អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ត្រាំ ផ្ដើម​បន្ទន់​ជំហរ​រឿង​ជ័យជម្នះ​លោក បៃ​ឌិន
14, Nov 2020 , 11:22 am        
រូបភាព
ប្រធានាធិបតី ដួណាល់ ត្រាំ ថ្លែងសុន្ទរកថានៅសេតវិមានអាមេរិក នៅថ្ងៃទី ១៣ ខែវិច្ឆិកា ។ រូប៖AP
ប្រធានាធិបតី ដួណាល់ ត្រាំ ថ្លែងសុន្ទរកថានៅសេតវិមានអាមេរិក នៅថ្ងៃទី ១៣ ខែវិច្ឆិកា ។ រូប៖AP
ដោយ:
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា បន្ត​អះអាងថា លោក​នឹងមិន​ដាក់​បិទ​សហរដ្ឋអាមេរិក​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ឡើយ តែ​ថា ពេលវេលា​នឹង​បញ្ជាក់​ប្រសិនបើ​រដ្ឋបាល​ផ្សេងទៀត​ចូល​កាប់​អំណាច​នា​ខែមករា​ខាងមុខ ហើយ​សម្រេច​ធ្វើបែបនេះ​នោះ​។ សម្តី​របស់លោក​ត្រាំ​នេះ ហាក់ដូចជា​បន្ទន់​ជំហរ​ទទួលស្គាល់ថា ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ចូ បៃ​ដិ​ន អាច​កាន់តំណែង​បន្ត​ពី​លោក​។

 
​ក្នុងការ​ថ្លែង​ជា​សាធារណៈ​លើកដំបូង ចាប់​តាំង​លោក​បៃ​ឌិន​ត្រូវ​បានប្រកាស​ខ្ទរខ្ទារ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា​ឈ្នះឆ្នោត លោក ដូ​ណា​ល់ ត្រាំ បាន​ដកថយ​មួយ​ជំហាន ដោយ​ហាក់​ទទួលស្គាល់ថា​លទ្ធភាព​រដ្ឋបាល​ថ្មី​ចូល​ជំនួស​លោក​។ យ៉ាងណាមិញ លោក ពុំទាន់​ប្រកាស​ព្រម​ចុះចាញ់ ហើយក៏​មិន​ចុច​ឈ្មោះ​លោក បៃ​ឌិន ចំៗ​ផងដែរ​។  
 
«​ជាគោលការណ៍ យើង​នឹងមិន​បិទ​ប្រទេស​ចោល​ឡើយ​។ រដ្ឋបាល​នេះ នឹងមិន​បិទ​ប្រទេស​ឡើយ​»​។ លោក ត្រាំ និយាយ​បែបនេះ ពី​សេត​វិមាន​អាមេរិក មុននឹង​បន្ថែមថា គ្មាន​នរណា​ទាន់​ដឹងថា​រដ្ឋបាល​អាណត្តិ​ក្រោយ នឹង​ទៅ​យ៉ាងណា​ឡើយ ដូច្នេះហើយ​គឺមាន​តែ​ពេលវេលា​ដែល​អាច​បញ្ជាក់បាន​។ 
 
​គិត​ចាប់ពី​យប់​បោះឆ្នោត​ថ្ងៃទី ៣ វិច្ឆិកា​មក លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ចោទប្រកាន់​គ្មាន​ភស្តុតាង​ថា​ការបោះឆ្នោត​អាមេរិក​មាន​ការកេងបន្លំ​។ ដោយ​មិន​ព្រម​ចុះចាញ់ ទោះ​លទ្ធផល​បញ្ជាក់​ច្បាស់​ក្តី លោក ត្រាំ បន្ត​ប្ដឹង​តតាំង​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ប្ដឹង​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​រដ្ឋ​ប្រទាញប្រទង់​ខ្លះ​ដែល​លោក​ចាញ់​លោក​បៃ​ឌិន​ផងដែរ​។ 
 
​ម្យ៉ាងវិញទៀត លោក បៃ​ឌិន កាន់តែ​នាំមុខ​ឆ្ងាយ​លើ​លោក​ត្រាំ ជាមួយ​សំឡេង​ប្រតិភូ ៣០៦ ក្រោយ​លោក​ឈ្នះ​រដ្ឋ Georgia នៅ​ថ្ងៃ​យប់​ថ្ងៃ​សុក្រ ១៣ ខែវិច្ឆិកា ។ នេះ​បើ​លទ្ធផល​ដែល​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ដូចជា CNN និង ABC​។ ចំណែក​លោក ត្រាំ យកបាន​រដ្ឋ North Carolina ដែល​ធ្វើ​ឲ្យ​សំឡេង​ប្រតិភូ​លោក​ឡើងដល់ ២៣២ ។ 
 
​ជោគជ័យ​លោក​បៃ​ឌិន​ក្នុង​រដ្ឋ Georgia ធ្វើ​ឲ្យ​លោក​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​មក​បក្ស​ប្រជាធិបតេយ្យ​ទីមួយ ដែល​ឈ្នះ​រដ្ឋ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ ជា​ប្រពៃណី រដ្ឋ​នេះ តែង​បោះ​ឲ្យ​បក្ស​សាធារណរដ្ឋ​។ 
 
​ការប្រកាស​ជ័យជម្នះ​លោក​បៃ​ឌិន​ក្នុង​រដ្ឋ Georgia ពី​សំណាក់​ទូរទស្សន៍ CNN និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ផ្សេងទៀត ធ្វើ​ឡើងខណៈ​ការរាប់​សន្លឹកឆ្នោត​ដោយ​ផ្ទាល់ដៃ​ឡើងវិញ​ក្នុង​រដ្ឋ​នេះ រំពឹង​នឹង​ចប់​នា​សប្ដាហ៍​ក្រោយ​។ ក៏ប៉ុន្តែ​ក្រុម​ឃោសនា​លោក​បៃ​ឌិន អះអាងថា វា​មិន​ផ្លាស់ប្ដូរ​លទ្ធផល​នេះឡើយ​។ 
 
​បើ​គ្មានអ្វី​ប្រែប្រួល ការស្បថ​ចូលកាន់​តំណែង​លោក​បៃ​ឌិន នឹង​រៀបចំឡើង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២០ ខណៈដំណើរ​ការផ្ទេរអំណាច​ចាប់ផ្ដើម​បន្តើរ ទោះជា​មាន​ឬ​គ្មាន​ការសហការ​ពី​លោក​ប្រធានាធិបតី​ក៏ដោយ​ក្តី​៕ 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com