ជាតិ
សង្គមជាតិ
NGO រំពឹងថា លោក បៃ​ឌិន នឹង​ធ្វើឱ្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពប្រសើរ​ឡើងវិញ​
12, Nov 2020 , 9:59 pm        
រូបភាព
 លោក ចូ បៃឌិន
លោក ចូ បៃឌិន
​ភ្នំពេញ​៖ ក្រុម​អ្នក​សិទ្ធិមនុស្ស នៅ​កម្ពុជា បាននាំគ្នា​សាទរ​នឹង​ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦ របស់លោក ចូ បៃ​ឌិន (Joe Biden)​។ ក្រុម​សិទ្ធិមនុស្ស រំពឹងថា ការជាប់​ជា​ប្រធានាធិបតី​អាម​រិ​ក​របស់លោក​ប៉ៃ​ឌិន នឹងធ្វើ​ឱ្យ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ទាំង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។



​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី​ចក់ សុភាព ឃើញថា សហ​អាមេរិក ដែល​ស្ថិតនៅក្រោម​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ ក្នុង​រយៈពេល​៤​ឆ្នាំ (​ពី​ឆ្នាំ​២០១៦-​ឆ្នាំ​២០២០)​កន្លងមក មិន​បានឱ្យ​តម្លៃ​ច្រើន​ទៅលើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ប៉ុន្មាន​ទេ​។ ដូច្នេះ អ្នកស្រី ចក់ សុភាព ជឿជាក់ថា បញ្ហា​ទាំងនេះ នឹង​អាច​ល្អប្រសើរ​ឡើងវិញ ក្នុង​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ទី​៤៦​របស់លោក ចូ បៃ​ឌិន មកពី​បក្ស​ប្រជាធិបតេយ្យ ។ 
 
​បើតាម​អ្នកស្រី សុភាព លោក បៃ​ឌិន ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ និង​ឱ្យ​គុណ​តម្លៃ​ទៅលើ​ការរួបរួម​ជាតិ ជាពិសេស​ចេះ​សហប្រតិបត្តិការ​រួមគ្នា ជាមួយ​ប្រទេស​ដទៃទៀត រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ។ «​យុទ្ធសាស្ត្រ​នេះ នឹង​ជួយ​ធ្វើឱ្យមាន​ភាពប្រសើរឡើង​នៅ​ផ្នែក​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​។ យុទ្ធសាស្ត្រ​នេះ មិន​ត្រឹម​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជា នោះទេ គឺ​ថែមទាំង​បង្កើន​ការយកចិត្តទុកដាក់ លើ​ការគាំទ្រ​ដល់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ក្នុង​កិច្ចការងារ ដែល​កម្ពុជា​អាច​ស្តារ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតី​ផងដែរ​»​។​នេះ​ជាការ​លើកឡើង​របស់​នា​យិ​កា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 


អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) 

​សម្រាប់​អ្នកស្រី​ចក់ សុភាព ថ្វី​ដ្បិត​សហ​អាមេរិក​មិនអាច​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បាន​ក៏ពិតមែន ប៉ុន្តែ​អាមេរិក​គឺអាច​ចូលរួមចំណែក​គាំពារ​បាន តាមរយៈ​កិច្ចសហការ ការគាំទ្រ​ដល់​កិច្ចការងារ​ជាច្រើន​ដែល​ស្របទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។​
 
​ស្រដៀង​គ្នា​នេះដែរ លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ ជឿជាក់ថា សហរដ្ឋ​អាម​រិ​ក ក្នុង​អាណត្តិ លោក ចូ បៃ​ឌិន នឹង​យកចិត្តទុកដាក់​លើក​ម្ពុ​ជា ជាពិសេស​លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ បើតាម​លោក អំ សំអាត ការជួយ​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ពី​សំណាក់​សហ​អាមេរិក គឺ​តាមរយៈ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP)  និង​ជំនួយ​សង្គម​ផ្សេងៗ​។ 
 
​សហរដ្ឋអាមេរិក ក៏​ជាទី​ផ្សារ​មួយ​យ៉ាង​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ ដែល​ទាក់ទង​នឹង​GSP​នេះ​។ តាមរយៈ​GSP​នេះ សហ​អាម​រិ​ក​ក្រោម​រដ្ឋបាល​របស់លោក​ចូ បៃ​ឌិន ដែល​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​នោះ គឺ​នឹង​ទាមទារ​ឱ្យ​កម្ពុជា​គោរព​នឹង​លក្ខខណ្ឌ​ជាតិ និង​អន្តរជាតិ ដើម្បី​ទទួលបាន​ប្រយោជន៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ នេះ​ជាការ​លើកឡើង​របស់លោក អំ សំអាត​។​
​លោក អំ សំអាត បាន​និយាយ​ដូច្នេះ​៖«[​ក្នុង​អាណត្តិ​លោក ចូ បៃ​ឌិន​]  នឹង​អាចជួយ​ជំរុញ​កម្ពុជា ឱ្យមាន​ការអនុវត្ត​ល​ទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដូចនឹង​អាណត្តិ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដឹកនាំ​សហរដ្ឋអាមេរិក ផងដែរ​»​។ 


លោក អ៊ុំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ 

​រីឯ អ្នកតាមដាន​គណនេយ្យ​ភាព​សង្គម​សង្គម​វិញ ក៏​មើលឃើញ​មិន​ខុស​ប៉ុន្មាន ពី​ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​។ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​លើកឡើងថា លោក ចូ បៃ​ឌិន នឹង​នាំយក​ការដឹកនាំ​របៀប​ថ្មី ដើម្បី​ស្តារ ឬ​ពង្រឹង​នូវ​ការគោរព​លទ្ធិ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​អាមេរិក ក៏​មិន​បោះបង់ចោល​កម្ពុជា​ដែរ​។​
«​អាមេរិក នឹង​នូវតែ​គិតគូ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ហ្នឹង​»​។ នេះ​ជាការ​លើកឡើង​របស់លោក សន ជ័យ  ដោយ​បន្តថា លោក បៃ​ឌិន នឹង​ងាក​មក​ចាប់​អាស៊ាន​ជាថ្មី​ម្ដងទៀត ដែល​ផ្ទុយ​ពី​នយោបាយ​ការបរទេស​របស់លោក ត្រាំ​។ 
 
​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​អាមេរិក បាន​បង្ហាញថា លោក ចូ បៃ​ឌិន មកពី​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ​បានទទួល​សំឡេង​សរុប​២៩០​អង្គ​ប្រតិភូ​សភា​តំណាង ដោយ​អាចមាន​លទ្ធភាព​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទី​៤៦​របស់​សហរដ្ឋអាមេរិក នៅក្នុង​ខែមករា ឆ្នាំ​២០២១ ខាង​មុននេះ​។ អនាគត​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ក្នុង​វ័យ​៧៧​ឆ្នាំ​រូបនេះ បាន​នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ដោយ​ទើប​ទទួលបាន​ត្រឹមតែ​២១៤​សំឡេង ប៉ុណ្ណោះ ខណៈ​ការបោះឆ្នោត​នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​តវ៉ា​ឱ្យមាន​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ ពី​លោក ត្រាំ ៕ 


លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា​

Tag:
 សិទ្ធមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com