ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក បុត វ៉ាន់លាង បង្រៀនអង់គ្លេសដោយឥតគិតថ្លៃដល់កុមារជនជាតិដើមភាគតិចនៅភូមិពូតាំង
15, Nov 2020 , 10:11 am        
រូបភាព
មណ្ឌលគិរី៖ លោក បុត វ៉ាន់លាង ជាមគ្គុទេ្ទសក៍ម្នាក់ក្នុងខេត្តមណ្ឌលគិរី បានឆ្លៀតពេលពីការនាំភ្ញៀវទេសចរដើរព្រៃ ដើម្បីមកបង្រៀនក្មេងៗក្នុងភូមិពូតាំងដោយឥតគិតថ្លៃ។ លោក បុត វ៉ាន់លាង អះអាងថា៖ «ដោយសារទឹកចិត្តស្រឡាញ់ក្មេងៗ ចង់ឲ្យពួកគេមានចំណេះដឹង និងចេះភាសា បានជំរុញឲ្យខ្ញុំបើកសាលាបង្រៀនភាសាអង់គ្លេស នៅភូមិពូតាំង ខេត្តមណ្ឌលគិរី»។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក បុត វ៉ាន់លាង មគ្គុទេស និងជាគ្រូបង្រៀនស្ម័គ្រចិត្តនៅខេត្តមណ្ឌលគិរីដូចតទៅ៖


ឆ្នាំនេះ គឺជាឆ្នាំទី៥ របស់លោក បុត វ៉ាន់លាង ដែលបានបើកដំណើរការសាលារៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ដើម្បីជួយក្មេងៗក្នុងភូមិដែលមានជីវភាពខ្វះខាត។ លោក វ៉ាន់លាង បានប្រាប់សារព័ត៌មាន ThmeyThmey25 ឲ្យដឹងថា៖ «សាលាបង្រៀនដោយឥតគិតប្រាក់នេះ មានការផ្តល់ជូននូវសម្ភារសិក្សា នៅពេលដែលពួកគេមានការខ្វះខាត សម្រាប់ការសិក្សានូវសាលារដ្ធផងដែរ។ មូលហេតុដែលបើកសាលានេះ ដោយសារខ្ញុំមើលឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើនមកលេងកម្សាន្តខេត្តមណ្ឌលគិរី។ ដូចច្នេះ បើពួកគេអាចរៀនភាសាអង់គ្លេសចេះ នោះពួកគេអាចនាំភ្ញៀវទេសចរបរទេស ដើរព្រៃ រឺនាំដំរីទៅជាមួយ និងធ្វើម្ហូបជូនភ្ញៀវជាដើម ដែលពួកគេអាចរកប្រាក់ចំណូល ដើម្បីជួយដល់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការរៀនសូត្ររបស់ពួកគេបានខ្ពង់ខ្ពស់»។
 
អ្នកនាំភ្ញៀវទេសចររូបនេះ បានចំណាយពេល ៥ឆ្នាំមកហើយ ក្នុងការស្ម័គ្រចិត្តបង្រៀននេះ បើទោះជាមិនទទួលបានផលអ្វីក្តី ប៉ុន្តែលោកពិតជាសប្បាយចិត្តដែលបានជួយដល់ក្មេងៗ។ បើតាមលោក បុត វ៉ាន់លាង ក្មេងៗដែលមករៀនមានចាប់ពីអាយុ ៨ឆ្នាំ ដល់ ១៥ឆ្នាំ ហើយមានចំនួនពី ៥០នាក់ ដល់១០០នាក់។ 
  
លោក បុត វ៉ាន់លាង បញ្ជាក់ថា ការបើសាលានេះមិនមានបំណងចង់បានអ្វីឡើយ ក្រៅពីចង់ជួយដល់ក្មេងៗឲ្យចេះភាសា និងមានចំណេះដឹង។ ក្រៅពីការបង្រៀនភាសា លោកក៏បានបង្រៀនក្មេងអំពីអនាម័យឲ្យពួកគេចេះថែរក្សាខ្លួន ចេះសម្អាតខ្លួនមុនចូលគេង និងលាងដៃឲ្យបានញឹកញាប់។ លើសពីនេះ លោកបានបណ្តុះគំនិតពួកគេឲ្យចេះស្រឡាញ់ធម្មជាតិ និងរួមចំណែកថែរក្សា ការពារបរិស្ថានព្រៃឈើផងដែរ។
 
លោក វ៉ាន់លាង បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោកក្នុងរយះពេល៤ឆ្នាំមុន ចំនួន ៤ពាន់ដុល្លារ ដែលលោកបានមកពីការធ្វើមគ្គុទេ្ទសក៍នាំភ្ញៀវដើរព្រៃ បោះតង់ និងធ្វើម្ហូបជូនភ្ញៀវ ដើម្បីផ្គត់ផ្គង់នូវតម្រូវការប្រចាំថ្ងៃ។ លោក បានបញ្ជាក់ថា ក្នុងរយះពេល ១ ទៅ ២ ឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា មានភ្ញៀវទេសចរជាតិជាច្រើនបានចូលរួមជួយដល់សាលា។
សម្រាប់អនាគត លោក វ៉ាន់លាង នឹងបន្តបើកសាលានេះរហូត ដោយមានគម្រោងបន្ថែមមុខវិជ្ជាផ្សេងទៀតផងដែរ។ មគ្គុទេ្ទសក៍រូបនេះ សង្ឃឹមថានឹងមានការចូលរួមពីមនុស្សចាស់ផងដែរ ហើយរំពឹងថាទៅថ្ងៃមុខនឹងមានការបើកផ្សារក្នុងភូមិនេះ ដើម្បីអាចផ្ដល់ជាកន្លែងសម្រាប់អ្នកភូមិយកផលិតផលមកដាក់លក់ ពីព្រោះពេលពួកគាត់យកទៅលក់នៅផ្សារលើមានតម្លៃទាប។
  

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕
 








Tag:
 ភូមិពូតាំង
 ខេត្តមណ្ឌលគិរី
  លោក វ៉ាន់លាង
© រក្សាសិទ្ធិដោយ thmeythmey.com