កីឡាជាតិ
ជាតិ
កីឡាកាយសម្ព័ន្ធ នឹងជោគជ័យ បើសិនបើកវគ្គបណ្តុះបណ្តាល និងបោះជំរំហ្វឹកហាត់ញឹកញាប់
14, Nov 2020 , 6:59 pm        
រូបភាព
ដោយ:
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោក ណយ ផាណា បានលើកឡើងពីអត្ថប្រយោជន៍នៃការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងការបោះជំរំហ្វឹកហាត់នៅក្រៅប្រទេសក្នុងការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ។ លោក ជឿជាក់ថា កីឡាកាយសម្ព័ន្ធអាចនឹងទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ បើបានរៀបចំវគ្គបណ្តាលគ្រូបង្វឹក និងបោះជំរំហ្វឹកហាត់ឲ្យបានញឹកញាប់។

 
នាពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០ លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហាញការជឿជាក់លើវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតាមមូលដ្ឋាន និងការបោះជំរំហ្វឹកហាត់នៅក្រៅប្រទេស ក្នុងការជួយឲ្យកីឡាកាយសម្ព័ន្ធទទួលបានជោគជ័យលើឆាកអន្តរជាតិ។ 
 
លោក អះអាងថា ប្រសិនបើកម្ពុជាមានលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងបោះជំរំហ្វឹកហាត់ឲ្យបានញឹកញាប់ក្នុង១ឆ្នាំៗ នឹងជួយឲ្យវិស័យកីឡាមួយនេះកាន់តែមានភាពរីកចម្រើន និងអាចឈានទៅសម្រេចគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 លោក ណយ ផាណា (កណ្តាល)ថតរូបជាមួយសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១

«បើសិនមានលទ្ធភាពសិក្សាតាមរយៈការបើកវគ្គបច្ចេកទេសគ្រូជំនាញ សិក្ខាសាលា ឬបោះជំរំហ្វឹកហាត់ឲ្យបានញឺកញាប់រៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកាន់តែមានការយល់ដឹងលើបច្ចេកទេស និងអាចជំរុញលើកកម្ពស់គុណផលកីឡាកាយសម្ព័ន្ធឈានទៅរកឧត្តមភាព និងភាពជោគជ័យជូនជាតិមាតុភូមិ និងឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ប្រកបដោយជោគជ័យ»។ នេះជាការលើកឡើងរបស់លោក ណយ ផាណា។ 
 
លោក ណយ ផាណា ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលខាងលើ បានវាយតម្លៃខ្ពស់ចំពោះការយល់ដឹងរបស់សិក្ខាក្រោយទទួលបានការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសគ្រូបង្វឹកកម្រិត១។ លោកសង្កេតឃើញថា ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៨-១២ ខែវិច្ឆិកា ឆ្នាំ២០២០ ទាំងលើទ្រឹស្តី និងការអនុវត្ត សិក្ខាកាមទាំង២២រូប ទទួលបានចំណេះជំនាញបច្ចេកទេសគ្រូបង្វឹកថ្មីៗ និងបទពិសោធល្អជាច្រើន។
 
ក្រោយឆ្លងកាត់ការសិក្សាលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង សិក្ខាកាម១០រូប(៤៥.៤៥%)ត្រូវបានវាយតម្លៃឲ្យជាប់និទ្ទេសល្អ, សិក្ខាកាម៨រូប(៣៦.៣៦%)ទទួលបាននិទ្ទេសល្អបង្កួរ និង៤រូប(១៨.១៩%)ទទួលបាននិទ្ទេសមធ្យម៕ 
 
  
 



Tag:
 កាយសម្ព័ន្ធ
  ណយ ផាណា
© រក្សាសិទ្ធិដោយ thmeythmey.com