COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
លោក គីម បញ្ជារឹតបន្តឹងវិធានការប្រឆាំងកូវីដ-១៩ ខណៈពិភពលោកនៅប្រឈមខ្លាំង មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ។ រូបភាព៖ KCNA
× មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន បានដាក់ចេញបទបញ្ជារឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងប្រទេសលោក ខណៈជំងឺនេះហក់ឡើងខ្លាំងនៅទូទាំងពិភពលោក។ ទន្ទឹមនេះ លោកក៏បានស្ដីបន្ទោសមន្ត្រីក្នុងជួរបក្សលោករឿងថ្លោះធ្លោយមួយដែលបានកើតឡើងក្នុងសាលាពេទ្យក្រុងព្យុងយ៉ាងផងដែរ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី ១៦ ខែវិច្ឆិកា លោក គីម បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងកិច្ចការប្រឆាំងជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
ជាការចេញមុខជាសាធារណៈលើកដំបូងក្នុងពេល២៥ថ្ងៃចុងក្រោយ លោកគីម ក៏បានលើកឡើងពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយ ដែលបានប្រព្រឹត្តិដោយមន្ត្រីបក្សកាន់អំណាចលោកនៅសកលវិទ្យាល័យវេជ្ជសាស្ត្រក្រុងព្យុងយ៉ាង ។
បើតាម KCNA មេដឹកនាំកូរ៉េខាងជើងរូបនេះ អះអាងក្នុងកិច្ចប្រជុំនេះថា មន្ត្រីក្នុងជួរបក្សផ្សេងទៀត និងក្នុងភ្នាក់ងាររដ្ឋាភិបាលដទៃទៀតបានលាក់បាំង និងរួមចំណែកក្នុងឧក្រិដ្ឋកម្មនេះ ដោយបរាជ័យក្នុងការគ្រប់គ្រងកិច្ចការក្នុងសាលាពេទ្យនេះ។ យ៉ាងណាមិញលោកពុំបានបញ្ជាក់ជាក់លាក់ថាតើឧក្រិដ្ឋកម្មនេះពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ឬយ៉ាងណាទេ។
កូរ៉េខាងជើង បានធ្វើតេស្តកូវីដ-១៩ មនុស្សជាង១២០០០នាក់ ហើយរាយការណ៍ថាគ្មានជំងឺកូវីដ-១៩ផ្ទុះឡើងឡើយក្នុងប្រទេសខ្លួន។ មនុស្ស ៦១៧៣នាក់ ក្នុងនោះ៨នាក់ជាជនបរទេស ត្រូវបានរកឃើញថាជាករណីសង្ស័យ ហើយ១៧៤នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កកាលពីចុងខែតុលាកន្លងទៅ។ នេះបើរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា មនុស្សជាង៥៤លាននាក់ ត្រូវបានរាយការណ៍ថាឆ្លងជំងឺកូវីដ-១៩នៅទូទាំងពិភពលោក ហើយជាង១,៣១នាក់បាត់បង់ជីវិត។ ស្ថានភាពកូវីដ-១៩នៅអឺរ៉ុបនៅតែគ្រោះថ្នាក់ខ្លាំង ខណៈសហរដ្ឋអាមេរិក មានករណីឆ្លងដល់ជាង១១លាននាក់ និងអ្នកស្លាប់ដល់ជាង២៤ម៉ឺននាក់៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com