ជាតិ
​​​ន​យោ​បាយ​ជាតិ​
៣​ឆ្នាំក្រោយ​ការរំលាយ​CNRP ផ្លូវ​នយោបាយ​របស់​មេ​បក្សប្រឆាំង នៅតែ​ចង្អៀត​
16, Nov 2020 , 4:35 pm        
រូបភាព
លោក កឹម សុខា និង​លោក សម រង្ស៊ី នាជំនួបមួយនៅទីលានប្រជាធិបតេយ្យកាលពី​ខែកញ្ញា ឆ្នាំ២០១៣។ រូបថត AFP
លោក កឹម សុខា និង​លោក សម រង្ស៊ី នាជំនួបមួយនៅទីលានប្រជាធិបតេយ្យកាលពី​ខែកញ្ញា ឆ្នាំ២០១៣។ រូបថត AFP
​ភ្នំពេញ​៖ ៣​ឆ្នាំ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ ក្រោម​ហេតុផល​ថា បក្ស​នេះ​បាន​«​គប់គិត​ជាមួយ​បរទេស​» ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ដោយ​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​។ ការសម្រេច​របស់​តុលាការ​នេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​យក​ករណី​របស់លោក កឹម សុខា ដែល​ជាប់​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ៣​ឆ្នាំក្រោយ​រំលាយ​បក្ស ក្តីសង្ឃឹម​របស់​CNRP ស្ថិតនៅ​លើផ្លូវ​តូចចង្អៀត​?

 
១០៩៥​ថ្ងៃ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​។ រហូតដល់​ពេលនេះ គ្មាន​ពន្លឺ​នៃ​ក្តី​សង្ឃឹមថា គណបក្ស​នេះ​រស់​ឡើងវិញ ដូច​សេចក្តីថ្លែងការណ៍​នានា​របស់​អតីត​មេដឹកនាំ​នៃ​គណបក្ស​នេះឡើយ​។ មេដឹកនាំ មន្ត្រី និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហានយោបាយ ជាពិសេស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។ ពួកគេ ក៏​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​ដាក់​សម្ពាធមក​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួលបាន​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនេះ​។​
 
​សហគមន៍​អន្តរជាតិ តែងតែ​ចេញមុខ​រិះគន់ និង​ថ្កោលទោស​តុលាការ ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ជុំវិញ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ រួមទាំង​ដំណើរការ​ក្តី​លោក កឹម សុខា ផង​។ ប៉ុន្តែ​អន្តរជាតិ​ក៏​ផ្អាក​និយាយ​បញ្ហានយោបាយ​កម្ពុជា មួយរយៈ​ចុងក្រោយ​នេះដែរ​។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ការរិះគន់​របស់​អន្តរជាតិ​ទាំងនោះ គ្រាន់តែ​ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។​
 
​ផ្លូវ​នយោបាយ​របស់​មេ​បក្សប្រឆាំង ស្ថិតនៅ​លើផ្លូវ​តូចចង្អៀត​

«​ខ្មោច​ងាប់​ហើយ មិនអាច​រស់​ឡើងវិញ​ទេ​»​។ នេះ​ជា​សារ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់បាន​ឆ្លើយតប​ទៅនឹង​សហគមន៍​អន្តរជាតិ និង​ទៅ​អ្នកនយោបាយ​បក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន ចង់​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់បដិសន្ធិ​ឡើងវិញ នៅក្នុង​ឆាកនយោបាយ​កម្ពុជា​ឡើយ​។​
 
​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​រស់​ឡើងវិញ ប៉ុន្តែ​អ្នកនយោបាយ​បក្សប្រឆាំង​ ដែល​ត្រូវបាន​ហាមឃាត់​សកម្មភាព​នយោបាយ​៥​ឆ្នាំ​នេះ អាច​សុំ​ធ្វើ​សកម្មភាព​ខ្លួន​វិញ​បាន តាមរយៈ​ការស្នើសុំ​សម្បទា​នយោបាយ​ពី​រដ្ឋាភិបាល ដែល​នឹងត្រូវ​ស្នើសុំ​បន្តទៅ​ព្រះមហាក្សត្រ​។​
 
​ទោះជា​មានការ​អនុគ្រោះ​នយោបាយ​បែបនេះ​ក្តី ប៉ុន្តែ​ច្រកទ្វារ​នយោបាយ​សម្រាប់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តូចចង្អៀត​នៅឡើយ​។ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ជាមួយ​បទចោទប្រកាន់​ជាង​១០​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ ប្រកាស​ដាច់អហង្ការ​ថា លោក​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ឡើយ​។ លោក សម រង្ស៊ី យល់ថា ការសុំ​សិទ្ធិ​វិញ​នេះ ស្មើនឹង​ទទួលស្គាល់ថា គណបក្ស​ខ្លួន​ខុសច្បាប់​។ ចំណែក​លោក កឹម សុខា ដែល​កំពុង​ស្ថិតនៅ​ដំណើរការ​រឿងក្តី​ពីបទ​«​គប់គិត​ជាមួយ​បរទេស​»​នេះ ក៏​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។​
 
​និយាយ​រឿង​ច្រក​ផ្លូវ​នយោបាយ​នេះ សម្ដេច ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ដាច់​ណាត់​ថា គ្មាន​ការបើកផ្លូវ​ចរចា​នយោបាយ​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​ឡើយ​។ មិនតែប៉ុណ្ណោះ​សម្ដេច ក៏បាន​លេង​នយោបាយ​ក្តៅ ដោយ​សម្រេច​បិទ​ជើងហោះហើរ រួមទាំង​លែង​ផ្ដល់​សុពលភាព​លិខិតឆ្លងដែន ដល់​លោក សម រង្ស៊ី និង​មន្ត្រី​បក្សប្រឆាំង ដែល​នៅក្រៅ​ប្រទេស​ផងដែរ ខណៈ​លោក កឹម សុខា កំពុង​ជាប់​ក្តីក្ដាំ​ក្នុងស្រុក​។​
 
​ត្រង់ចំណុច​នេះ អ្នកវិភាគ​​លើកឡើងថា សម្ដេច ហ៊ុន សែន អាច​នឹង​លេង​នយោបាយធីប​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ចោល​។ អ្នកវិភាគ មើលឃើញ​ទៀតថា មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន នឹង​បំបាត់​វត្តមាន​ដៃគូ​ប្រឆាំង​ជាង​២០​ឆ្នាំ​របស់ខ្លួន​នេះ ដោយ​ងាក​ទៅលេង​នយោបាយ​ជាមួយ​ក្រុម​នយោបាយ​ផ្សេងៗ​ទៀត​នៅក្នុង​ស្រុក រួមទាំង​លោក កឹម សុខា ផងដែរ​។​
 
​ក្នុងន័យនេះ អ្នកវិភាគ យល់ឃើញថា ការវិវត្ត​នយោបាយ បន្ទាប់ពី​កូ​វីដ​-១៩ ស្ងប់ស្ងាត់​នោះ គឺ​ដំណើរការ​ក្តី​លោក កឹម សុខា នឹង​ឈានដល់​ការសម្រេច​ទោសទណ្ឌ​ពី​តុលាការ ។ ក្រោយ​តុលា​ការចេញ​សាលក្រម​ផ្ដន្ទាទោស​ហើយ​នោះ ប្រមុខ​រដ្ឋាភិបាល នឹងមាន​សិទ្ធិ​ក្នុងការ​ស្នើសុំ​លើកលែងទោស​ឲ្យ​លោក កឹម សុខា ដែល​អាច​ឲ្យ​មេដឹកនាំ​អតីត​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ហើយ​ជំនួស​វត្តមាន​លោក សម រង្ស៊ី ទៀតផង​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់​ក្រុម​តាមដាន​សង្គម​នយោបាយ​កម្ពុជា​។​
 
​ទោះ​មានការ​យល់ឃើញ​បែបនេះ​ក្តី ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា តែងតែមាន​ការប្រែប្រួល​ដោយ​ពិបាក​ស្មាន​។ សាធារណជន​ប្រហែលជា​ចាំបាន​ហើយ​ថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ខ្មែរ​កាលពី​ឆ្នាំ​២០១១ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាង​១០​ឆ្នាំ ពីបទ​ដក​តម្រុយ​ប​ង្គ្រោ​ល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​ឯកសារ​សារ​ធារ​ណៈ ។ ប៉ុន្តែ​លោក សម រង្ស៊ី ក៏​ទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​វិញ តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣​។​
 
​ដូច្នេះ​ការដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា គឺ​អាស្រ័យ​លើ «​អណ្ដាត​អ្នកនយោបាយ​» ប៉ុណ្ណោះ​។ សម្ដេច ហ៊ុន សែន ធ្លាប់​លើកឡើង​បែបនេះ​។​
 
​ជំហរ​លោក សម រង្ស៊ី និង​លោក កឹម សុខា រួមទាំង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​!

​ក្រោយ​បក្ស​សង្គ្រោះ​ជាតិ​រំលាយ​៣​ឆ្នាំ​មកនេះ គេ​សង្កេតឃើញថា ផ្ទៃក្នុង​គណបក្ស​នេះ ដែលមាន​មេដឹកនាំ​ពីរ​គណបក្ស​ច្របាច់​ប​ញ្ជូ​ល​គ្នា​តែមួយ​(​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​) កាលពី​ឆ្នាំ​២០១២ កំពុង​ដើរ​ជំហរ​ផ្សេងគ្នា​។ អ្នកខ្លះ​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់​គ្នា ដោយសារ​ម្នាក់​នៅតែ​រក្សា​ជំហរ​វាយប្រហារ​រដ្ឋាភិបាល ឯ​ម្នាក់ទៀត​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បង្ហាញ​រូបភាព​ទន់ភ្លន់​ទៅ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នកខ្លះ​នៅតែ​គិតថា សកម្មភាព​បែបនេះ អាចជា​យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​ទាំងពីរ​។
​ជាក់ស្ដែង​នៅ​ថ្ងៃ​ខួប​៣​ឆ្នាំ​នៃ​ការរំលាយ​បក្ស​នេះ លោក សម រង្ស៊ី បានចេញ​សេចក្តីថ្លែងការណ៍​តាមរយៈ​វីដេអូ​១១​នាទី ដោយ​ចាត់ទុក​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​សេចក្តីសម្រេច​បែប​អត្ត​នោ​ម័​តរបស់តុលាការ។ លោក សម រង្ស៊ី ក៏​ហៅ​ការរំលាយ​បក្ស​ខ្លួន​នេះ​ថា ជាការ​ប្លន់​តំណែង​បក្ស និង​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​គាំទ្រ​បក្ស​ខ្លួន ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ ដែល​គ្មាន​ការគាំទ្រ​។ លោក សម រង្ស៊ី នៅតែ​អះអាងថា ខ្លួន​មិន​ទទួលស្គាល់​ការរំលាយ​បក្ស​ឡើយ ដោយ​ស្នើ​ឲ្យ​អាមេរិក និង​អន្តរជាតិ​បន្ត​អន្តរាគមន៍​លើ​ករណី​ចោទប្រកាន់​លោក កឹម សុខា និង​ការរំលាយ​បក្ស​នេះ​។​
 
​ងាក​មក​លោក កឹម សុខា វិញ គឺ​មិនមាន​សារ​នយោបាយ​អ្វី នៅក្នុង​ថ្ងៃនេះ​ឡើយ​។ ការមិន​បញ្ចេញ​សារ​នេះ ទំនងជា​លោក ចង់​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ចង់​ឆ្លើយតប​លើ​បញ្ហា​នេះ​។ ម្យ៉ាងទៀត​លោក កឹម សុខា ក៏​កំពុង​ជាប់​រឿង​ក្តីក្តាំ ដែល​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ​ផង ជាពិសេស​បម្រាម​ហាម​ធ្វើ​សកម្មភាព​នានា ទាក់ទង​នឹង​រឿង​នយោបាយ​។ ប៉ុន្តែ​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ តែង​តែង​អះអាង​ប្រាប់​មហាជន​ថា «​ខ្លួន​ប្រើ​នយោបាយ​បែប​អហិង្សា​» ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម និង​អភិវឌ្ឍ​ប្រទេស​។​
 
​ជំហរ​បែប​អហិង្សា​របស់លោក កឹម សុខា នេះ ក្លាយទៅជា​លំ​អាន​មួយ​សម្រាប់​ក្រុមមន្ត្រី និង​សមាជិក​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​យកទៅ​អនុវត្តតាម​។ ក្រុមមន្ត្រី​លោក កឹម សុខា ដែល​រួមរស់​នយោបាយ​ជាមួយគ្នា​ជា​យូរ​មកហើយ​នោះ ហាក់​មិនសូវ​និយាយ​អ្វី​រិះគន់ និង​វាយប្រហារ​លើ​រដ្ឋាភិបាល​ឡើយ​។ សកម្មភាព​ក្រុមមន្ត្រី​លោក កឹម សុខា ហាក់​ផ្ទុយ​ពី​ក្រុមមន្ត្រី​ដែល​គាំទ្រ​លោក សម រង្ស៊ី ដែល​នៅ​បន្ត​ការតវ៉ា​ពី​ក្រៅប្រទេស និង​រិះគន់​វាយប្រហារ​មកលើ​ការដឹកនាំ​របស់​សម្ដេច ហ៊ុន សែន​។ ពាក្យ​«​របប ហ៊ុន សែន ផ្ដាច់ការ​» គឺជា​ពាក្យ​របស់​ក្រុម​លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​កម្ពុ​ជា​។​
 
​ទោះបី​ជាមាន​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​មេដឹកនាំ​ទាំងពីរ​រៀងៗ​ខ្លួន​ក្តី ប៉ុន្តែ​ក៏​នៅមាន​មន្ត្រី​បក្ស​ខ្លួន ដែល​ជាប់​បម្រាម​នយោបាយ​នោះ សម្រេច​សុំ​សិទ្ធិ​ធ្វើ​សកម្មភាព​វិញ​ដែរ​។ មកដល់ពេលនេះ មាន​មន្ត្រី​បក្ស​១៤​នាក់​ហើយ ក្នុងចំណោម​១១៨​នាក់ ដែល​ទទួលបាន​សម្បទា​នយោបាយ​វិញ ពី​ព្រះមហាក្សត្រ តាមរយៈ​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ក្នុងចំណោម​មន្ត្រី​ទាំង​១៤​នាក់​នោះ មួយចំនួន​បានស្នើ​សុំ​បង្កើត​គណបក្សនយោបាយ​ខ្លួនឯង និង​អ្នកខ្លះ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេងៗ​។ លោក គង់ គាំ សម្រេច​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជា​កូនប្រុស​ពៅ​ខ្លួន​ម្នាក់ទៀត គឺ​លោក គង់ មូ​នី​កា ដែល​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ខណៈ​លោក គង់ បូរ៉ា ដែលជា​កូនប្រុស​លោក គង់ គាំ និង​លោកស្រី លី ស្រី​វី​ណា ដែល​ទើប​ទទួលបាន​សិទ្ធិ​នយោបាយ​ថ្មីៗ​នេះ បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពេល​សម្រេចចិត្ត​សុំ​ធ្វើ​នយោបាយ​វិញ​ហើយ​នោះ លោក គង់ គាំ ក៏​តែងតែ​ចេញមុខ​រិះគន់​ពី​ផល​អវិជ្ជមាន​នៃ​ការដឹកនាំ​របស់លោក សម រង្ស៊ី មិនតិច​ដែរ​។​
 
​ចំណែក​លោក រៀល ខេមរិន្ទ ក៏​សម្រេចចិត្ត​ទៅ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​។ រីឯ​លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ ទៅ​បង្កើត​ឈ្មោះ «​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​»​។ ពួកគេ សុទ្ធតែ​អះអាងថា ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ ដោយសារតែ​ខ្លួន​ចង់​ជួយ​ដោះស្រាយ​បញ្ហា​សង្គម ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​។ 
 
​ដោយឡែក​មន្ត្រី​បក្សប្រឆាំង​ផ្សេងទៀត រួមមាន​លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ,​លោក អ៊ូ ច័ន្ទ​រ័ត្ន ,​លោក ច័ន្ទ សិលា ,​លោកស្រី ទេព សុ​ទ្ធី​, លោក យឹម សុវណ្ណ​, លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និង​លោក តាវ គឹមឈុន ជាដើម​នោះ កំពុងតែ​នៅ​ស្ងាត់ស្ងៀម​។ 
 
​គួរ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់លោក កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល ដើម្បី​ធ្វើជា​ភស្តុតាង​ដាក់​ទៅ​តុលាការ កាលពី​ឆ្នាំ​២០១៧ ។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល​រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​។ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ២០១៧ តុលាការ ក៏​សម្រេច​តាម​សំណើ​ក្រសួងមហាផ្ទៃ​។ បច្ចុប្បន្ននេះ លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ដំណើការ​រឿងក្តី «​គប់គិត​ជាមួយ​បរទេស​»​។ ដំណើរការ​ក្តី​លោក កឹម សុខា បាន​ផ្អាក​បណ្ដោះអាសន្ន​សិន ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក​៕

Tag:
 CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com