«​អត់​» និង «​ឥត​»​មាន​អត្ថន័យ​បែបណា​?
ពីនេះ ពីនោះ
«​អត់​» និង «​ឥត​»​មាន​អត្ថន័យ​បែបណា​?
18, Nov 2020 , 7:29 am        
រូបភាព
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​អត់​» និង «​ឥត​»​។ ពាក្យ​ទាំងពីរ ជា​និបាតសព្ទ ដែល​មានន័យ​ដូចគ្នា ប៉ុន្តែ​ន័យ​ខុសគ្នា ត្រង់ «​អត់​»​មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ និង និង​«​ឥត​»​មាន​ថ្នាក់​ពាក្យ​ជា​គុណនាម​។

 
​ជា​កិរិយាសព្ទ  «​អត់​» មានន័យថា ទ្រាំ​, ធន់​, ធន់​ទ្រាំ​; ខំ​ទប់ : អត់កំហឹង​, ខំអត់​មិន​ស្ដី​ត​តប ។ អត់ងងុយ ទ្រាំ​ងងុយ ។ អត់ធន់ អត់ទ្រាំ​, ប៉ិន​ធន់​, ប៉ិន​ទ្រាំ​។ អត់សង្កត់ ខំ​ទប់ចិត្ត​មិន​ឲ្យ​កម្រើក ។ អត់ឱន បន្ទន់ចិត្ត​អត់ទ្រាំ​; ខំទ្រាំ​អត់​មិន​ប្រកាន់ទោស ។ 
 
​រីឯ​ពាក្យ «​ឥត​» ជា​គុណនាម​វិញ មានន័យថា ដែល​មិនមាន : មនុស្ស​ឥត​គួរ​ឥត​សម​, បុគ្គល​ឥត​ភ័ព្វ ។ ឥតកំណើត  ដែល​ធ្វើ​អ្វី​ពុំ​កើត​; ដែល​គ្មាន​សេចក្ដីចម្រើន : មនុស្ស​ឥតកំណើត ។ ឥតបី​ពុំមាន​អ្វី : ល្អ​ឥតបី​ប្រៀប ( ប្រើ​ជា ឥតបី​បើ ក៏បាន​ខ្លះ ) ។ ឥតបើ អត់បើ​, ពុំមាន​អ្វី : ឥតបើ​មាន​ហេតុ​ទាស់ខុស​អ្វី​ទេ​; ឥតបើ​អ្វី​ទេ​។​
 
​ជា​និបាតសព្ទ   «​អត់​» ជា​ពាក្យ​បដិសេធ ប្រាប់​សេចក្ដី​ថា "​ឥត​, មិន​, គ្មាន​, មិនមាន​"; ប្រើ​ជា កិរិយាសព្ទ ក៏បាន : អត់​ទេ គ្មានទេ​; អត់​អ្វី​ឲ្យ គ្មានអ្វី​ឲ្យ ។ អត់ឃ្លាន ឃ្លាន​ព្រោះ​គ្មានអ្វី​បរិភោគ ។ ស្រុក​អត់ឃ្លាន ស្រុក​អត់បាយ ។ អត់ឃ្លាន​មាន​បើ​ស៊ី គ្មានអ្វី​បរិភោគ​ក៏​ទ្រាំ​អត់ មាន​ក៏​បរិភោគ : អត់ឃ្លាន​មាន​បើ​ស៊ី សុខទុក្ខ​ជាមួយគ្នា ។ អត់បាយ គ្មាន​បាយ​; មិនបាន​បរិភោគ​បាយ ។ ស្រុក​អត់បាយ ស្រុក​កើត​ទុរ្ភិក្ស ។ អត់បើ និ​. ពុំសមបើ : អត់បើ​នាំ​ឲ្យ​រវល់ ។ 
 
​ចំណែក​ពាក្យ «​ឥត​» ជា​និបាតសព្ទ ក៏​មានន័យថា មិន​, ពុំ​, អត់ : ឥត​ដឹង​, ឥត​បានឮ​, ឥត​ដើមទុន ។ ទោះបីជា​យ៉ាងណាក៏ដោយ វចនានុក្រម បាន​ណែនាំ​ថា​៖ កុំ​ប្រើពាក្យ​បដិសេធ ឥត​, មិន​, ពុំ​, អត់ នេះ​ជា ឥត​– ក៏​ទេ​, មិន​– ក៏​ទេ  ដូច្នេះ​ឡើយ​, ដូចជា ខ្ញុំ​ឥត​ដែល​បានឃើញ​របស់​នោះ សូម្បី​តែម្ដង​ក៏​ទេ ( ប្រើ​យ៉ាងនេះ​ខុស​ទាំងស្រុង ព្រោះ ក៏​ទេ ជា​ពាក្យ​បដិសេធ​ដែរ ); បើ​ប្រើ​ជា ឥត​–​ទេ –​ក៏​ទេ​សោះ ដូច្នេះ​បាន​, ដូចជា ខ្ញុំ​ឥត​ដែល​បានឃើញ​របស់​នោះទេ សូម្បី​តែម្ដង​ក៏​ទេ​សោះ ។ 
 
​ពាក្យ​បដិសេធ ក៏​ទេ សម្រាប់​ប្រើតែ​ជាមួយនឹង​ពាក្យ នឹង គឺ នឹង –​ក៏​ទេ​, ត្រូវ​ប្រើ​ជា : ខ្ញុំ​នឹង​ដែល​បានឃើញ​របស់​នោះ សូម្បី​តែម្ដង​ក៏​ទេ ។ គុ​. ដែល​មិនមាន : មនុស្ស​ឥត​គួរ​ឥត​សម​, បុគ្គល​ឥត​ភ័ព្វ ។ ឥតកំណើត  ដែល​ធ្វើ​អ្វី​ពុំ​កើត​; ដែល​គ្មាន​សេចក្ដីចម្រើន : មនុស្ស​ឥតកំណើត ។ ឥតបី​ពុំមាន​អ្វី : ល្អ​ឥតបី​ប្រៀប ( ប្រើ​ជា ឥតបី​បើ ក៏បាន​ខ្លះ ) ។ ឥតបើ អត់បើ​, ពុំមាន​អ្វី : ឥតបើ​មាន​ហេតុ​ទាស់ខុស​អ្វី​ទេ​; ឥតបើ​អ្វី​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com