាការ បាន​កោះហៅ​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង ដែល​ភាគច្រើនបំផុត​រស់​នៅឯ​ក្រៅប្រទេស ដោយ​រាប់ទាំង​លោក សម រង្ស៊ី ផង ឲ្យ​វិល​មក​ចូលរួម​សវនាការ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ ក្រោម​បទ​ឧបឃាត បទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ បទ​ឧបឃាត សំដៅលើ​ក្រុម​ណាមួយ ដែល​ផ្តើមគំនិត​និង​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​បទ​រួមគំនិត​ក្បត់ [​ជាតិ​] គឺ​សំដៅលើ​ជន ដែល​ចូលរួម​គាំទ្រ​ឬ​ចូលរួម​អនុវត្ត​គម្រោង​នោះ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​
 
​ក្រសួងយុត្តិធម៌ ប្រកាស​កន្លងមក​ថា បទ​ឧបឃាត មានចែង​ក្នុង​មាត្រា​៤៥១​និង​មាត្រា​៤៥២​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ លើ​អ្នកប្រព្រឹត្ត ហើយ​បើ​ប្រព្រឹត្ត​ជា​អ្នករាជការ​សាធារណៈ ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត រីឯ បទ​រួមគំនិត​ក្បត់ [​ជាតិ​] មានចែង​ក្នុង​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ត្រូវ​ផ្តន្ទាទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ លើ​អ្នកប្រព្រឹត្ត ហើយ​បើ​អ្នកប្រព្រឹត្ត ជា​មន្ត្រី​សាធារណៈ ត្រូវ​ជាប់ពន្ធនាគារ ពី​១០​ឆ្នាំ ទៅ ២០​ឆ្នាំ​។ 
 
​ក្រោយ​ទទួលបាន​ការកោះហៅ​រប​ស់​តុលាការ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លើក​បម្រាម ដែល​ហាម​ក្រុមហ៊ុន​យន្តហោះ​នានា មិន​ឲ្យ​ដឹក​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មក​កម្ពុជា​។ សំណើ​របស់​អតីត​គណបក្សប្រឆាំង ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ អតីត​គណបក្សប្រឆាំង នៅ​ស្នើ​មួយ​ចំណុច​ទៀត គឺ​សុំ​ឲ្យ​រដ្ឋាភិបាល ផ្តល់​សុពលភាព​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​របស់ខ្លួន​ទាំង​១២​រូប​ឡើងវិញ ដែល​ក្រសួងការបរទេស បាន​លុបចោល​កន្លងមក​៕ 
 
 

Tag:
 CNRP
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com