អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ បណ្ដេញ​រដ្ឋមន្ត្រី​ការពារជាតិ​ចេញពី​តំណែង
10, Nov 2020 , 11:07 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ថ្លែងសុន្ទរកថានាពេលកន្លងទៅ ដោយមានលោក ដូណាល់ ត្រាំ នៅឈរអម ។ រូបភាព៖ AFP
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ថ្លែងសុន្ទរកថានាពេលកន្លងទៅ ដោយមានលោក ដូណាល់ ត្រាំ នៅឈរអម ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បណ្ដេញ​លោក ម៉ាក អេ​ស្ពើ ចេញពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​។ ការបណ្ដេញចេញ​នេះ ជាការ​បញ្ចប់​ពាក្យ​លេចឮ​កន្លង​ថា លោក អេ​ស្ពើ នឹង​ចាក​ចេញពី​មន្ទីរ​បញ្ច​កោណ​។ លោក ត្រាំ ដែល​មិនទាន់​ទទួលស្គាល់​លទ្ធផល​បរាជ័យ​នោះ ក៏​កំពុង​ជួប​រឿងរ៉ាវ​ក្នុង​គ្រួសារ​ដែរ​។​

 
 
​លោក ដូ​ណា​ល់ ត្រាំ ដែល​គ្មាន​ជំហរ​ព្រម​ចុះចាញ់​លោក​បៃ​ឌិន នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា បានប្រកាស​តាម​Twitter បណ្ដេញ​រដ្ឋមន្ត្រី​ការពារ​អាមេរិក ម៉ាក អេ​ស្ពើ ពី​តំណែង ហើយ​ដំឡើង​ប្រធាន​មជ្ឍមណ្ឌល​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ជាតិ Christopher Miller ធ្វើជា​រដ្ឋមន្ត្រី​ស្តីទី​វិញ​។ 
 
​កន្លងទៅ លោក ត្រាំ ធ្លាប់​មានរឿង​ខ្វែងគំនិត​គ្នាច្រើន​ជាមួយ​លោក អេ​ស្ពើ ជាពិសេស​ក្រោយ​រដ្ឋមន្ត្រី​រូបនេះ​បង្ហាញ​ជំហរ​ប្រឆាំង​របស់លោក​ត្រាំ​ក្នុង​ការប្រើ​កងកម្លាំង​យោធា​ដើម្បី​បង្ក្រាប​ក្រុមបាតុករ​តវ៉ា​ជុំវិញ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រភព​មួយចំនួន អះអាងថា លោក​រដ្ឋមន្ត្រី Esper បាន​ត្រៀមខ្លួន​សុំលាលែង​ពី​តំណែង​កំពូល​នេះ ក្រោយ​យប់​បោះឆ្នោត​កាលពី​សប្ដាហ៍​មុន ប្រសិនបើ​លោក​ត្រាំ​ឈ្នះ​មួយ​អាណត្តិ​ទៀត​។ យ៉ាងណាមិញ មូលហេតុ​ដែល​លោក​ត្រាំ​បណ្ដេញ​លោក Esper ទោះ​អាណត្តិ​លោក​ជិត​ផុត​ហើយ​នោះ ពុំ​ត្រូវបាន​បញ្ជាក់​ជាក់​លា​ក់ឡើ​យ​។ 
 
​ទាក់ទិន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ ប្រធានសភា​តំណាង​មកពី​បក្ស​ប្រជាធិបតេយ្យ អ្នកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ប្រតិកម្ម​ថា ការបណ្ដេញ​លោក​រដ្ឋមន្ត្រី អេ​ស្ពើ ជា​ភស្តុតាង​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ដែល​លោក​ត្រាំ មាន​ចេតនា​ប្រើប្រាស់​ពេលវេលា​ចុងក្រោយ​លោក​ក្នុង​សេត​វិមាន​បញ្ឆេះ​ចលាចល​ក្នុង​លទ្ធិប្រជាធិបតេយ្យ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក​។ 
 
​ស្របគ្នា​នឹង​ការ​ជម្នះ​មិនទាន់​ប្រកាស​ចុះចាញ់ លោក ត្រាំ កំពុងមាន​បញ្ហា​ក្នុង​គ្រួសារ​ដែរ​។ លោក Jared Kushner ដែលជា​កូនប្រសារ និង​ជាទី​ប្រឹក្សា​សេត​វិមាន​ជាន់ខ្ពស់​ម្នាក់​ផង​នោះ បាន​ប្រាប់​ឲ្យ​លោក ត្រាំ ព្រម​ទទួលស្គាល់​លទ្ធផល​ចាញ់ឆ្នោត​។ នេះ​តាម​ការចុះផ្សាយ​របស់​ទូ​រទស្ស​ន៍​អាមេរិក CNN នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ ចំណែក ស្ត្រី​ទីមួយ Melania វិញ ក៏បាន​លើក​បញ្ហា​នេះ​ដូចគ្នា​ទៅកាន់​ស្វាមី​អ្នកស្រី​ផងដែរ​។ 
 
​យ៉ាងណាមិញ កូនប្រុស​ទាំងពីរ​រប​ស់លោក​ត្រាំ រួមមាន ដូ​ណា​ល់ Jr. និង Eric បាន​ទទូច​ឲ្យ​ឪពុក​ពួកគេ​ប្រយុទ្ធ​តតាំង​លទ្ធផល​ឆ្នោត​នេះ​បន្តទៀត​។ ពួកគេ ហើយក៏​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​និង​អ្នកគាំទ្រ​បដិសេធ​លទ្ធផល​ឆ្នោត ដែល​ប្រកាស​ដោយសារ​ព័ត៌មាន​ធំៗ​អាមេរិក​ផងដែរ ។ 
 
​នៅមុន​របាយការណ៍រ​បស់​CNN​ខាងលើ ក៏មាន​លេច​ធ្លាយ​ព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​ថា អ្នកស្រី Malania ទន្ទឹងរង់ចាំ​លែងលះ​លោក​ប្រធានាធិបតី​។ ពាក្យ​ចចាមអារ៉ាម​នេះ គឺ​ចេញពី​មាត់​របស់​អតីត​ទីប្រឹក្សា​លោក​ត្រាំ អ្នកស្រី Omarosa Manigault Newman ដែល​បាន​ប្រាប់​ទី​កាន់​សារព័ត៌មាន​អង់គ្លេស​មួយ​ថា​៖«​អ្នកស្រី Malania កំពុង​រាប់​រាល់​នាទី​ទាំងអស់ រហូតដល់​លោក (​ត្រាំ​) ចេញពី​សេត​វិមាន ដូច្នេះ​អ្នកស្រី​អាច​លែងលះ​»៕
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com