កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang មិន​សប្បាយចិត្ត ក្រោយ​ជម្រើសជាតិ​ហ្គា​បុ​ង​ដេក​លើ​ឥដ្ឋ​១​យប់ មុន​ប៉ះ​ម្ចាស់ផ្ទះ​ហ្គំ​ប៊ី​
17, Nov 2020 , 11:29 pm        
រូបភាព
Pierre-Emerick Aubameyang និង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ហ្គា​បុ​ង​ត្រូវបាន​បង្ខំ​ដេក​នៅលើ​ឥដ្ឋ​នៅ​អាកាសយានដ្ឋាន​នៅមុន​ការប្រកួត​ជម្រុះ​ពានរង្វាន់​អាហ្វ្រិក Africa Cup of Nations ដែល​ហ្គា​បុ​ង​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហ្គំ​ប៊ី ២-១​។ ខ្សែប្រយុទ្ធ Arsenal មិន​ពេញ​ចេញ​របៀប​ទទួលភ្ញៀវរ​បស់​ម្ចាស់ផ្ទះ​ដូច្នេះ​ឡើយ និង​ថែមទាំង​រិះគន់​ការរៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក (CAF) ផង​។​


Aubameyang បាន​ប្រើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​ពី​ស្ថានភាព​របស់ខ្លួន និង​សមាជិក​ក្រុម​បន្ទាប់ពី​បាន​ទៅដល់​អាកាសយានដ្ឋាន Banjul នៅ​រដ្ឋធានី​ហ្គំ​ប៊ី​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា នៅមុន​ប៉ះ​ក្រុម​ជម្រើសជាតិ​ហ្គំ​ប៊ី​ក្នុងការ​ប្រកួត​ជម្រុះ​ពូ​ល D នៅ​មួយថ្ងៃ​បន្ទាប់​។​
 
​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ ដែល​មើលទៅ​នឿយហត់​បាន​បង្ហោះ​រូប​លើ Twitter នៅ​ម៉ោង ៤ និង ៣៧​នាទី​ព្រឹក​ថ្ងៃ​១៦ វិច្ឆិកា ដោយ​បង្ហាញ​ពី​សកម្មភាព​សមាជិក​ក្រុម​ដេក​នៅលើ​ឥដ្ឋ និង​កៅអី​នៅឯ​ព្រលានយន្តហោះ​ប្រហែល​៦​ម៉ោង​ដើម្បី​រង់ចាំ​ចាក​ចេញទៅ​សណ្ឋាគារ​។ 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​អាកាសយានដ្ឋាន​ដោយសារតែ​បញ្ហា​រដ្ឋបាល ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ដេក​នៅលើ​ឥដ្ឋ មុនពេល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​នៅពេល​ព្រឹក​បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​។​
 
​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​បានចាប់ផ្តើម​កា​រ​ប្រកួត​នៅ​ម៉ោង ៤ រសៀល​ថ្ងៃ​ដដែល​នោះ​។ ទីបំផុត​ការប្រកួត​បញ្ចប់​ទៅដោយ​ហ្គំ​ប៊ី​បាន​យកឈ្នះ​ហ្គា​បុ​ង​ក្នុង​លទ្ធផល ២-១​។ 
 
​ជុំវិញ​ករណីនេះ Aubameyang បាន​រិះគន់​ទៅកាន់​ប្រទេស​ម្ចាស់ផ្ទះ និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក (CAF) ទៀតផង​។ «​អ្នកធ្វើការងារ​បានល្អ​ណាស់ CAF វា​ដូចជា​យើង​បាន​ត្រឡប់​ទៅរក​ទសវត្ស​ឆ្នាំ ១៩៩០ អ៊ីចឹង​»​។ ខ្សែប្រយុទ្ធ Arsenal និយាយ​ទៅកាន់ CAF ដូច្នេះ ដោយ​បន្ថែមថា​៖« ទាំងអស់នេះ​មិន​ធ្វើ​ឲ្យ​យើង​ចុះខ្សោយ​នោះទេ ប៉ុន្តែ​មនុស្ស​ដទៃទៀត​ចង់ដឹងថា CAF ត្រូវការ​ការទទួលខុសត្រូវ​ដូចម្តេច​?»
 
​ហ្គា​បុ​ង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល D នៃ​វគ្គ​ជម្រុះ​ក្របខណ្ឌ​អាហ្វ្រិក​ដោយ​រកបាន​៧​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​កំពូល​តារាង​ហ្គំ​ប៊ី​ក្រោយ​ឆ្លងកាត់​ការប្រកួត​៤​លើក​។ សាធារណរដ្ឋ​កុង​ហ្គោ​នៅ​លេខ​៣​មាន​៣​ពិន្ទុ ឯអង់​ហ្គោ​ឡា​នៅ​បាត​តារាង​មាន​១​ពិន្ទុ​ពី​ការប្រកួត​៣​លើក​ដូចគ្នា​៕

Tag:
 Pierre-Emerick Aubameyang
  CAF
© រក្សាសិទ្ធិដោយ thmeythmey.com