កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ថា តិច ឬ​ច្រើន​ការផ្អាក​ការហ្វឹកហាត់​លើក​ទី​ពីរ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បច្ចេកទេស​កីឡាករ​
18, Nov 2020 , 7:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ផលប៉ះពាល់​ពី​ការផ្អាក​ការហ្វឹកហាត់​ជា​លើក​ទី​ពីរ​របស់​កីឡាករ​កីឡាការិនី ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោក អះអាងថា ការផ្អាក​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​រីកចម្រើន​ផ្នែក​បច្ចេកទេស​របស់​កីឡាករ ក្នុង​ដំណើរ​ត្រៀម​ទៅ​ស៊ី​ហ្គេម​នៅ​វៀតណាម​។

 
​ការផ្អាក​ការហ្វឹកហាត់​ជា​លើក​ទី​ពីរ​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ តិច ឬ​ច្រើន នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​។ បញ្ហា​នេះ បាន​បង្ក​ជា​ក្តីកង្វល់​សម្រាប់​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះ​ត្រៀម​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​
 
«​ការហ្វឹកហាត់​វា​ត្រូវ​ប៉ះពាល់ ព្រោះ​យើង​បាន​ផ្អាក​ហ្វឹកហាត់​ពីរដង​ហើយ ដូច្នេះ​វា​ត្រូវតែ​ប៉ះពាល់​ដល់​គុណ​ផល​។ ប៉ុន្តែ​យើង​ធ្វើ​យ៉ាងម៉េច បើ​វា​ជា​ស្ថានភាព ដែល​យើង​ត្រូវគោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​។ ផែនការ​យុទ្ធសាស្ត្រ​យើង​នៅ​រក្សា​ដដែល គ្រាន់តែ​វា​ប៉ះពាល់​ដល់​ការហ្វឹកហាត់ និង​ការរីកចម្រើន​ផ្នែក​បច្ចេកទេស​»​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លើកឡើង​បែបនេះ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​កាលពីពេល​ថ្មីៗ​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា​នៅតែ​រក្សា​ជំហរ​ដដែល ក្នុងការ​ប​ញ្ចូ​ន​កីឡាករ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស ពិសេស​ប្រទេស​ចិន​។ លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ជំហរ​ដូច្នេះ​ថា​៖«​មកដល់ពេលនេះ​យើង​នៅ​រក្សា​(​ការបញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ចិន​)​ដដែល ហើយ​ភាគី​ចិន​បានរៀបចំ​គម្រោង​ផែនការ​ថ្មី គឺ​នៅ​ឆ្នាំក្រោយ​អាច​រួចរាល់​អ្វីៗ​ទាំងអស់ អ៊ីចឹង​យើង​អាច​បញ្ជូន​ទៅបាន​។ ប្រសិនបើ​បាន​មុន​ស៊ី​ហ្គេម​(​នៅ​វៀតណាម​)៤​ទៅ​៥​ខែ​ក៏​ល្អ​ដែរ​»​។ 
 
​បើ​គ្មាន​ការប្រែប្រួល​ទេ នៅ​ដើមឆ្នាំ​២០២១ ខាងមុខនេះ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ជាង​១០០​នាក់ ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រយៈពេល​វែង​។ ប៉ុន្តែ​គម្រោង​នេះ​អាច​ដំណើរ​ទៅបាន​តាម​ការគ្រោងទុក លុះត្រាតែ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក​មាន​ភាព​ធូរស្បើយ​។ 
 
​អគ្គលេខាធិការ​រូបនេះ ធ្លាប់​អះអាង​កន្លងមក​ថា ក្នុងករណី​មិនអាច​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ដោយសារ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​នឹង​ជួល​គ្រូបង្វឹក​បរទេស​មក​ប​ង្វឹ​កនៅ​ប្រទេស​កម្ពុជា​។​
 
​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​សម្រេច​ផ្អាក​ការលេង​កីឡា និង​ហាត់ប្រាណ​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ និង​ផ្អាក​ចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​ជា​បណ្តោះអាសន្ន​។ ការសម្រេច​បែបនេះ​រប​ស់​ក្រសួង ធ្វើឡើង​ក្រោយ​រកឃើញ​អង្គរក្ស​ម្នាក់ ដែលជា​គ្រូបង្វឹក​កីឡា​មួយ​ប្រភេទ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយ​លោក​បានការ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជា​កីឡាករ និង​មន្ត្រី​មួយចំនួន​។ 
 
​អង្គរក្ស​រូបនេះ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ រដ្ឋមន្ត្រីការបរទេស​រូបនេះ បាន​ជួប​ជាមួយ​សម្តេច ហ៊ុន សែន រដ្ឋមន្ត្រី និង​មន្ត្រី​ថ្នាក់ដឹកនាំ​មួយចំនួន និង​ក្រុម​អ្នកសារព័ត៌មាន​៕
 
 
 

Tag:
 SEA Games 2021
  វ៉ា​ត់ ចំរើន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com