ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង​៦៧​នាក់​ទៀត ត្រូវ​កោះហៅ​, មេធាវី​ថា អ្នក​ក្នុងស្រុក សុខចិត្ត​ចូលរួម​សវនាការ​
16, Nov 2020 , 9:59 pm        
រូបភាព
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ (រូបពី AFP)
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ (រូបពី AFP)
​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​យក​ដីកា ទៅ​បិទ​នៅ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ហៅ​មនុស្ស​៦៧​នាក់​ថែមទៀត ឲ្យ​ចូលរួម​សវនាការ​។​


លោក សំ សុ​គង់ មេធាវី​ដែល​តែងការ​ពារ​ក្តី​ឲ្យ​មេដឹកនាំ​និង​សកម្មជន​ក្រុមប្រឆាំង ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ថា អ្នក​ទាំង​៦៧​នាក់​ក្រោយនេះ ក៏​រង​បទ​ចោទ​ដូច​អ្នក​មុនៗ​ដែរ គឺជា​ទូទៅ បទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ លោក ផ្តល់ព័ត៌មាន​ថា ការបើក​សវនាការ​ជំនុំជម្រះ​លើ​អ្នក​ទាំង​៦៧​នាក់​នោះ តុលាការ គ្រោង​ធ្វើឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២០ (​លោក​មិន​ចាំ​ថ្ងៃ​)​។​
 
​ជាមួយគ្នានេះ លោក អះអាងថា ក្នុងចំណោម​អ្នក​ដែល​ត្រូវ​តុលាការ​កោះហៅ​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម មាន​ប្រមាណ​៣០​ទៅ​៤០​ភាគរយ ដែល​កំពុង​រស់នៅក្នុង​ប្រទេស ហើយ​ពួកគេ សុខចិត្ត​ចួ​ល​រួម​សវនាការ​តាម​ការកោះហៅ​។ លោក ប្រាប់ថា អ្នក​ដែល​កំពុង​នៅក្នុង​ស្រុក​ទាំងនោះ បាន​ទាក់ទង​ទៅ​លោក​តាម​ទូរស័ព្ទ ហើយ​សុំ​ពឹង​លោក ធ្វើជា​មេធាវី និង​ផ្តល់ដំណឹង​ពី​ការស្ម័គ្រចិត្ត​ចូលរួម​សវនាការ​នេះ​។ 
 
​លោក​មេធាវី មានប្រសាសន៍ថា​៖«​អ្នក​នៅក្នុង​ស្រុក មាន​តិច​ទេ ពួកគាត់ មិនដឹង​ទៅណា សុខចិត្ត​នៅ​ជួបជុំ​គ្រួសារ [​ក្នុងស្រុក​] ហើយ​សុខចិត្ត​ចូលរួម​សវនាការ ដើម្បី​បញ្ជាក់​ពី​ភាព​គ្មាន​កំហុស​របស់​ពួកគាត់​»​។ 
 
​យ៉ាងណា លោក​មេធាវី យល់ថា សំណុំ​រឿងនេះ គឺពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​រឿង​ច្បាប់ ដូច្នេះ គួរតែ​ដោះស្រាយ​តាមផ្លូវ​ន​យោ​យ​បាយ ទើប​ប្រសើរ​ជាង ដោយ​គួរតែ​ទម្លាក់​បទ​ចោទ​ចេញពី​ពួកគេ​។ ម្យ៉ាងទៀត លោក ជឿថា ពួកគេ ពុំបាន​ព្រឹ​ត្ត​អំពើ​ដូច​ការចោទប្រកាន់​ឡើង​។ លោក ទាញហេតុផល​ថា ការជួបជុំ ការបញ្ចេញមតិ ការសរសេរ ឬ ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​កន្លងមក គឺជា​សិទ្ធិ​របស់​ពួកគេ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា រួមទាំង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​។ 
 
​ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បកស្រាយ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ថា ការកោះហៅ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ ធ្វើ​សកម្មភាព​បម្រើ​ឧបាយកល​ខុសច្បាប់​របស់​មេដឹកនាំ​ខ្លួន​។ 
 
​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា សមត្ថកិច្ច បាន​យក​ដីកា​ទៅ​បិទ​នៅ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​រួចមកហើយ ដោយ​ដីកា​នោះ គឺ​កោះហៅ​មនុស្ស​៥៩ ក្នុងនោះ​មាន​ទាំង​លោក សម រង្ស៊ី ផងដែរ ឲ្យ​ចូលរួម​សវនាការ​ពីបទ​រួមគំនិត [​ជាតិ​]​។ លោក​មេធាវី សំ សុ​គង់ បាន​ឲ្យ​ដឹងថា តុលាការ គ្រោង​បើកសវនាការ​ជំនុំជម្រះ​លើ​អ្នក​ទាំង​៥៩​នាក់​នោះ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
 
​បើតាម​លោក​មេធាវី សំ សុ​គង់ ដែល​ធ្លាប់មាន​ប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងមក រាល់​អ្នក​ដែល​ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] ពាក់ព័ន្ធ​នឹង​ហេតុការណ៍​តែមួយ​ដូចគ្នា គឺ​ការប្រកាស​គាំទ្រ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​អ្នក​ខ្លះទៀត បាន​បបួល​អ្នកដទៃ ឲ្យ​គាំទ្រ​ដែរ​និង​ចាំ​ទទួល​លោក សម រង្ស៊ី​។ប៉ុន្តែ លោក​សម រង្ស៊ី ពុំបាន​វិល​មក​តាម​គ្រោងទុក​ឡើយ ដោយ​លោក ចោទថា រដ្ឋាភិបាល​កម្ពុជា បាន​ហាម​ក្រុមហ៊ុន​យន្តហោះ មិន​ឲ្យ​ដឹក​លោក ខណៈ​រដ្ឋាភិបាល ឆ្លើយតប​ថា លោក មិន​ហ៊ាន​មក​ដោយ​ខ្លួនឯង​។ 
 
​រដ្ឋាភិបាល ចាត់ទុក គម្រោង​វិលត្រឡប់​របស់លោក សម រង្ស៊ី កាលនោះ ថា ដើម្បី​មក​ធ្វើ​រដ្ឋប្រហារ​។ លោក សម រង្ស៊ី បានប្រកាស​ផែនការ​លើក​ទី​២ ថា លោក នឹង​វិល​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ លោក ពុំទាន់​បង្ហាញ​ពេលវេលា​ជាក់លាក់​នោះទេ​។​
 
​ក្រៅពីនេះ លោក សម រង្ស៊ី និង​ភរិយា​របស់លោក គឺ អ្នកស្រី ជូ​ឡុង សូ​មួ​រ៉ា រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​៧​នាក់​ទៀត​របស់លោក រួមមាន អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថា​វរិ​ន្ទ្រ និង លោក នុត រំដួល ត្រូវបាន​តុលាការ ចេញ​ដីកា​ដោយឡែក​ផ្សេងទៀត កោះហៅ​ឲ្យ​ចូលរួម​សវនាការ​ពីបទ​ឧបឃាត នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប៉ុន្តែ សវនាការ​នេះ មិនបាន​យ ដោយ​តុលាការ សម្រេច​ពន្យារពេល ខណៈ​ពួកគេ​ទាំងអស់គ្នា ដែលជា​ជន​ជាប់ សុទ្ធតែ​ស្ថិតនៅ​ក្រៅប្រទេស​។ 
 
​ក្នុងចំណោម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​អ្នកខ្លះ ដូចជា​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខ​ហួរ ជាដើម ជាប់​ពីបទ​ឧបឃាត​ផង​និង​បទ​រួមគំនិត​ក្បត់ [​ជាតិ​]​។ បទ​ឧបឃាត សំដៅលើ​ក្រុម​ណាមួយ ដែល​ផ្តើមគំនិត​និង​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​បទ​រួមគំនិត​ក្បត់ [​ជាតិ​] គឺ​សំដៅលើ​ជន ដែល​ចូលរួម​គាំទ្រ​ឬ​ចូលរួម​អនុវត្ត​គម្រោង​នោះ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​
 
​បទ​ឧបឃាត មានចែង​ក្នុង​មាត្រា​៤៥១​និង​មាត្រា​៤៥២​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ លើ​អ្នកប្រព្រឹត្ត ហើយ​បើ​អ្នកប្រព្រឹត្ត​ជា​អ្នករាជការ​សាធារណៈ ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត រីឯ បទ​រួមគំនិត​ក្បត់ [​ជាតិ​] មានចែង​ក្នុង​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ត្រូវ​ផ្តន្ទាទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ លើ​អ្នកប្រព្រឹត្ត ហើយ​បើ​អ្នកប្រព្រឹត្ត ជា​អ្នករាជការ​សាធារណៈ ត្រូវ​ជាប់ពន្ធនាគារ ពី​១០​ឆ្នាំ ទៅ ២០​ឆ្នាំ​។ នេះ​បើតាម​ការបំភ្លឺ​របស់​ក្រសួងយុត្តិធម៌​កន្លងមក​៕ 

Tag:
 CNRP
  តុលាការ​
  សកម្មជន​
  បទ​ឃាត​
  បទ​រួមគំនិត​ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com