ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
លោក ស៊ុម សុខម្ភូ ៖ ការបង្កើតSME ជាមួយសិស្ស-និស្សិត ទទួលជោគជ័យលឿនជាងលក្ខណៈគ្រួសារ
14, Nov 2020 , 7:59 pm        
រូបភាព
លោក ស៊ុម​ សុខម្ភូ អគ្គនាយកក្រុមហ៊ុន ធុរវឌ្ឍន៍
លោក ស៊ុម​ សុខម្ភូ អគ្គនាយកក្រុមហ៊ុន ធុរវឌ្ឍន៍
ភ្នំពេញ៖ សិស្ស-និស្សិតជំនាញដែលកំពុងសិក្សាគ្រឹះស្ថាននានា គឺជាកម្លាំងពលកម្មដ៏សំខាន់ សម្រាប់ជួយដល់ដំណើរការសហគ្រាសធុនតូចនិងមធ្យម(SMEs)។  នេះជាលើកឡើងរបស់លោក ស៊ុម សុខម្ភូ អគ្គនាយកក្រុមហ៊ុនធុរវឌ្ឍន៍ ដោយបញ្ជាក់ថា ការបង្កើតSME ឡើងដោយមានការរួមពីសិន្សិតជំនាញ នឹងទទួលបានជោគជ័យលឿនជាងការបង្កើតSMEជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ។

 
បើតាមលោក សុខម្ភូ ការចាប់ផ្តើមបង្កើតសហគ្រាសធុនតូច-មធ្យមនីមួយៗដោយបង្វែរពីសហការគ្នាលក្ខណៈគ្រួសារឬមិត្តភក្តិ ទៅជាការសហការជាមួយសិស្សិ-និស្សិតជំនាញ តាមរយៈគ្រឹះស្ថានសិក្សាជំនាញ ដូចជានៅសាកលវិទ្យាភូមិន្ទកសិកម្ម, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)...ជាដើម  គឺដើម្បីឱ្យម្ចាស់សហគ្រាសធុនតូច-មធ្យមនីមួយៗនោះ ចាប់បាននូវសក្កានុពលនិងឱកាសនៃការធ្វើអាជីវកម្ម។
 
ដើម្បីជ្រាបច្បាស់សូមអញ្ញើញលោក-អ្នក ស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ុម សុខម្ភូ អគ្គនាយកក្រុមហ៊ុនធុរវឌ្ឍន៍ ដូចតទៅ៖





 
«បច្ចុប្បន្ន យើងមិនសូវឃើញមានទេ ការផ្គត់ផ្គង់និស្សិតសម្រាប់ធ្វើការងារជួយ SMEតាមរយៈការធ្វើកម្មសិក្សានានាទៅជាប្រព័ន្ធ»។ លោក ស៊ុម សុខម្ភូ បាននិយាយយ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដោយបន្តពន្យល់យ៉ាងលម្អិតបែបនេះ៖« ឧបមាថា SME ខ្វះបទពិសោធន៍ក្នុងការរៀបចំផែនការ ដោយយើងតែងតែត្រូវតែការអ្នកជំនាញមកជួយ ប៉ុន្តែ[យើង] មិនគិតមើលផងថា តើយើងអាចសហការជាមួយសាកលវិទ្យាល័យណាមួយ ដើម្បីឱ្យសិស្ស និស្សិតជួយសរសេរផែនការជំនួញដោយមិនយកថ្លៃ»។ 
 
អ្នកមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យជំនួញរូបនេះបាន បញ្ជាក់ថា ទាំងអស់នេះ គឺជាលទ្ធភាពមួយដែលវិស័យSME និងរដ្ឋាភិបាល គួរតែលើកទឹកចិត្តគ្នាធ្វើឱ្យក្លាយទៅជាប្រព័ន្ធមួយ ដើម្បីងាយបំលែងការបង្កើតសហគ្រាសធុនតូច-មធ្យមតាមបែបបប្រពៃណី ទៅជាការបង្កើតសហគ្រាសធុនតូច-មធ្យមមួយ តាមបែបវិជ្ជាជីវៈ ដោយចាយថវិកាតិច និងមានគុណភាព។
 
លោក ស៊ុម សុខម្ភូ បានរម្លឹកដល់អ្នកចង់បង្កើតសហគ្រាសធុនតូច-មធ្យមឬSME ដូច្នេះ៖« និស្សិត គឺជាធនធានមួយដែលសំខាន់ ហើយមិនសូវជាតម្រូវឱ្យយើងចាយលុយអស់ប៉ុន្មានទេលើសិស្សិ-និស្សិតទាំងនេះ ព្រោះពួកគាត់ត្រូវការបទពិសោធន៍ការងារ ហើយយើងជាSME ក៏មិនទាន់មានធនធានហិរញ្ញវត្ថុច្រើន ដើម្បីជួលអ្នកជំនាញនោះដែរ។ ដូច្នេះការសហការគ្នារវាងSME និងសិស្ស-និស្សិត គឺរឿងល្អ»។ 
 
លោកបានបន្តថា៖«វាការពិត ទោះបីគុណភាពនៃផលិតផលស្នាដៃ[របស់សិស្ស-និស្សិត]មិនទាន់ល្អ ដូចអ្នកជំនាញវិជ្ជាជីវៈអាជីពដែលមានតម្លៃខ្ពស់ក៏ពិតមែនក្តី ប៉ុន្តែគឺវាជួយឱ្យគាត់[SME]ហ្នឹង ចាប់ផ្តើមរៀបចំខ្លួនបានល្អ។ ល្អដោយ SME ចាប់ផ្តើមមានក្រដាសស្នាម ចាប់ផ្តើមមានរបាយការណ៍ហិរញ្ញវត្ថុ និងអាចមានគំនិតសម្បូរបែបក្នុងការច្នៃផលិតផល ឬកែលម្អផលិតផលជាដើម»៕ 
 
 

Tag:
 និស្សិត
  SME
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com