ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ជំងឺ​អញ្ចាញធ្មេញ អាច​បង្ក​គ្រោះថ្នាក់​អ្វីខ្លះ​ចំពោះ​សុខភាព​?
15, Dec 2020 , 6:59 am        
រូបភាព
​ប្រសិនបើ​អ្នក​គិតថា​មានតែ​ធ្មេញ​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ជួបប្រទះ​គ្រោះថ្នាក់​នៅពេល​មាន​ជំងឺ​អញ្ចាញធ្មេញ​នោះ ចូរ​គិត​ម្ដងទៀត​! អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​បានឱ្យដឹងថា ជំងឺ​អញ្ចាញធ្មេញ​ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង សួត ក្រពេញ​ប្រូ​ស្តា​ត និង​ផ្សេងៗ​ទៀត​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រោះថ្នាក់​នៃ​ការ​មាន​ជំងឺ​អញ្ចាញធ្មេញ ៖

 
១. បញ្ហា​បេះដូង​
 
​ជំងឺ​អញ្ចាញធ្មេញ​បង្ក​បាក់តេរី​ក្នុង​មាត់​ដែល​អាច​ជ្រៀត​ចូលក្នុង​លំហូរ​ឈាម​។ ជា​លទ្ធផល​ជញ្ជាំង​ស​សៃ​ឈាម​អាច​ទទួលរង​ការខូចខាត​និង​នាំឱ្យ​ស្ទះ​ស​សៃ​ឈាម ឬ​ការវិវត្ត​នៃ​កំណក​ឈាម​ដែលជា​អ្វីមួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នកជំនាញ​និយាយថា​ប្រសិនបើ​ការ​រលាក​កើតមាន​នៅក្នុង​មាត់​នៃ​អ្នកជំងឺ​អញ្ចាញធ្មេញ នោះ​វា​ក៏​អាច​លេចឡើង​នៅ​កន្លែង​ផ្សេងៗ​ក្នុង​រាងកាយ​ផងដែរ​។ ហើយ​បើ​យោងតាម​អ្នកឯកទេស​ខាង​ជំងឺ​បេះដូង​ការ​រលាក​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​បេះដូង​។​
 
២. ជំងឺ​ផ្លូវដង្ហើម​
 
​ក៏​ដូចនឹង​អ្វីដែល​បានលើកឡើង​ក្នុង​ចំណុច​ខាងលើ បាក់តេរី​ក្នុង​អញ្ចាញ​ដែល​រលាក​របស់​អ្នកជំងឺ​អញ្ចាញធ្មេញ គឺ​មិន​ស្ថិត​នៅតែ​ក្នុង​មាត់​ឡើយ​។ នៅពេល​អ្នកជំងឺ​អញ្ចាញធ្មេញ​ដកដង្ហើម​តាម​មាត់​នោះ​បាក់តេរី​មួយចំនួន​ក៏​អាចមាន​ឱកាស​ចូលទៅ​ដល់​ក្នុង​សួត​។ នៅពេល​បញ្ហា​នេះ​កើតឡើង​អ្នកនឹង​ប្រឈមមុខ​ជាមួយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ទងសួត​។​
 
៣. សម្រាល​មុខ​កំណត់​
 
​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​អញ្ចាញធ្មេញ​ដោយសារ​ភាពប្រែប្រួល​នៃ​អ័រម៉ូន​គួបផ្សំ​នឹង​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​។ អ្វីដែល​គួរឱ្យ​បារម្ភ​នោះ គឺ​ជំងឺ​អញ្ចាញធ្មេញ​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សម្រាល​មុន​កំណត់ ឬ​កើតមក​មិន​គ្រប់​ទម្ងន់ ឬ​ពេលខ្លះ​ទាំងពីរ​បញ្ហា​តែម្ដង​។ ទារក​ដែល​កើត​មិន​គ្រប់​ខែ​ងាយ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​សួត ជំ​ងឹ​ខាន់លឿង ព្រមទាំង​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ការ​បំបៅ​។​
 
៤. បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​
 
​បុរស​ដែលមាន​ជំងឺ​អញ្ចាញធ្មេញ​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​។​
 
៥. ជំងឺមហារីក​
 
​ការ​មាន​ជំងឺ​អញ្ចាញធ្មេញ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យ​ព្រួយបារម្ភ​។ នេះ​ក៏​ព្រោះតែ​ការ​រលាក​និង​បាក់តេរី​ដែល​ពាល់​ព័ន្ធ​ជាមួយ​ជំងឺ​អញ្ចាញធ្មេញ​។ ការ​រលាក​ជា​ញឹកញយ​ផ្សារភ្ជាប់​នឹង​ការកើតឡើង​នៃ​ជំងឺមហារីក​មួយចំនួន​។ ហើយ​បាក់តេរី​ដែល​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​អញ្ចាញធ្មេញ​ជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​ជំងឺមហារីក​បំពង់​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com