COVID-19
ជាតិ
សុខភាព
មនុស្ស ១,១៤០នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា តេស្តអវិជ្ជមានកូវីដ-១៩
× នាព្រឹកថ្ងៃទី១០វិចិ្ឆកា ក្រសួងសុខាភិបាលប្រកាសរកឃើញមនុស្សរហូតដល់១១៦៦នាក់ មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ជាមួយគណៈប្រតិភូលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលគេរកឃើញកូវីដ-១៩ ពេលទៅដល់ប្រទេសថៃ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមមនុស្សដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីនោះ គឺបានធ្វើតេស្តរកវីរុសកូវីដ-១៩ជាលើកទី២អស់ហើយ ដោយលទ្ធផលមានមនុស្ស៣នាក់ វិជ្ជមាននៃជំងឺនេះ។ ចំណែកមនុស្ស១,១៤០នាក់(រួមទាំងសម្តេច ហ៊ុន សែន និងរដ្ឋមន្ត្រីនៃក្រសួងនានា) អវិជ្ជមានកូវីដ១៩ ។ រីឯ២៣នាក់ទៀត មិនទាន់ដឹងលទ្ធផលនៅឡើយ។
សម្រាប់មនុស្ស៣នាក់ដែលបានឆ្លងកូវីដ-១៩ ពីគណៈប្រតិភូហុងគ្រីនោះ មាន លោក សួស យ៉ារ៉ា តំណាងរាស្ត្រ, លោក ស ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម។ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា កម្ពុជាមានមនុស្សចំនួន៤នាក់ហើយ ដែលបានឆ្លងកូវីដ-១៩ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិចិ្ឆកាទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១និងលើកទី២អវិជ្ជមាននៃវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចង់ជាទីបំផុត ដោយរង់ចាំលទ្ធផលធ្វើតេស្តលើកទី៣ និងទី៤ចេញជាផ្លូវការ។ ជាពិសេសគឺកុំធ្វើដំណើរចេញបន្ទប់ធ្វើចត្តាឡីស័កឱ្យសោះ។
គិតត្រឹមថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣០០នាក់។ ក្នុងនោះ មាន២៨៨នាក់ បានជាសះស្បើយ និង១២នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕
Tag:
COVID-19
ព្រឹត្តិការណ៍៣វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com