សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ បន្ត​កាត់បន្ថយ​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្កា​នី​ស្ថាន ទោះ​រង​ការរិះគន់​ក្ដី
18, Nov 2020 , 9:59 pm        
រូបភាព
ទាហានអាមេរិក នៅអាហ្វហ្កានីស្ថាន។ រូបភាព៖AFP
ទាហានអាមេរិក នៅអាហ្វហ្កានីស្ថាន។ រូបភាព៖AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បានចេញ​បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ការកាត់បន្ថយ​ទ័ព​នេះ​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​នៅ​ថ្ងៃទី​១៧ វិច្ឆិកា​។ ដំបូង​ឡើយ លោក​ប្រធានាធិបតី ត្រាំ ចង់​ដកទ័ព​ទាំង​អស់ពី​ប្រទេស​ទាំងពីរ​នេះ ប៉ុន្តែ​រង​ការរិះគន់​គ្រប់​ទិស​ទាំង​ក្នុងចំណោម​សមាជិក​បក្ស​សាធារណរដ្ឋ​ខ្លួនឯង​។​

 
​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន អាមេរិក​មាន​កងទ័ព​ចំនួន​៤​ពាន់​៥​រយ​នាក់ ចំណែកឯ​នៅ​អ៊ឺ​រ៉ា​ក់​វិញ​អាមេរិក មាន​កងទ័ព​៣​ពាន់​នាក់​។ រដ្ឋបាល​លោក​ត្រាំ បានសម្រេច​កាត់បន្ថយ​កងទ័ព​២​ពាន់​នាក់​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន និង​៥​រយ​នាក់​ពី​អ៊ីរ៉ាក់​។​
 
«​នៅត្រឹម​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កងកម្លាំង​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​២​ពាន់​៥​រយ​នាក់ និង​២​ពាន់​៥​រយ​នាក់​ដូចគ្នា​នៅ​អ៊ីរ៉ាក់​»​។ រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ លោក Christopher Miller បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។ 
 
​ការដក​ទ័ព​ចេញពី​សមរភូមិ​ទាំងនេះ រង​ការជំទាស់​ខ្លាំង​ពី​សមាជិកសភា​អាមេរិក​បក្ស​សាធារណរដ្ឋ​។ លោក Mitch McConnell ប្រធាន​សម្លេង​ភាគច្រើន​ព្រឹទ្ធសភា លើកឡើងថា អាមេរិក​ត្រូវ​ប្រយ័ត្នប្រយែង​មិនត្រូវ​កែប្រែ​គោលនយោបាយ​ការពារជាតិ ឬ​ការបរទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៅមុខ​ឡើយ​។​លោក McConnell ក៏​បង្ហាញ​ជំហរ​ប្រឆាំងនឹង​ការកាត់បន្ថយ​កងទ័ព​នេះ​។​
 
​ដូចគ្នានេះដែរ​លោក Mac Thornberry សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​សភា​តំណាង ចាត់ទុក​ការកាត់បន្ថយ​ទ័ព​នេះ​ជា​កំហុស​។ លោក​ថា ការកាត់បន្ថយ​ទ័ព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ប៉ះពាល់​ដល់​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់ ដោយ​ក្រុម​នេះ​មិនទាន់បាន​បំពេញ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នៅឡើយ​ទេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ចំណែក​ក្រុមការងារ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន ពុំទាន់​មានការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ចូ បៃ​ឌិន​ធ្លាប់បាន​លើកឡើងថា អាមេរិក​ត្រូវតែ​បញ្ចប់សង្គ្រាម​ដោយមាន​ការទទួលខុសត្រូវ ដែល​អាច​ធានា​ការពារ​ការ​គំរាម​ទាំង​ក្នុងស្រុក​។ បើតាម​លោក បៃ​ឌិន ពលរដ្ឋ​អាមេរិក​ហត់នឿយ​នឹង​សង្គ្រាម​។​
 
​ដោយឡែក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាង អះអាងថា លោកស្រី​បារម្ភ​ពី​ការកាត់បន្ថយ​ទ័ព​ដែល​គ្មាន​ការសម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត NATO ។ លោកស្រី​បន្ថែមថា ការដក​ទ័ព​ដោយ​ប្រញាប់ប្រញាល់​ពេលនេះ នឹងធ្វើ​ឲ្យ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្លាយជា​សម្បុក​ភេរវកម្ម​ជាថ្មី​ម្តងទៀត​។​
 
​ទោះបីជា​លោក ត្រាំ ប្រកាស​ដកទ័ព​ក្ដី មន្ត្រី​មន្ទីរ​បញ្ច​កោណ​ពុំទាន់​បញ្ចេញ​ផែនការ​លម្អិត​នៃ​ការ​ដកទ័ព​នេះឡើយ​។ គេ​ឃើញ​មាន​សំណួរ​ជាច្រើន​ជុំវិញ​ប្រភេទ​កងទ័ព និង​បេសកកម្ម​បែបណា​ដែល​នឹងត្រូវ​ដកចេញ​។ បច្ចុប្បន្ន កងទ័ព​អាមេរិក​ជួយ​រក្សា​សន្តិសុខ ប្រឆាំង​ភេរវកម្ម និង​ផ្តល់យោបល់​យោធា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​៕
 
 

Tag:
 អាមេរិក​
 ​អ៊ីរ៉ាក់​
 ​អា​ហ្វ​ហ្កា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com