បទយកការណ៍ / បទសម្ភាសន៍
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​បណ្ឌិត កា ម៉ា​ធុល​៖ លោក បៃ​ឌិន នឹង​ស្ដារ​ឥទ្ធិពល​អាមេរិក​ឡើងវិញ តាមរយៈ​«​នយោបាយ​ពហុភាគី​និយម​បែប​កៀងគ​» (ភាគ១)
10, Nov 2020 , 9:30 pm        
រូបភាព
លោក​បណ្ឌិត កា ម៉ា​ថុល អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា
លោក​បណ្ឌិត កា ម៉ា​ថុល អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ​៖ ដ្បិត​មិនទាន់មាន​ការប្រកាស​ផ្លូវការ​ក្តី ប៉ុន្តែ​លោក ចូ បៃ​ឌិន ត្រូវបាន​គេ​សន្និដ្ឋាន​ទុក​មុន​ថា នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក តាមរយៈ​សំឡេងគាំទ្រ​២៩០​អង្គ​តំណាង​សភា​អាមេរិក ខណៈដែល​លោក ដូ​ណា​ល់ ត្រាំ ទើប​តែមាន​សំឡេង​២១៤​។ លោក ចូ បៃ​ឌិន ជា​អ្នកនយោបាយ​ការទូត​ជើងចាស់​មួយ ដែលមាន​បទពិសោធន៍ និង​ទស្សនវិស័យ​វែងឆ្ងាយ​។ ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​ទិ​៤៦​នេះ លោក បៃ​ឌិន នឹង​អាច​ស្ដារ​ឥទ្ធិពល​អាមេរិក​ឡើងវិញ តាមរយៈ​«​គោលនយោបាយ​ពហុភាគី​និយម​បែប​កៀងគរ​»​។ នេះ​ជាការ​មើលឃើញ​របស់លោក​បណ្ឌិត កា ម៉ា​ធុល អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិនៃ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​


 
​លោក កា ម៉ា​ធុល មើលឃើញថា លោក បៃ​ឌិន នឹង​ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន ដែល​បន្សល់ទុក​ពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដូចជា បញ្ហា​កូ​វីដ​-១៩, សេដ្ឋកិច្ច និង​ការរើសអើង​ពូជសាសន៍ក្នុងប្រទេស។ 
 
មិនតែប៉ុណ្ណោះ ក៏មាន​បញ្ហា​ទំនាក់ទំនង​អន្តរជាតិ​ផ្សេងទៀត​ផងដែរ រួមមាន ការជួសជុល​ផ្លូវចិត្ត​សម្ព័ន្ធ​អាមេរិក​ឡើងវិញ ដែល​រដ្ឋបាល​លោក ត្រាំ បាន​បង្ក​ការ​អាក់អន់ចិត្ត​ដល់​ពួកគេ​កន្លងមក​។ ជាពិសេស​ការ​ត្រឡប់​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ធំៗ​ផ្សេងទៀត ដែល​លោក ត្រាំ បាន​ដកខ្លួន​ចេញ​ដែរនោះ មានដូចជា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ , កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង , កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក និង​អង្គការ​សុខភាព​ពិភពលោក​ជាដើម​។ បញ្ហា​ទាំងនេះ កំពុងរង់ចាំលោក បៃ​ឌិន ដោះស្រាយ​។​

​សូម​លោក​-​អ្នកនាង ស្តាប់​កិច្ច​សម្ភាស​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយ​លោក​បណ្ឌិត កា ម៉ា​ធុល អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃកម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ​៖


 
បើតាម​លោក កា ម៉ា​ធុល , លោក បៃ​ឌិន នឹង​ចូលខ្លួន​ដោះស្រាយ​បញ្ហា​ទាំងនេះ តាមរយៈ​គោល «​នយោបាយ​ពហុភាគី​និយម​បែប​កៀងគ​» ដោយ​ប្រមែប្រមូល​សម្ព័ន្ធមិត្ត និង​ប្រទេស​លទ្ធិប្រជាធិបតេយ្យមក​កៀក​ខ្លួន ដើម្បី​ពង្រឹង​ឥទ្ធិ​ល​អាមេរិក ក៏ដូចជា​ទប់ស្កាត់​ឥទ្ធិពល​ចិន​លើ​ឆាក​អន្តរជាតិ​។ លោក ម៉ា​ធុល មើលឃើញថា លោក បៃ​ឌិន នឹង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ព្រោះ​លោក​មានបទពិសោធន៍ និង​ទស្សនវិស័យ​វែងឆ្ងាយ ។ ត្រង់ចំណុច​នេះ​លោក ម៉ា​ធុល បាន​សង្កត់ធ្ងន់ថា លោក បៃ​ឌិន ជា​មនុស្ស​ពូកែ​សម្របសម្រួល​, ចេះ​ធ្វើ​អន្តរាគមន៍ និង​ម៉ឹងម៉ាត់ ដោយ​ចេះ​ធ្វើការ​សម្រេចចិត្ត​ច្បាស់លាស់​។​
 
​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃកម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញ​ដូច្នេះ​ថា​៖«​នៅពេលនេះ លោក បៃ​ឌិន នឹង​ប្រើ​សមត្ថភាព​ពិតប្រាកដ​ក្នុងនាម​ប្រធានាធិបតី ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​ពិភពលោក ដោយ​ពិភពលោក​សព្វថ្ងៃនេះ កំពុងតែ​ខ្ទិចខ្ទាំ​ដោយសារតែ​លោក​ប្រធានាធិបតី ត្រាំ​។ អ៊ីចឹង​ខ្ញុំ​ជឿថា លោក​ត្រូវ​ប្រើពេល​វេលា ហើយនឹង​សមត្ថភាព​ដ៏​សមស្រប​របស់លោក នឹង​អាច​ដោះស្រាយ​បញ្ហា​ពិភពលោក​»​។​
 
​ងាក​មក​និយាយ​បញ្ហា​ប្រទាញប្រទង់​អំណាច​ជាមួយ​ចិន​វិញ លោក កា ម៉ា​ធុល នៅតែ​មើលឃើញថា រដ្ឋបាល​លោក បៃ​ឌិន ក៏​មិន​ខុសពី​មេដឹកនាំ​អាមេរិក​មុនៗ​ដែរ ពោលគឺ​លោក បៃ​ឌិន នឹងមិន​បន្ធូរដៃ​ឱ្យ​ចិន​ទេ ។ បើតាម​លោក ម៉ា​ធុល , លោក បៃ​ឌិន នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ខ្លួន ដើម្បី​រាំងខ្ទប់​ឥទ្ធិពល​ចិន​។ 
 
​ដ្បិត​លោក បៃ​ឌិន នឹងរាំងខ្ទប់​ឥទ្ធិពល​ចិន​ក្តី ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ នឹង​ដើរ​គោលនយោបាយ​ការបរទេស​កៀក​ចិន ដើម្បី​ទាញ​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ា​ធុល ដែល​បាន​បន្ថែមថា ចិន និង​អាមេរិក នៅតែ​ត្រូវការ​គ្នា ដើម្បី​ទាញ​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​៕

Tag:
 កា​ម៉ា​ថុល​
  បៃ​ឌិន​
  ភូមិសាស្ត្រ​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com