ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ដំណើរការ​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប ប្រហែល​មិន​ប្រែប្រួល​ឡើយ
16, Nov 2020 , 10:39 pm        
រូបភាព
ទិដ្ខភាពសិស្សានុសិស្ស​កំពុងរៀននៅ​តាម​ថ្នាក់រៀន រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា​
ទិដ្ខភាពសិស្សានុសិស្ស​កំពុងរៀននៅ​តាម​ថ្នាក់រៀន រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា​
ដោយ:
​ភ្នំពេញ​៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា បើសិនជា​លទ្ធផល​ការធ្វើ​តេស្ត​លើក​ទី​៤​លើ​អ្នកពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​ការណ៍​៣​វិច្ឆិកា​អវិជ្ជមាន​កូ​វីដ​-១៩ ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូ​ម​)​តាម​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ថ្ងៃទី​២១ ខែធ្នូ​។

 
«​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​នៅតែ​រក្សា​ជំហរ​ដំណើរការ​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​។ គុណភាព​នៃ​ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នៅ​ឆ្នាំ​២០២០​នេះ គឺ​នៅតែ​រក្សា​គោលការណ៍​ដូចនឹង​ឆ្នាំមុន​ដដែល គឺ គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​ដើម្បី​រក្សា​គុណភាព​ប្រឡង​ជូនទៅ​បេក្ខជន​ប្រឡង​»​។ នេះ​ជាការ​លើកឡើង​របស់លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ដែល​រំពឹងថា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​។  
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ក្រសួង​អប់រំ​នឹង​បន្ត​តាមដាន​ស្ថានភាព និង​វាយតម្លៃ​លើ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ជាមួយនឹង​ក្រសួងសុខាភិបាល​។ អ្នកនាំពាក្យ​និយាយ​ដូច្នេះ​ថា​៖«​ប្រសិនបើ​មាន​ករណី​ប្រែប្រួល ក្រសួង​អប់រំ​នឹង​ជម្រាបជូន​សាធារណជន​ស្តីពី​ការប្រឡង​ឌី​ប្លូ​ម និង​ការប្រឡង​បាក់​ឌុប​»​។ 
 
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា គ្រឹះស្ថានសិក្សា​ឯកជន​-​រដ្ឋ​ចំនួន​១៩ មន្ទីរអប់រំ​ខេត្ត​ចំនួន​២ កន្លែង​ហាត់ប្រាណ​ចំនួន​មួយកន្លែង បាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។ បច្ចុប្បន្ន​អង្គភាព​ទាំងអស់នោះ​ត្រូវបាន​ក្រសួង​ផ្អាក​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​។  
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​និយាយថា ក្រសួង​នឹង​ប្រកាស​ឲ្យ​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ឡើងវិញ ក្រោយពី​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​បាន​១៤​ថ្ងៃ ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​។ 
 
​កាលពី​ក្រសួង​អប់រំ​ប្រកាស​បើក​សាលារៀន​ទូទាំងប្រទេស​ក្នុងដំណាក់កាល​ទី​៣​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់ថា សាលារៀន​ណា​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សាលារៀន​នោះ​នឹង​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​៕ 
 
 
 

Tag:
 អប់រំ​
 ​សិស្ស​
 ​ប្រឡង​ឌី​ប្លូ​ម
© រក្សាសិទ្ធិដោយ thmeythmey.com