អន្តរជាតិ
នយោបាយអន្តរជាតិ
បោះឆ្នោតមីយ៉ាន់ម៉ា៖ បក្សប្រឆាំងធំជាងគេ ទាមទារបោះឆ្នោតម្ដងទៀត ក្រោយចាញ់បក្ស ស៊ូជី អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យអបអរតាមផ្លូវ។ រូបភាព AFP
× បក្សប្រឆាំងធំជាងគេរបស់មីយ៉ាន់ម៉ា បានទាមទារឲ្យមានការររៀបចំការបោះឆ្នោតឡើងវិញ ដោយអះអាងថា ការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា មានភាពមិនប្រក្រតីជាច្រើន។ បក្សសាមគ្គី និងអភិវឌ្ឍន៍សហភាព (USDP) ដែលជាបក្សមានការគាំទ្រពីយោធាផងនោះ ចង់ឲ្យការបោះឆ្នោតថ្មីមានការចូលរួមពីយោធាដែរដើម្បីធានាសុក្រឹត្យភាព។ បើតាមលទ្ធផលបឋម បក្ស USDP មានគម្លាតឆ្ងាយខ្លាំងពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។
បក្សសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលជាបក្សប្រឆាំងធំជាងគេ និងធ្លាប់ដឹកនាំមីយ៉ាន់ម៉ាផង ទទួលបានកៅអីសភាចំនួន២១ប៉ុណ្ណោះ ពីការបោះឆ្នោតទូទៅថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើតាមលទ្ធផលរាប់សន្លឹកឆ្នោតបឋម ខណៈបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ឈ្នះកៅអីសរុប៣៩៩ ដែលលើសពីចំនួនត្រូវការ (៣២២កៅអី) ដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិទីពីរ។
បក្ស USDP ដែលរងបរាជ័យដ៏អាម៉ាស់ជាលើកទីពីរ មិនព្រមចុះចាញ់ដោយងាយឡើយ។ នាសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែវិច្ឆិកា អតីតបក្សកាន់អំណាចមួយនេះអះអាងថា គណៈកម្មការរៀបចំការបោះឆ្នោតជាតិ បរាជ័យក្នុងការគ្រប់គ្រងការបោះឆ្នោតឲ្យបានត្រឹមត្រូវ ហើយស្នើឲ្យរៀបចំការបោះឆ្នោតម្ដងទៀត ដែលមានវត្តមានយោធាចូលរួមផង។
«ដើម្បីការបោះឆ្នោតសេរី មិនលំអៀង និងមានរបៀប ត្រូវរៀបចំការបោះឆ្នោតម្ដងទៀតដោយមានកិច្ចសហការពីយោធា។» មន្ត្រីបក្ស USDP ម្នាក់និយាយបែបនេះក្នុងសន្និសីទសារព័ត៌មានដដែល។
បើតាមសារព័ត៌មានThe Irrawaddy បក្ស USDP ចោទថា គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកបក្ស NLD ក្មេងៗឲ្យបំពេញការងារក្នុងការិយាល័យបោះឆ្នោតនៅតំបន់ដែលមិនមានគ្រពបង្រៀនគ្រប់គ្រាន់ ការពន្យាររយៈពេលបោះឆ្នោតមុនកំណត់សម្រាប់មនុស្សអាយុ៦០ឆ្នាំឡើង និងបញ្ជីឈ្មោះមានបញ្ហាជាដើម។ បក្សប្រឆាំងមួយនេះក៏ចោទរដ្ឋាភិបាលថា ទិញសន្លឹកឆ្នោតតាមរយៈការចែកអង្ករ និងប្រេងឆាឲ្យប្រជាជនរងគ្រោះដោយសារ COVID-19 ទោះជាសកម្មភាពបែបនេះត្រូវបានធ្វើតាំងពីជំងឺនេះរាតត្បាតក្ដី។
តបនឹងការចោទប្រកាន់ គណៈកម្មការរៀបចំការបោះឆ្នោតជាតិមីយ៉ាន់ម៉ា លើកឡើងថា សំឡេងបក្សប្រឆាំងមិនប៉ះពាល់ការងាររបស់ខ្លួនឡើយ។ លោក U Myint Naing សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតត្រូវបានធ្វើឡើងដោយជោគជ័យ ទោះ COVID-19 ជាបញ្ហាប្រឈមក្ដី ហើយការបោះឆ្នោតនេះ ត្រូវបានទទួលស្គាល់ជាទូទៅថា អាចទទួលយកបាន។
មជ្ឈមណ្ឌលកាទ័ររបស់អតីតប្រធានាធិបតីអាមេរិក ជីមី កាទ័រ ដែលចូលរួមសង្កេតការណ៍ និយាយថា អ្នកបោះឆ្នោតមីយ៉ាន់ម៉ា មានសេរីភាពអាចឆន្ទៈរបស់ខ្លួន និងជ្រើសរើសតំណាងរបស់ពួកគេ។ មជ្ឈមណ្ឌលដដែលបន្តថា មិនមានភាពមិនប្រក្រតីធំដុំណាមួយក្នុងការិយាល័យបោះឆ្នោតឡើយ៕
Tag:
បោះឆ្នោតមីយ៉ាន់ម៉ា
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com