ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន សាទរអ្នកស្រី អ៊ុងសាន ស៊ូជី ដែលបន្តឈ្នះឆ្នោតដឹកនាំមីយ៉ាន់ម៉ា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង អ្នកស្រី អ៊ុងសាន ស៊ូជី ជួបគ្នានៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសអ្នកស្រី អ៊ុងសាន ស៊ូជី មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីអំឡុងខែមេសា ឆ្នាំ២០១៩។ រូបពី AFP
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតទៅអ្នកស្រី អ៊ុងសាន ស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដើម្បីអបអរសាទរអ្នកស្រី ដែលទទួលបានជ័យជម្នះលើការបោះឆ្នោតសាកល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមរយៈលិខិតចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីកម្ពុជា សរសេរថា៖«លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវទំនុកចិត្តនិងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកជំទាវ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស NLD»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា ក្រោមការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មីយ៉ាន់ម៉ា សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្ស NLD ក្នុងអាណត្តិថ្មីនេះ មីយ៉ាន់ម៉ា នឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងប្រទេស។
ជាមួយគ្នានេះ មេដឹកនាំកម្ពុជា ប្រកាសថា បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងមីយ៉ាន់ម៉ា ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕
Tag:
ហ៊ុន សែន
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com