អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លទ្ធផល​បឋម​៖ បក្ស​លោកស្រី ស៊ូ​ជី ទទួលបាន​កៅអី​ភាគច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​
10, Nov 2020 , 5:39 pm        
រូបភាព
អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ កាន់រូបថតរបស់លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ កាន់រូបថតរបស់លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
​លទ្ធផល​បឋម ដែល​បានមកពី​មណ្ឌលបោះឆ្នោត បាន​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ (NLD) បានទទួល​សំឡេង​យ៉ាងច្រើន​នៅក្នុង​សភា​សហព័ន្ធ​។ ចំនួន​នេះ គឺ​គ្រាប់​គ្រាន់​សម្រាប់​បក្ស​NLD ក្នុង​ការបង្កើត​រដ្ឋាភិបាល​។ នេះ​បើតាម​ក​សារ​ព័​ត័​មាន​ក្នុងស្រុក Thr Irrawaddy ។​

 
​មកទល់ពេលនេះ មី​យ៉ាន់​ម៉ា មិនទាន់មាន​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅឡើយ​ទេ​។ ប៉ុន្តែ​ដោយ​ផ្អែក​តាម​លទ្ធផល​បឋម ដែល​បានមកពី​មណ្ឌលបោះឆ្នោត​នីមួយៗ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​បក្ស​កាន់អំណាច​របស់​មី​យ៉ាន់​ម៉ា បានទទួល​សំឡេងឆ្នោត​យ៉ាងច្រើន​នៅក្នុង​សភា​សហព័ន្ធ​។ សភា​សហព័ន្ធ គឺជា​សភា​រួមគ្នា​រវាង​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Irrawady បក្ស​NLD បានឈ្នះ​កៅអី​គ្រប់គ្រាន់​នៅក្នុង​សភា​សហព័ន្ធ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​។ តាម​លទ្ធផល​បឋម​នេះ បក្ស​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​ទីប្រឹក្សា​រដ្ឋ បានទទួល​សំឡេង​រហូតដល់​ទៅ ៣៩៧​ឯណោះ ពោលគឺ​លើសពី​សំឡេង​ត្រូវការ​ក្នុង​ការបង្កើត​រដ្ឋាភិបាល មាន​ចំនួន ៣៣២​កៅអី​។ តួលេខ​បឋម​នេះ គឺ​លើសពី​ចំនួន ដែល​បក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ​បានឈ្នះ​កាលពី​ឆ្នាំ​២០១៥ ដែលមាន​ចំនួន ៣៩០​កៅអី​។ 
 
​យ៉ាងណាមិញ គិត​ត្រឹម​ម៉ោង​៥​ល្ងាច តាម​តួលេខ​ផ្លូវការ​វិញ បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា បាន​កាន់កាប់​កៅអី​សភា​ជាន់​ទាប​បាន​ចំនួន​២៣៨​លើ​៣១៥ សភា​ជាន់ខ្ពស់​បាន​ចំនួន​១១២​លើ​១៦១ និង​សភា​រដ្ឋ និង​តំបន់​បាន​ចំនួន ៣៥១​លើ​៦១២​។ 
 
​សម្រាប់​ការបោះឆ្នោត​លើក​នេះ​នេះ លោកស្រី ស៊ូ​ជី បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ជាន់​ទាប​ហើយ ប៉ុន្តែ​លោកស្រី​អាច​នឹង​លាលែង​ពី​តំណែង​នេះ ដើម្បី​ទៅកាន់​កាប់​កិច្ចការ​នៅក្នុង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​វិញ​។ តាមច្បាប់​មី​យ៉ាន់​ម៉ា សមាជិកសភា មិន​អាចមាន​តំណែង​ក្នុង​រដ្ឋាភិបាល​ឡើយ​។ 
 
​នៅក្នុង​ការបោះឆ្នោត​នេះ ប្រមុខ​ការទូត​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​ហៅ​ដំណើរការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា ថា​ជា​ការឈាន​ជំហាន​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ដ៏​សំខាន់​ផងដែរ ប៉ុន្តែ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ធានា​ពី​តួលេខ​នៃ​ការបោះឆ្នោត និង​ដោះស្រាយ​បណ្តឹង​បោះឆ្នោត​ឲ្យ​បាន​តម្លាភាព និង​ក្នុង​ភាព​ទុកចិត្ត​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com