ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ថវិកា៥០លានដុល្លារ បង្កើតមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់ដោះស្រាយសុខភាពសាធារណៈ និងជំងឺថ្មី
14, Nov 2020 , 4:19 pm        
រូបភាព
ជប៉ុនផ្ដល់ថវិកា៥០លានដុល្លារអាមេរិក ឱ្យអាស៊ាន បង្កើតមជ្ឈមណ្ឌលតំបន់មួយ សម្រាប់ដោះស្រាយបញ្ហាបញ្ហាសុខភាពសាធារណៈ ជាពិសេសទប់ស្កាត់ជំងឺកើតថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបចេញផ្សាយនៅថ្ងៃទី១៤ វិច្ឆិកា។


មជ្ឈមណ្ឌលតំបន់អាស៊ាននេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជំងឺ ដែលលេចចេញជារូបរាងថ្មី ដូចជាជំងឺកូវីដ-១៩ ជាដើម។ ក្រសួងការបរទេសកម្ពុជា បានស្រង់លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី១២ វិច្ឆិកា មកសង្ខេបដូច្នេះថា៖«ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ថ្នាក់ដឹកនាំបានប្រកាស បង្កើតមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី ជាមួយថវិកាគាំទ្រចំនួន៥០លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន»។
 
ថ្នាក់ដឹកនាំអាស៊ាន បានប្រកាសអំពីការបង្កើតស្តុកបម្រុងបរិក្ខាពេទ្យតំបន់អាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ (RRMS) និងបានលើកទឹកចិត្តឱ្យមានការចូលរួមចំណែកពីសំណាក់ប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនាខាងក្រៅ និងអ្នកជួយឧបត្ថម្ភនានា ដែលមានចំណាប់អារម្មណ៍ចង់ បរិច្ចាគដល់RRMSផងដែរ។
 
កន្លងមកអាស៊ាន ក៏បានប្រកាសពីការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅវៀតណាម តាមប្រព័ន្ធវីដេអូ។ ចំពោះមូលនិធិនេះ អាស៊ានប្រមូលបាន១០លានដុល្លារហើយ ដោយក្នុងនោះវៀតណាមជួយ៥លានដុល្លារ , អូស្ត្រាលី១លានដុល្លារ ,សិង្ហបុរី ១សែនដុល្លារ និងឥណ្ឌា១លានដុល្លារជាដើម៕
 
 

Tag:
 អាស៊ាន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com