កីឡាជាតិ
ជាតិ
វគ្គ​ជម្រុះ AFC U-19 ជុំ​ចុងក្រោយ ប្រព្រឹត្តទៅ​នៅ​ខែមីនា ឆ្នាំ​២០២១
17, Nov 2020 , 7:59 am        
រូបភាព
ក្រុមកីឡាករ U19 កម្ពុជា, រូបភាពពី AFC
ក្រុមកីឡាករ U19 កម្ពុជា, រូបភាពពី AFC
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​បានបង្ហាញ​កាលបរិច្ឆេទ​ថ្មី នៃ​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ AFC U-19 Championship 2020 ដែល​បាន​លើក​ពេល​ប្រកួត​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ បើតាម AFC ការប្រកួត​នឹង​ព្រឹ​ត្ត​ទៅ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ​។

 
​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ខំ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី សម្រេច​ពន្យា​ពេល​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ AFC U-19 Championship 2020 កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។ តាម​គម្រោង​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​នេះ គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៤-៣១ ខែតុលា ឆ្នាំ​២០២០​។ 
 
​ជាមួយគ្នានេះ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ AFC បានរៀបចំ​កិច្ចប្រជុំ​តាម​វីដេអូ Zoom ជាមួយ​សមាជិក​ប្រតិបត្តិ និង​តំណាង​ប្រទេស​សំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​អាស៊ី ដើម្បី​ពិភាក្សាគ្នា​ក្នុងការ​កំណត់​កាលបរិច្ឆេទ​ប្រកួត​។ ជា​លទ្ធផល AFC បានសម្រេច​ឲ្យ​ការប្រកួត AFC U-19 Championship ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣-២០ ខែមីនា ឆ្នាំ​២០២១​។ តែ​កាល​បរិ​ច្ឆ​ទ​នេះ​មានការ​ប្រែប្រួល បើសិន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​តំបន់​អាស៊ី​នៅតែ​បន្ត​កើនឡើង​។ 
 

លឹម ពិសុទ្ធ នៃក្រុម U19 កម្ពុជា ប្រជែងដណ្តើមបាល់ជាមួយកីឡាករព្រុយណេ។ រូបថត FFC 

​សម្រាប់​ការប្រកួត​នេះ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន ឥណ្ឌូណេស៊ី និង​អ៊ីរ៉ង់​។ កម្ពុជា​បាន​ឡើងមក​លេង​វគ្គ​១/៨​នៃ​ព្រឹត្តិការណ៍ AFC U-19 Championship ជា​ប្រវត្តិសាស្ត្រ​ក្នុងនាម​ក្រុម​លេខ​២​ល្អ​តំណាង​ឲ្យ​ពូ​ល G​។​
 
​នា​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល G ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រុម U-19 កម្ពុជា​បាន​យកឈ្នះ​ថៃ ២-១ ឆ្នាំ​កោះ​ម៉ា​រី​ណា​ខាងជើង ៩-០ ឈ្នះ​ព្រុយ​ណេ ៣-០ តែ​ចាញ់​ម៉ាឡេស៊ី ៥-៤៕  
 
 
 

Tag:
 បាល់ទាត់​
  AFC U-19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com