វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ម៉ាស៊ីនរត់ហាត់ប្រាណមានដើមកំណើតដំបូងមកពីពន្ធនាគារ
15, Nov 2020 , 8:59 pm        
រូបភាព
ម៉ាស៊ីនរត់ហាត់ប្រាណគឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងទីកន្លែងហាត់ប្រាណនានានៅគ្រប់តំបន់។ វាបង្កឲ្យមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការរត់ ដោយប្រើប្រាស់ទីធ្លាតិច ចំណាយថវិការតិច និងមិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះបុគ្គលមួយចំនួន ការធ្វើលំហាត់ប្រាណលើម៉ាស៊ីនមួយនេះអាចធ្វើឲ្យគាត់មានអារម្មណ៍ថា ហាក់បីដូចជាធ្វើបាបខ្លួនឯងអ៊ីចឹង។ ប៉ុន្តែនេះមិនមែនជារឿងដ៏ចៃដន្យប៉ុន្មាននោះទេ ដោយសារតែម៉ាស៊ីនរត់ហាត់ប្រាណនេះ ដំបូងឡើយមានដើមកំណើតនៅក្នុងពន្ធនាគារ សម្រាប់អ្នកទោស។

 
គេហទំព័រ Mental Floss បានធ្វើការពន្យល់យ៉ាងខ្លីថា នៅក្នុងឆ្នាំ១៨១៨ វិស្វករស៊ីវីលជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា Sir William Cubitt បានបង្កើតម៉ាស៊ីនមួយដែលនឹងត្រូវបានតម្លើងនៅតាមពន្ធនាគារ ដែលជាផ្នែកមួយក្នុងការធ្វើបាបអ្នកទោសរឹងរុះ។ លោកបានដាក់ឈ្មោះម៉ាស៊ីននោះថា «Tread-wheel» ។ 
 
វាមានរូបរាងដូចជារហាត់ទឹក ដែលមានឈ្នាន់ជំហានចំនួន២៤កាំ មានរាងជាស៊ីឡាំងវែងធំ។ គេបង្ខំឲ្យអ្នកទោសដើរលើកាំរហាត់ទាំងនោះ ក្នុងន័យឲ្យរហាត់នោះវិល។ រង្វិលនៃរហាត់នឹងត្រូវបានគេប្រើប្រាស់ក្នុងសកម្មភាពបូមទឹក ឬកិនម្សៅ។ ដោយសារតែសកម្មភាពកិនម្សៅនេះហើយ ដែលម៉ាស៊ីនរត់សព្វថ្ងៃត្រូវបានគេដាក់ឈ្មោះថា «Treadmill» ដោយពាក្យ «Tread» មានន័យថា «ជំហាន» ចំណែកឯ «Mill» មានន័យថា «រោង ឬ ឧបករណ៍កិនម្សៅ»។ 
 
កាលពីពេលនោះ គេបានបញ្ជារឲ្យអ្នកទោសដើរលើម៉ាស៊ីននេះរហូតដល់ទី៨ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងការហូបចុកមិនគ្រប់គ្រាន់។ គេបានសន្មតថា ការដើរនេះហាក់បីដូចជាការឡើងភ្នំដែលមានកម្ពស់ជាង២គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ ក្រោយមក នៅក្នុងឆ្នាំ១៨២៤ ពន្ធនាគារមួយចំនួនទៀតនៅសហរដ្ឋអាមេរិកបានទិញម៉ាស៊ីននេះបំពាក់នៅតាមពន្ធនាគាររបស់ខ្លួន។ 
 
តែជាច្រើនឆ្នាំក្រោយមក ការប្រើប្រាស់ម៉ាស៊ីននេះទៅលើអ្នកទោសត្រូវបានគេឈប់អនុវត្ត ហើយអ្នកទោសត្រូវបានគេប្រើប្រាស់ជាកម្លាំងនៅតាមកសិដ្ឋានដំណាំ ឬនៅតាមកន្លែងកាប់គាស់ថ្មជាដើម។ ចំណែកឯនៅប្រទេសអង់គ្លេសវិញ ការប្រើប្រាស់វាត្រូវបានធ្វើឡើងរហូតដល់អំឡុងសតវត្សន៍ទី១៩ រួចក៏ត្រូវបានគេបោះបង់ចោល។ 
 
វត្តមានរបស់វាត្រូវបានគេយកមកប្រើប្រាស់ឡើងវិញនៅក្នុងឆ្នាំ១៩៦០ នៅពេលដែលវេជ្ជបណ្ឌិត លោក Kenneth Cooper បានបង្ហាញថា ការរត់ធ្វើលំហាត់លើម៉ាស៊ីនគឺជារឿងមួយសំខាន់សម្រាប់សុខភាព។ ចាប់ពីពេលនោះមក ពាក្យថា Treadmill ត្រូវបានគេប្រើប្រាស់មកដល់សព្វថ្ងៃ តែក្នុងន័យមួយដែលប្រសើរជាងមុន គឺការធ្វើលំហាត់ប្រាណ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com