COVID-19
អន្តរជាតិ
វៀតណាម ផ្ទេរតំណែងប្រធានអាស៊ានឲ្យព្រុយណេ ក្រោយ COVID-19 ឆាឆៅពេញមួយឆ្នាំ អគ្គរាជទូតព្រុយណេប្រចាំទីក្រុងហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh ទទួលញញួរប្រធានអាស៊ានពីនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ្វុក។ រូបភាពពីវេបសាយរដ្ឋាភិបាលវៀតណាម
× វៀតណាម បានប្រគល់តំណែងប្រធានប្ដូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទៅឲ្យព្រុយណេសម្រាប់ឆ្នាំ២០២១។ ពេញមួយអាណត្តិរបស់វៀតណាម ជំងឺ COVID-19 បានរារាំងមេដឹកនាំរដ្ឋសមាជិកទាំង១០ និងរដ្ឋដៃគូឯទៀតមិនឲ្យជួបមុខគ្នាដោយផ្ទាល់ឡើយ ហើយជំនួបកំពូលពីរលើកសុទ្ធតែត្រូវធ្វើឡើងតាមអនឡាញ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាសមិទ្ធផលសំខាន់សម្រាប់ឆ្នាំ២០២០ ។
កិច្ចប្រជុំអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានចប់សព្វគ្រប់នៅថ្ងៃទី១៥ ខែវិច្ឆិកា។ ខុសពីឆ្នាំកន្លងទៅ មិនមានវត្តមានមេដឹកនាំប្រទេសសមាជិកទាំង១០ និងដៃគូ មានវត្តមាននៅទឹកដីវៀតណាមដែលជាម្ចាស់ផ្ទះឡើយ ខណៈជំងឺ COVID-19 នៅតែបន្តអុកឡុកដដែល។ កិច្ចប្រជុំកំពូល ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូទាំងអស់។
ទោះជំងឺរលាកសួតនេះធ្វើឲ្យរាំងស្ទះដល់កិច្ចប្រជុំកិច្ច ឯកសារច្រើនជាង៨០ ត្រូវបានយល់ព្រមអំឡុងពេលជំនួបនៅវៀតណាម ដែលជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រអាស៊ាន។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា ឆ្នាំ២០២០ ជាឆ្នាំដ៏ស្វិតស្វាញមួយរបស់អាស៊ានជាមួយការងារដ៏ច្រើនក្នុងបរិបទ COVID-19។
«ជាង៥ទសវត្សរ៍ក្រោយលេចជារូបរាង អាស៊ានបន្តការប្ដេជ្ញាលើអំណាចនៃសាមគ្គីភាព ភាពស្អិតល្មូត និងការសម្របខ្លួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម។» លោក ង្វៀន និយាយបែបនេះក្នុងការផ្សាយរបស់សារព័ត៌មាន Vietnamnews ។
បន្ទាប់ពីដឹកនាំកិច្ចប្រជុំជាច្រើន លោក ង្វៀន ក៏ប្រគល់ញញួរតំណាងប្រធានអាស៊ានឲ្យព្រុយណេ។ អគ្គរាជទូតព្រុយណេប្រចាំទីក្រុងហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh ជាអ្នកទទួលញញួរប្រធានក្នុងនាមរដ្ឋាភិបាលព្រុយណេផ្ទាល់។ លោក Salleh និយាយថា សម្រាប់ឆ្នាំ២០២១ ព្រុយណេជ្រើសរើសមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួន យើងរីកចម្រើន» ហើយជំរុញមូលដ្ឋានសំខាន់បីដែលកើតចេញពីប្រវត្តិសាស្ត្រអាស៊ាន។
បើតាមអ្នកការទូតរូបនេះ មូលបទខាងលើសំដៅដល់ការយកចិត្តទុកដាក់ប្រជាជន និងជីវភាពរបស់សមាជិកអាស៊ាននីមួយៗ ការត្រៀមខ្លួនសម្រាប់ឱកាស និងបញ្ហាប្រឈមនៅថ្ងៃអនាគត និងការរីកចម្រើនទាំងអស់គ្នាជាតំបន់ដែលមានការរួបរួម៕
Tag:
វៀតណា
ព្រុយណេ
COVID-19
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com