សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ការទូត​អា​មេ​នី​ចុះ​ចេញពី​តំណែង ព្រោះ​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​និង​អា​ស៊ែ​បៃ​ហ្ស​ង់​
17, Nov 2020 , 12:29 pm        
រូបភាព
លោក Zohrab Mnatsakanyan រដ្ឋមន្ត្រីការបរទេសអាមេនីដែលលាលែងពីតំណែង។ រូបភាព៖AFP
លោក Zohrab Mnatsakanyan រដ្ឋមន្ត្រីការបរទេសអាមេនីដែលលាលែងពីតំណែង។ រូបភាព៖AFP
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​លោក Zohrab Mnatsakanyan លាលែង​ចេញពី​តំណែង​នៅ​ថ្ងៃទី​១៦ វិច្ឆិកា​។ ការលាលែង​នេះ ត្រូវបាន​មើលឃើញថា ជាការ​បង្ហាញ​ពី​ការមិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ចប់​ជម្លោះ​ក្នុង​តំបន់ Nagorno-Karabakh ប៉ុន្តែ​ទឹកដី​ក្នុង​តំបន់​នេះ​មួយចំនួន​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​អា​មេ​នី​ទៅ​ឲ្យ​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​។​

 
​លោក Zohrab Mnatsakanyan បាន​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រីការបរទេស​អា​មេ​នី ប៉ុន្មាន​ថ្ងៃក្រោយ​អា​មេ​នី ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​ក្រោម​ការ​ជ្រោមជ្រែង​របស់​របស់​រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​មើលឃើញថា ជា​បរាជ័យ​សម្រាប់​អា​មេ​នី ព្រោះ​ទឹកដី​ខ្លះ​ដែល​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​គាំទ្រ​នៅ Nagorno-Karabakh ត្រូវប្រគល់​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​។ 
 
​មិនមាន​មូលហេតុ​បញ្ជាក់​ពី​ការលាលែង​នេះឡើយ ប៉ុន្តែ​អាច​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​ការប្រគល់​ទីក្រុង​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​។ អ្នកនាំពាក្យ​រដ្ឋមន្ត្រីការបរទេស​អា​មេ​នី អះអាងថា ការបោះបង់​ក្រុង Shusha ដែលជា​ក្រុង​សំខាន់​ទី​២ ក្នុង​តំបន់ Nagorno-Karabakh ពុំដែល​ស្ថិតក្នុង​របៀបវារៈ​ណាមួយ​នៃ​ការចចារ​សន្តិភាព​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
​ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ខាងលើ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Nikol Pashinyan រង​ការទិតៀន​ពី​សំណាក់​សាធារណមតិ​ក្នុងស្រុក ដោយ​បាតុករ​រាប់ពាន់នាក់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោក​Pashinyan ចុះ​ចេញពី​តំណែង​។ ដូចគ្នានេះដែរ ប្រធានាធិបតី​អា​មេ​នី​លោក Armen Sarkissian បាន​និយាយថា​រដ្ឋាភិបាល​របស់លោក​Pashinyan គួរ​ណាស់​តែ​ត្រូវ​រំលាយចោល ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​សភា​មុន​អាណត្តិ​។ 
 
​ក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​ប្រជាជាតិ លោក​Sarkissian និយាយថា​៖« ដោយ​ផ្អែកទៅលើ​ស្ថានការណ៍​បច្ចុប្បន្ន ការទាមទារ​របស់​សាធារណៈជន និង​ដើម្បី​បញ្ចៀស​វិបត្តិ​នយោបាយ ការបោះឆ្នោត​សភា​មុន​អាណត្តិ ជា​រឿង​ដែល​មិនអាច​ជៀសផុត​»​។ លោក​បន្តថា អា​មេ​នី​គួរ​មាន​រដ្ឋាភិបាល​រួបរួម​ជាតិ​បណ្តោះអាសន្ន​មួយ​។ យ៉ាងណាក្តី ការលើកឡើង​របស់​ប្រធានាធិបតី​អា​មេ​នី​ពុំមាន​អំណាច​ចាប់បង្ខំ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​គោរព​តាម​ឡើយ ដោយ​ការលើកឡើង​ទាំងអស់នេះ​គ្រាន់តែ​ជា​អនុសាសន៍​ប៉ុណ្ណោះ​។ 
 
​ចំណែក​នាយករដ្ឋមន្ត្រី Pashinyn បាន​ច្រានចោល ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​ដែរ​។ លោក Pashinyan ថែមទាំង​បានលើកឡើង​ថា សង្គ្រាម​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​អាច​នឹង​ត្រូវបាន​បញ្ចៀស បើសិនជា​ពេលនោះ​អា​មេ​នី​ស្ម័គ្រចិត្ត​បោះបង់​តំបន់​ចំនួន​៧​ជុំវិញ​ទឹកដី Nagorno-Karabakh នឹង​ទីក្រុង​Shushi​។ ប៉ុន្តែ​លោក​ថា អា​មេ​នី​សុខចិត្ត​ធ្វើសង្គ្រាម​។​
 
​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១០ វិច្ឆិកា អា​មេ​នី អា​ស៊ែ​បៃ​ហ្ស​ង់ និង​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​សម្រាប់​តំបន់ Nagorno-Karabakh​។ កិច្ចព្រមព្រៀង​នោះ អនុញ្ញាត​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​កាន់កាប់​ទឹកដី​ដែល​ខ្លួន​វាយយក​បាន​ក្នុង​តំបន់​ជម្លោះ​។ រុស្ស៊ី បាន​ពង្រាយ​កង​រក្សា​សន្តិភាព​២​ពាន់​នាក់​ដើម្បី​ឃ្លាំមើល​បទ​ឈប់​បាញ់​ខាងលើ​។ តំបន់ Nagorno-Karabakh ទទួលស្គាល់​ជា​អន្តរជាតិ​ជា​ទឹកដី​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​គ្រប់គ្រង​ដោយ​ជនជាតិភាគតិច​អា​មេ​នី​តាំងតែ​ពី​ឆ្នាំ​១៩៩៤៕
 
 

Tag:
 អា​មេ​នី​
  អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com