COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន និង​ភរិយា នៅតែ​អវិជ្ជមាន​កូ​វីដ​-១៩ នៃ​ការធ្វើ​តេស្ត​សុខភាព​លើក​ទី​៣
14, Nov 2020 , 12:16 pm        
រូបភាព
​ភ្នំពេញ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា បានធ្វើ​តេស្ត​សុខ​ភាពជា​លើក​ទី​៣​ហើយ ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩ ។ នេះ​បើតាម​សារ​របស់​សម្ដេច​នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៤ វិច្ឆិកា​នេះ​។​


 
ក្រៅពី​សម្ដេច ក៏បាន​រដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន រួមទាំង​អ្នក​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijjarto ចំនួន​១៧៣០​នាក់​ទៀត ដែល​ត្រូវ​ធ្វើតេស្ត​លើ​សំណាក នៅថ្ងៃនេះ​ដែរ​។ «​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បងប្អូន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ហើយ​សង្ឃឹមថា​លទ្ធផល​នឹង​អវិជ្ជមាន​ទាំងអស់គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក រហូតដល់​ថ្ងៃទី​១៨ វិច្ឆិកា ទើបត្រូវ​ធ្វើតេស្ត​ជា​លើកចុងក្រោយ​។​
 
​កន្លងមក​ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​ចំនួន​២​លើក​មកហើយ លើ​អ្នកពាក់ព័ន្ធ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto​។ ការធ្វើ​តេស្ត​ទាំង​ពីរលើក​នេះ គឺ​រកឃើញ​មនុស្ស​៤​នាក់ មាន​កូ​វីដ​-១៩ ក្នុងនោះ​រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។​
 
​ជុំវិញ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មន្ត្រី ក៏ដូចជា​អ្នកពាក់ព័ន្ធ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ត្រឹមត្រូវ​ដើម្បី​បង្ការ​ហានិភ័យ និង​ឆ្លង​ចូល​សហគមន៍​។​
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៣០២​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​២៨៩៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com