ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូត​ខ្មែរ​នៅ​អាមេរិក​ថា ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​ខ្មែរ តែ​មិនមែន​ក្រុម​ក្រៅច្បាប់​
12, Nov 2020 , 11:49 am        
រូបភាព
ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ពេលយកសំណើទៅដាក់នៅមុខស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង)
ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ពេលយកសំណើទៅដាក់នៅមុខស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង)
​ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង បាន​យក​សំណើ​ទៅ​ដាក់​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​សុំ​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ដល់​ពួកគេ​ឡើងវិញ​។ ដោយសារតែ​ស្ថានទូត​បិទទ្វារ​និង​គ្មាន​តំណាង​ណា​ម្នាក់ ចេញ​ជួប​ពួកគេ ពួកគេ ក៏​ដាក់សំណើ​នោះ ក្នុង​ប្រអប់​ប្រៃសណីយ៍​នៅ​នឹង​របង​ស្ថានទូត​។



​ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង ដែល​យក​សំណើ​ទៅ​ដា​ក់នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន មាន​អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង និង លោក ឡុង រី ជាដើម​។ តាមរយៈ​ការផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ពេល​យក​សំណើ​ទៅ​ដា​ក់នៅ​ស្ថានទូត អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ជា​សំណួរ​ថា ហេតុអ្វី​ថ្ងៃ​ហ្នឹង​បិទទ្វារ​? ឬមួយ​ក៏មាន​ការរើសអើង​ខាង​ផ្លូវ​នយោបាយ​? បន្ទាប់មក​អ្នកស្រី ថ្លែងថា​៖«​យើង មាន​សិទ្ធិ​ស្មើគ្នា អត់​មាន​ត្រូវការ​រើសអើង​ទេ​»​។  
 
​អ្នកស្រី ជឿជាក់ថា ស្ថានទូត នឹង​មិនអាច​បិទទ្វារ​រាល់ថ្ងៃ​ឡើយ​។ អ្នកស្រី អះអាងថា ក្រុម​អ្នកស្រី នឹង​បន្តទៅ​ស្ថានទូត​ទៀត រហូត​ទាល់តែ​បាន​ជួប​មន្ត្រី​តំណាង​ស្ថានទូត​។
 
​លោក អ៊ាង ឆៃអ៊ាង ជា​អនុប្រធាន​អតីត​គណបក្សប្រឆាំង​ដែរនោះ សម្តែង​ការសោកស្តាយ ហើយ​ហៅ​ការបិទទ្វារ​របស់​ស្ថានទូត ក្នុង​ថ្ងៃ​ដែល​មិនមែនជា​ថ្ងៃ​ឈប់សម្រាក ថា​ជា​រឿង​ចម្លែក​។ លោក ចាត់ទុកស្ថានទូត ថាមិន​បានធ្វើ​កិច្ចការ​អ្វី សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ឡើយ​។ 
 
​លោក បន្តថា ស្ថា​នទូត ត្រូវធ្វើ​កិច្ចការ​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​មិនត្រូវ​គិត​រឿង​នយោបាយ​នោះទេ​។ លោក បន្ថែមថា ក្រុម​លោក បាន​ជូនដំណឹង​ជាមុន​រួចហើយ ពី​ការយក​សំណើ​ទៅ​ដាក់​នៅ​ស្ថានទូត​។ លោក ចោទ​ជា​សំណួរ​ថា​៖«​កាលណា ទូត អត់​ទទួល​អ៊ីចឹង តើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក សង្ឃឹមលើ​អី​?»​។ 
 
​លោក លើកឡើងថា ស្ថានទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ មិន​រើសអើង មិន​បែងចែក​ប្រជាពលរដ្ឋ​ឡើយ ដោយ​ស្វាគមន៍​ប្រជាពលរដ្ឋ​គ្រប់រូប ទោះ​ឯកអគ្គរដ្ឋទូត​ឬ​ឯកអគ្គរាជទូត កាន់​គណបក្ស​ណាក៏ដោយ​។ សរសើរស្ថានទូត​នៃ​ប្រទេស​ដទៃ​​រួចហើយ លោក ក៏រិះគន់ស្ថានទូត​កម្ពុជា​ថា​៖«​ដោយឡែក ទូត​ខ្មែរ​នេះ យ៉ាប់​មែនទែន គ្រប់កន្លែង មិនមែន​តែ​នៅ​សហរដ្ឋអាមេរិក​ទេ គឺ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ តំណាង​ឲ្យ​បក្ស​សុទ្ធសាធ អាហ្នឹង​គឺ​ទូត​គណបក្ស​»​។​
 
​ក្រោយរងការរិះគន់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង ថាមានការរើសអើងឬការបែកចែកប្រជាពលរដ្ឋបែបនេះ ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចាំបាច់​ត្រូវ​ចេញមក​បកស្រាយ​។ អ្នកនាំពាក្យ​ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លើក​ហេតុផល​ក្នុង​សេចក្តីថ្លែងការណ៍​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល​ហើយ ដូច្នេះ ការដែល​ស្ថានទូត មិន​រវល់​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ មិនអាច​យកមក​ចោទថា ស្ថានទូត មិន​ទទួល​ជួបប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ​។​
 
​សេចក្តីថ្លែងការណ៍ ដែល​ចេញ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ សរសេរថា​៖«​អ្នកនាំពាក្យ​របស់​ស្ថា​ទូត សូម​ទាត់ចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ខាងលើនេះ ស្របពេល​ជាមួយគ្នានេះ សូម​អះអាង​ពី​មោទនភាព​របស់​ស្ថានទូត​ក្នុងការ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទូទៅ តែ​មិនមែន​ជាមួយ​បុគ្គល​ក្រៅច្បាប់​ឡើយ​»​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល អ្នកនាំពាក្យ លើក​ពី​ចំណុច​ល្អ​ថា ស្ថានទូត បាន​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ស្ថានទូត​និង​សហគមន៍​ខ្មែរ នៅក្រៅ​ប្រទេស​។ អ្នកនាំពាក្យ រៀបរាប់​ទៀតថា ស្ថានទូត បាន​យកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ក្នុង​ការផ្តល់សេវា​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ 
 
​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន លោក អ៊ាង ឆៃអ៊ាង សួរថា មានច្បាប់​ណា ដែល​ដាក់​ក្រុម​លោក ឲ្យ​នៅក្រៅ​ច្បាប់​? លោក ការពារ​ក្រុម​លោក​ថា​៖«​ពួក​ខ្ញុំ នៅក្នុង​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​»​។​
 
​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​ទាំង​១២​រូប​នៃ​អតីត​គណបក្សប្រឆាំង ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា បញ្ចប់​សុ​ភព​ភាព កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ អ្នក​ទាំង​១២​រូបនោះ គឺ អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់​ដេ​ត  លោក គង់ សភា លោក វ៉ាន់ ណា​រិ​ទ្ធ លោក ដាង ចំរើន លោក ញឹម គិ​ម​ញុ​ល លោក ហេង ដា​ណា​រ៉ូ លោក អ៊ី​សា ឧស្មាន និង លោក ម៉ន ផល្លា​។ ការស្នើសុំ​ឲ្យ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ឡើងវិញ​នេះ គឺជា​ការស្នើសុំ​របស់​អ្នក​ទាំង​១២​នាក់​នោះ​។ 
 
​តាមពិតទៅ នៅមាន​មន្ត្រី​និង​សកម្មជន​២៧​នាក់​ទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បានបញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ដែរ កាលពី​អំឡុង​ឆ្នាំ​២០១៩​។ តែ​អ្នក​ទាំង​២៧​នាក់​នោះ មិនទាន់​ធ្វើសំណើ​សុំ​ឲ្យ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​វិញ​ឡើយ​។ 
 
​តុលាការ បាន​ហៅ​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់លោក ឲ្យ​វិល​មក​ចូលរួម​សវនាការ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​បទ​ចោទ​ឧបឃាត ដែល​សំដៅលើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ លោក អេង ឆៃអ៊ាង និយាយ​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ដើម្បី​អាច​ឲ្យ​ក្រុម​លោក វិល​មក​កម្ពុជា ហើយ​ចូលរួម​សវនាការ​បាន លុះត្រាតែ​រដ្ឋាភិបាល ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ដល់​ក្រុម​លោក​ទាំងអស់គ្នា​វិញ​។ យ៉ាងណាក៏ដោយ គម្រោង​បើកសវនាការ​ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​ម្សិលមិញ ត្រូវបាន​លើក​ពេល​៕  
 

Tag:
 CNRP
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com