អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​ប្រជាធិបតេយ្យ​ធ្លាក់ចុះ​សំឡេង​នៅ​សភា​តំណាង ឯ​បក្ស​សាធារណរដ្ឋ​ទំនង​បន្តកាន់កាប់​ព្រឹទ្ធសភា​
12, Nov 2020 , 10:29 pm        
រូបភាព
អាគារសភាអាមេរិក។  រូបភាព៖ AFP
អាគារសភាអាមេរិក។ រូបភាព៖ AFP
ដោយ:
​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​នៃ​សភា​ទាំង​២​ថ្នាក់​របស់​អាមេរិក បង្ហាញថា បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុងការ​គ្រប់គ្រង​សភា​តំណាង ខណៈ​បក្ស​សាធារណរដ្ឋ​ទំនងជា​បន្តកាន់កាប់​ព្រឹទ្ធសភា​។ ការបោះឆ្នោត​ព្រឹទ្ធសភា​អាមេរិក មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដ្បិតអី​អាសនៈ​ព្រឹទ្ធសភា​ចំនួន​២ នៅ​រដ្ឋ Georgia នឹងត្រូវ​ប្រកួតប្រជែង​ជុំ​ទី​២​នៅ​ថ្ងៃទី​៥ មករា ២០២១​។​


​បើទោះបី​ជាការ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​សភា​តំណាង​ពុំទាន់​ប្រកាស​ជា​ផ្លូវការ​ក្តី បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​អាសនៈ​២១៨ ដែលជា​ចំនួន​អាសនៈ​ចាំបាច់​ក្នុងការ​គ្រប់គ្រង​សភា​តំណាង​អាមេរិក​។ នេះ​បើតាម​លទ្ធផល​បណ្ដោះអាសន្ន ដែល​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​។ ចំណែកឯ​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​អាសនៈ​ចំនួន​២០២​។ 
 
​គិត​ត្រឹម​តួលេខ​បច្ចុប្បន្ន បក្ស​ប្រជា​ធិ​ប​តយ្យ​បាត់បង់​អាសនៈ​ចំនួន​៥ ខណៈ​បក្ស​សាធារណៈរដ្ឋ​ទទួលបាន​អាសនៈ​បន្ថែមចំនួន​៦​។ យ៉ាងណាក្តី​មាន​អាសនៈ​ចំនួន​១៥​ផ្សេងទៀត​ដែល​មិនទាន់​ប្រកាស​លទ្ធផល​ដោយសារតែ​ពុំទាន់​បាន​រាប់​សន្លឹកឆ្នោត​ចប់សព្វគ្រប់​។ សភា​តំណាង​អាមេរិក មាន​តំណាងរាស្ត្រ​ចំនួន​៤៣៥​រូប និង​មាន​អាណត្តិ​២​ឆ្នាំ​។​
 
​ចំណែក​លទ្ធផល​ព្រឹទ្ធសភា​វិញ​បង្ហាញថា បក្ស​សាធារណរដ្ឋ​កំពុង​នាំមុខ​ដោយ​ទទួលបាន​អាសនៈ​ចំនួន​៥០ ខណៈ​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​៤៨​អាសនៈ​។ ដើម្បី​អាច​គ្រប់គ្រង​ព្រឹទ្ធសភា​បាន បក្ស​នីមួយៗ​ត្រូវ​កាន់កា់ប​អាសនៈ​យ៉ាងហោចណាស់​៥១​។ 
 
​អាសនៈ​២​ទៀត​នៅ​រដ្ឋ​Georgia ពុំទាន់​ប្រកាស​លទ្ធផល​ដោយសារ​ច្បាប់បោះឆ្នោត​ក្នុង​រដ្ឋ​នេះ​តម្រូវ​ឲ្យ​បេក្ខជន​ទទួលបាន​សម្លេង​លើសពី​៥០​ភាគរយ​។ ដោយ​ពុំមាន​បេក្ខជន​ណា​ទទួលបាន​សំឡេង​គ្រប់គ្រាន់ ការបោះឆ្នោត​មួយ​ជុំ​ទៀត​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៥ មករា ឆ្នាំ​២០២១​។ ផ្ទុយ​ពីស​ភា​តំណាង ព្រឹទ្ធសភា​អាមេរិក បោះឆ្នោត​រើស​សមាជិក​ថ្មី​ចំនួន​តែ​១​ភាគ​៣​នៃ​សមាជិក​សរុប​ដែលមាន ចំនួន​១០០​រូប ប៉ុណ្ណោះ ហើយ​សមាជិក​នីមួយៗ​មាន​អាណត្តិ​៦​ឆ្នាំ​។​
 
​នៅ​អាមេរិក ការអនុម័ត​ច្បាប់​ត្រូវការ​ការយល់ព្រម​ពី​សភា​តំណាង និង​ព្រឹទ្ធសភា​។ ប៉ុន្តែ​ព្រឹទ្ធសភា​អាមេរិក មានអំណាច​ច្រើនជាង​ដោយសារ​តែមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ទៅលើ​បេក្ខភាព​ចៅក្រម ឧ​ត្ត​ម​សេនីយ៍ រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​ជាន់ខ្ពស់ ដែល​ស្នើ​ដោយ​ប្រធានាធិបតី​។ បើ​បក្ស​ប្រជាធិបតេយ្យ  មិនមាន​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ទេ នោះ​រដ្ឋបាល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន នឹង​ជួប​បញ្ហា និង​ពិបាក​ក្នុងការ​អនុម័ត​ច្បាប់ និង​តែងតាំង​មន្ត្រី​សំខាន់ៗ​ណាស់​៕
 

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com