COVID-19
ជាតិ
ថ្ងៃចុងក្រោយ នៃការតេស្តរកកូវីដ-១៩ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣ វិច្ឆិកា
× ភ្នំពេញ៖ ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការធ្វើតេស្តរកកូវីដ-១៩ របស់សម្ដេច ហ៊ុន សែន និងភរិយា រួមទាំងអ្នកពាក់ព័ន្ធ«ព្រឹត្តិការណ៍ ៣ វិច្ឆិកា »។ «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» គឺសំដៅលើដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី ។ លោក Peter Szijjarto ត្រូវបានគេរកឃើញមានកូវីដ-១៩ នៅពេលទៅដល់ប្រទេសថៃ។
៣លើកមកហើយ ដែលសម្ដេច ហ៊ុន សែន និងភរិយា ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ សម្ដេច ប្រកាសថា សម្ដេច និងភរិយា មានសុខភាពល្អធម្មតា នៅអំឡុងពេលធ្វើចត្តាឡីស័កនេះ។
ដោយឡែករដ្ឋមន្ត្រី មន្ត្រី អ្នកកាសែត រួមទាំងពលរដ្ឋជាង១ពាន់នាក់ទៀត ដែលបានជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះ ក៏អវិជ្ជមានកូវីដ-១៩ ដែរ ។សម្រាប់ការធ្វើតេស្តលើកទី៣កន្លងមក ក្រសួងបានពិនិត្យលើសំណាកមនុស្ស១១៩៥នាក់ ។
ចំពោះអ្នកត្រូវធ្វើតេស្តលើកទី៤ ជាមួយសម្ដេច ហ៊ុន សែន នៅថៃទី១៨ វិច្ឆិកា រួមមានលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក, ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោកស្រីជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា រួមទាំងមន្រី្តជាន់ខ្ពស់តាមស្ថាប័ននានា, ក្រុមអង្គរក្ស និងក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងបុគ្គលិកតាមគ្រឹះស្ថានសិក្សា មាតាបិតាសិស្ស ។
បើគិតទាំង៣លើកមកនេះ ក្រសួងសុខាភិបាល បានធ្វើតេស្តលើសំណាក ៣,៧៦២ហើយ។ ក្នុងចំណោមការធ្វើតេស្តនេះ គឺមានមនុស្ស៤នាក់ប៉ុណ្ណោះ វិជ្ជមានកូវីដ-១៩ រួមមានលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម រួមទាំងអង្គរក្សម្នាក់។ ប៉ុន្តែលោក សួស យ៉ារ៉ា បានជាសះស្បើយពីកូវីដ-១៩ហើយ កាលពីថ្ងៃទី១៦ វិច្ឆិកា។
គិតត្រឹមថ្ងៃទី១៧វិច្ឆិកា កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ២៩១នាក់ និងកំពុងសម្រាកព្យាបាលចំនួន១២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com