កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ដែលបើកឲ្យ Mercedes ឈ្នះជើងឯក F1 ជាលើកទី៧
× Lewis Hamilton បានក្លាយជាជើងឯកព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ពិភពលោកឆ្នាំ ២០២០ និងជាលើកទី៧ក្នុងអាជីព ស្មើកំណត់ត្រា Michael Schumacher ក្រោយឈ្នះការប្រណាំងនៅទីលានប្រទេសតួកគី ក្នុងកម្មវិធី Turkish Grand Prix។
Hamilton ដែលបើកបរឲ្យក្រុម Mercedes បានអបអរជ័យជម្នះលើកទី៩៤ក្នុងអាជីព នាការប្រណាំងរថយន្ត F1 ឬកាំជ្រួចលើផ្ទៃរាប នៅឯទីលាន Istanbul Park ប្រទេសតួកគីនៅថ្ងៃទី១៥ ខែវិច្ឆិកា។ ការឈ្នះការប្រណាំងជាលើកទី១០រដូវកាលឆ្នាំ២០២០នេះ បានធ្វើឲ្យកំពូលអ្នកប្រណាំងសញ្ជាតិអង់គ្លេស គ្រងតំណែងជើងឯកលើកទី៧ ដោយស្វ័យប្រវត្តិ បើទោះនៅសល់ការប្រណាំង៣លើកទៀតក្តី។
កំពូលអ្នកប្រណាំង វ័យ៣៥ឆ្នាំ បានប្រើថេរវេលា ១ម៉ោង ៤២នាទី និង១៩វិនាទី ដើម្បីបញ្ចប់ទីមុនគេក្នុងកម្មវិធី Turkish Grand Prix ដែលជាទីលានប្រណាំងទី១៤នេះរដូវកាល២០២០នេះ។ កីឡាករ Sergio Perez ដែលបើកបរឲ្យក្រុម Racing Point ធ្វើបានចំណាត់ថ្នាក់ទី២ ខណៈ Sebastian Vettel បើកបរឲ្យ Ferrari បញ្ចប់ក្នុងលេខរៀងទី៣។
ឆ្លងកាត់ការប្រណាំង១៤លើក Hamilton មានពិន្ទុនាំមុខដាច់គេក្នុងតារាង F1 មាន៣០៧ពិន្ទុ លើស មិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ចំនួន ១១០ពិន្ទុ។ Max Verstappen ដែលបើកឲ្យ Red Bull ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន ១៧០ពិន្ទុ ឯ Sergio Perez របស់ក្រុម Racing Point នៅលេខ៤ រកបាន១០០ពិន្ទុ។
Hamilton បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយតាមស្មើកំណត់ត្រារបស់កំពូលអ្នកប្រណាំអាល្លឺម៉ង់ Schumacher។ លោកនិយាយទៅកាន់សមាជិកក្រុមក្រោយចេញពីរថយន្តថា៖« ជើងឯកលើកទី៧ ជារឿងមិនអាចនឹកស្មានដល់ ប៉ុន្តែនៅពេលដែលអ្នកធ្វើការជាមួយក្រុមមនុស្សដ៏អស្ចារ្យបែបនេះ អ្នកពិតជាទុកចិត្តគ្នា ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបានជាមួយគ្នាបានទេ»។
អ្នកប្រណាំងសញ្ជាតិអង់គ្លេសដែលមិនទាន់មានកិច្ចសន្យាជាក្រុម Mercedes នៅឆ្នាំក្រោយបានបន្ថែមទៀតថារូបគេពិតជាស្រឡាញ់ និងចង់បន្តនៅទីនេះ។ Hamilton ចង់បន្តយុទ្ធនាការ F1 ដើម្បីការផ្លាស់ប្តូរបញ្ហាសិទ្ធិមនុស្ស និងបញ្ហាបរិស្ថានផង។
Hamilton ឈ្នះជើងឯក F1 ពិភពលោកលើកដំបូងជាមួយក្រុម McLaren ក្នុងឆ្នាំ ២០០៨ និងឈ្នះបន្តបន្ទាប់ទៀតនៅឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង២០២០នេះ សម្រាប់ក្រុម Mercedes៕
Tag:
Lewis Hamilton
Formula One
Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com